Sunday, October 1, 2023

ពិតជា​វីរៈ​បុរស​មែន! អ្នកសង្គ្រោះ​នេប៉ាល់ លី​អ្នក​ឡើងភ្​នំ​ជនជាតិ​ម៉ាឡេ​ស៊ី ជាប់​គាំង​នៅ​កំពូលភ្នំ «មរណៈ» Everest ក្នុងរយៈ​កម្ពស់​ដ៏​កម្រ

spot_img

អ្នកឡើងភ្នំជនជាតិម៉ាឡេស៊ីម្នាក់ ត្រូវបានជួយសង្គ្រោះដោយមគ្គុទ្ទេសក៍ជនជាតិនេប៉ាល់ បន្ទាប់ពីគាត់ត្រូវបានគេរកឃើញថា កំពុងជាប់នឹងខ្សែពួរ និងញ័រខ្លួនពីភាពត្រជាក់ខ្លាំងនៅក្នុងតំបន់មួយហៅថា «តំបន់មរណៈ» ដូចដែលបានចែករំលែកដោយ The Straits Times ។

ចាប់តាំងពីពេលនោះមក ប្រតិបត្តិការនេះត្រូវបានចាត់ទុកថាជា «ការជួយសង្គ្រោះដ៏កម្រ» ដោយមន្ត្រីរដ្ឋាភិបាលនេប៉ាល់។

អ្នកសារព័ត៌មានឯករាជ្យ Saurabh Sharma តាមរយៈគណនី Twitter របស់ខ្លួន បានបង្ហាញពីសកម្មភាពការជួយសង្គ្រោះរបស់លោក Gelje Sherpa ខណៈដែលគាត់បានលីបុរសអ្នកឡើងភ្នំម៉ាឡេស៊ីនោះពីក្រោមកំពូលភ្នំ Everest ដែលសីតុណ្ហភាពអាចធ្លាក់ចុះដល់ដក ៣០ អង្សាសេ ឬទាបជាងនេះ។

គាត់បានសរសេរថា «Gelje ជនជាតិនេប៉ាល់អាយុ ៣០ ឆ្នាំ បានលឺអ្នកឡើងភ្នំជនជាតិម៉ាឡេស៊ី ចម្ងាយ ៦០០ ម៉ែត្រ ចុះពីតំបន់ Balcony ទៅកាន់ South Col ក្នុងរយៈពេលប្រហែល ៦ ម៉ោង ជាកន្លែងដែល Nima Tahi Sherpa ដែលជាមគ្គុទ្ទេសក៍ម្នាក់ទៀត បានចូលរួមការជួយសង្គ្រោះនេះផងដែរ»។

លោក Sharma ក៏បានឲ្យដឹងថា លោក Gelje ក៏កំពុងនាំយកអតិថិជនជនជាតិចិនម្នាក់ ទៅកាន់កំពូល Everest កម្ពស់ ៨,៨៤៩ ម៉ែត្រ កាលពីថ្ងៃទី១៨ ខែឧសភា ហើយនៅពេលនោះ គាត់ក៏បានប្រទះឃើញអ្នកឡើងភ្នំម៉ាឡេស៊ី កំពុងប្រឈមគ្រោះថ្នាក់ និងត្រូវការការជួយសង្គ្រោះជីវិតយ៉ាងខ្លាំង។

លោក Gelje បាននិយាយថា «យើងបានរុំអ្នកឡើងភ្នំនោះនៅក្នុងកន្ទេលដេក ដោយអូសគាត់នៅលើព្រិល ឬលីគាត់លើខ្នងរបស់យើងទៅកាន់ជំរុំ III»។

ឧទ្ធម្ភាគចក្រ​ដែល​ប្រើ​ខ្សែ​វែង​ បន្ទាប់​មក​បាន​លើក​គាត់ចេញ​ពី​ជំរុំ III កម្ពស់ ៧,១៦២ ម៉ែត្រ ​ចុះ​ទៅ​ជំរំ​មូលដ្ឋានវិញ។

មន្ត្រី​នាយកដ្ឋាន​ទេសចរណ៍ Bigyan Koirala បាន​ចែករំលែកថា៖ «វាស្ទើរតែមិនអាចទៅរួចទេ ក្នុងការជួយសង្គ្រោះអ្នកឡើងភ្នំនៅកម្ពស់ខ្ពស់បែបបជ។ វា​ជា​ប្រតិបត្តិការ​ដ៏​កម្រ​មួយ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img