សារព័ត៌មាន ស្ត្រេតថាមស៍ បានរាយការណ៍ពីហេតុការណ៍គ្រោះថ្នាក់មួយ ជាឧទាហរណ៍ដាស់តឿនអ្នកចូលចិត្តជិះម៉ូតូធ្វើក្បាច់ប្លែកៗ ព្រោះមានកំលោះជនជាតិម៉ាឡេស៊ីម្នាក់ វ័យ ១៨ឆ្នាំ ជិះម៉ូតូធ្វើក្បាច់ដូច ស៊ូភើរមែនកំពុងហោះ ភ្លេចមើលភ្លើងស្តុប ទីបំផុតបុកជាមួយរថយន្ត បាក់កស្លាប់នៅនឹងកន្លែង។
ហេតុការណ៍នេះកើតឡើងនៅលើផ្លូវជាតិ លីម ចុង អ៊ឺ ក្នុងប្រទេសម៉ាឡេស៊ី នៅវេលាម៉ោង ៤កន្លះទៀបភ្លឺ នៃថ្ងៃអាទិត្យទី៤ មិថុនា គឺជាឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ ដែលបើកបរដោយយុវជនម្នាក់ឈ្មោះ មូហាំម៉ាត់ អាគិត វ័យ ១៨ឆ្នាំ មកពីតំបន់ បាលិកពូឡៅ។

តាមរយៈការត្រួតពិនិត្យបឋម គេបានដឹងថា រថយន្តកំពុងបត់ស្ដាំតាមសញ្ញាភ្លើងស្តុប ចំណែកម៉ូតូរបស់យុវស្ទាវមូហាំម៉ាត់វិញ បានបោះពួយតម្រង់មក ព្រមជាមួយរថយន្ត ១គ្រឿងទៀត ដោយទាំងគូ បានបើកតម្រង់មកយ៉ាងលឿន ចំរថយន្តដែលកំពុងបត់ស្ដាំនោះ រួចហើយម៉ូតូរបស់យុវស្ទាវមូហាំម៉ាត់ ក៏បុកម៉ាំងចំកណ្ដាលរថយន្តពេញមួយទំហឹង។

ហេតុការណ៍នេះ បណ្ដាលឱ្យអ្នកបើករថយន្តរងរបួសនៅលើដៃឆ្វេង ចំណែកយុវស្ទាវមូហាំម៉ាត់ អ្នកលេងម៉ូតូបានស្លាប់ភ្លាមៗនៅនឹងកន្លែង។ ខណៈពេលជាមួយគ្នា មានឃ្លីបវីដេអូខ្លីៗមួយ បានចែករំលែកនៅក្នុងបណ្ដាញសង្គម បង្ហាញឱ្យឃើញថា យុវស្ទាវមូហាំម៉ាត់យើង បានបើកម៉ូតូយ៉ាងលឿនដោយប្រើក្បាច់ដេកផ្កាប់បើកម៉ូតូ ធ្វើដូចស៊ូភើរមែនកំពុងហោះ លុះពេលជិតដល់ផ្លូវបំបែកភ្លើងស្តុប ដែលកំពុងប្ដូរទៅជាពណ៌ក្រហមនោះ រូបគេបានខំព្យាយាមចាប់ហ្វ្រាំង តែយឺតពេលទៅហើយ ព្រោះចំពេលដែលរថយន្ត ១គ្រឿង បានបើកបត់មកពីផ្លូវម្ខាងទៀត ធ្វើឱ្យបុកគ្នាយ៉ាងខ្លាំង និងបង្កការខូចខាតដូចបានរៀបរាប់រួចមកហើយនោះតែម្ដង។
អាជ្ញាធរប៉ូលិសនៃប្រទេសម៉ាឡេស៊ី បានអំពាវនាវដល់ក្រុមយុវជនដែលនិយមបើកម៉ូតូដោយប្រើក្បាច់ប្លែកៗទាំងឡាយ សូមឱ្យបញ្ឈប់ទង្វើដែលបង្កគ្រោះថ្នាក់ដល់ខ្លួនឯង និងអ្នកដទៃនេះជាបន្ទាន់ ដើម្បីសន្តិសុខ និងសណ្ដាប់ធ្នាប់ចរាចរណ៍៕

