ភ្នំពេញ ៖ ស្ត្រីម្នាក់ជិះម៉ូតូដឹកកូនប្រុសទៅរកទិញគ្រឿងម៉ូតូឲ្យប្តី ស្រាប់តែរថយន្តស្ទូចបើកស្របទិសកៀរ បណ្តាលឲ្យដួលខ្ទាតកូនប្រុសម្នាក់ ចូលក្រោមកង់រថយន្តកិនបាត់បង់ជីវិត បន្ទាប់មករថយន្តបានបើករត់បាត់។
ហេតុការណ៍ខាងលើកើតឡើងតាំងពីវេលាម៉ោង ៩ព្រឹក ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ នៅតាមផ្លូវបេតុង ភូមិព្រៃល្វា សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។
ក្មេងប្រុសរងគ្រោះ ឈ្មោះ ជ័យ ពន្លឺ អាយុ៤ឆ្នាំ មានឪពុក ឈ្មោះ ជ័យ ពន្លក អាយុ៣៥ឆ្នាំ មុខរបរជាងជួសជុលម៉ូតូ ម្តាយឈ្មោះ ស្រេង ស្រីតូច អាយុ៣២ឆ្នាំ មុខរបរ មេផ្ទះ ។ ក្មេងប្រុសរូបនេះគឺជាកូនទី៣ ក្នុងចំណោមបងប្អូន៤នាក់ និងមានទីលំនៅក្នុងភូមិព្រៃសណ្តែក សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតភូមិស្វាយទាប ឃុំអំពិលក្រៅ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ។
ស្ត្រីជាម្តាយបានឲ្យដឹងថា នៅមុនកើតហេតុគាត់បានជិះម៉ូតូម៉ាកNiO ពណ៌ខ្មៅ ពាក់ផ្លាកលេខ សៀមរាប 1E-9792 ឌុបកូនប្រុស២នាក់ ដោយឲ្យកូនរងគ្រោះអង្គុយក្រោយឱបកូនពៅអាយុជាង១ខួប ធ្វើដំណើរតាមផ្លូវបេតុងព្រៃសណ្តែក ពីលិចទៅកើត ទៅទិញគ្រឿងម៉ូតូឲ្យប្តី។ លុះពេលទៅដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តស្ទូច បើកស្របបទិសគ្នាវ៉ាជែង ហើយបានកៀរនិងទាក់ដៃចង្កូតម៉ូតូគាត់ បណ្ដាលឲ្យដួលខ្ទាតកូនប្រុសចូលក្រោមកង់រថយន្តកិនស្លា.ប់តែម្ដង។
ស្រ្តីជាម្ដាយរូបនោះបាននិយាយទៀតថា ខណៈនោះអ្នកបើកបររថយន្តបានចុះមើលដែរ បន្ទាប់មកក៏ឡើងបើករថយន្តគេចបាត់ស្រមោល ចំណែកគាត់រវល់តែភិតភ័យពេក មិនអាចឃាត់រថយន្តនោះបានឡើយ។ ពេលនោះដោយមិនអស់ចិត្តថាកូនស្លា.ប់ក៏គាត់បានយកកូនទៅកាន់មន្ទីរពេទ្យឯកជន ប៉ុន្តែពីមួយកន្លែងទៅមួយកន្លែង ពេទ្យអត់ហ៊ានទទួល ទើបដឹកទៅកាន់ពេទ្យកុមារជាតិ ប៉ុន្តែពេលទៅដល់គ្រូពេទ្យ បានប្រាប់ថាកូនគាត់ស្លា.ប់បាត់ទៅហើយ ក្រោយមកបានដឹកសពកូនត្រលប់មកផ្ទះវិញ ប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ ស្រាវជ្រាវ រករថយន្តបង្កខាងលើ៕ រក្សាសិទ្ធដោយ ៖ សួង សាម