នេះជារឿងថ្មី ធ្វើឲ្យភ្ញាក់ផ្អើលទៀតហើយ ខណៈមានជនបោកប្រាស់វ័យចំណាស់ម្នាក់ បានបន្លំខ្លួនធ្វើជាខាងរដ្ឋបាលខណ្ឌ ដោយយកសំបុត្របុណ្យសពគេនៅកំពង់ធំ ថាជាបុណ្យសពឪពុកម្តាយលោកចៅហ្វាយខណ្ឌ ដើររៃអង្គារលុយតាមផ្ទះប្រជាពលរដ្ឋ ជាពិសេសតាមទីតាំងអាជីវកម្ម និងក្រុមហ៊ុនឯកជននានា នៅក្នុងសង្កាត់បឹងទំពន់១ ខណ្ឌមានជ័យ។
ជាក់ស្តែង តាមរយៈវីដេអូឃ្លីបហាងមួយកន្លែង នៅវេលាម៉ោង ៩ និង៤៤ នាទី ព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ បានបង្ហាញឲ្យឃើញបុរសវ័យចំណាស់ម្នាក់នោះ ស្ថិតក្នុងសម្លៀកបំពាក់ទុយនុយខោសអាវសឡើងហំ ទំនងជាអ្នកធ្វើការរាជការតែម្តង បានចុះពីម៉ូតូ (ប្រហែលម៉ូតូឌុប) កាន់សឺមីដើរចូលក្នុងហាង រួចដកសំបុត្រភ្លាមៗ ហុចឲ្យម្ចាស់ហាង ដោយបានប្រាប់ថា «អូន! ប្រធានរដ្ឋបាលខណ្ឌ ជម្រាបបុណ្យ៧ថ្ងៃសពឪពុកលោកចៅហ្វាយខណ្ឌផង បានអញ្ជើញទៅ ឬ ចូលបុណ្យឲ្យហើយ ជម្រាបបានដឹងផង និងបានបញ្ជាក់ថា នេះធ្វើទៅតាមការណែនាំរបស់រដ្ឋបាលខណ្ឌ»។
តាមរយៈរូបភាពបន្លំខ្លួនដ៏មិននឹកស្មានដល់នេះ យើងក៏មិនដឹងថា ជនវ័យចំណាស់រូបនោះ បានដើរបោកប្រាស់ទឹកចិត្តប្រជាពលរដ្ឋអ្នកធ្វើបុណ្យ អស់ប៉ុន្មានកន្លែងនោះទេ។ ហេតុនេះ ប្រសិនបើបងប្អូនបានជួបករណីនេះ សូមប្រញាប់រាយការណ៍ទៅសមត្ថកិច្ច និងត្រូវគិតពិចារណា មុននឹងចូលបុណ្យ ព្រោះគ្មានគោលការណ៍រដ្ឋបាលខណ្ឌឯណា ឲ្យដើរហៅបុណ្យបែបនេះនោះឡើយ។
សូមរម្លឹកថា កាលពីឆ្នាំ២០២០ ក៏មានករណីកើតឡើងផងដែរ ដោយជនខូចម្នាក់ បានដើរ រៃអង្គាស បច្ច័យ តាមផ្ទះ និងពី ម្ចាស់ អាជីវកម្ម នានា នៅក្នុងមូលដ្ឋានសង្កាត់ទាំង៥ នៃខណ្ឌចំការមន ដោយ ប្រើវិធីបោកប្រាស់ដូចគ្នាថា យកទៅ ចូល បុណ្យសព ឪពុក អភិបាល ខណ្ឌ ដោយធ្វើតាមការណែនាំរបស់រដ្ឋបាលខណ្ឌ។ តែទោះជាយ៉ាងណា បន្ទាប់មក ខាងរដ្ឋបាលខណ្ឌចំការមន បានធ្វើការបដិសេធ និងច្រានចោលចំពោះសកម្មភាពនេះទាំងស្រុង និងព្រមទាំងថ្កោលទោសជនដើរបោកប្រាស់ថោកទាបនោះផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង