ភ្នំពេញ៖ ប្រធានទីភ្នាក់ងារបារំាង AFD បានអះអាងថា ខ្លួននៅតែរក្សាកិច្ចសហប្រតិបត្តិការហិរញ្ញប្បទានលើវិស័យអាទិភាពដែលមានស្រាប់ចំពោះប្រទេសកម្ពុជា ដែលផ្តោតទៅលើគោលដៅសំខាន់បី រួមមាន៖ ១. ការអភិវឌ្ឍដែលបន្សាំទៅនឹងបម្រែបម្រួលអាកាសធាតុ និងកាត់បន្ថយការបំភាយឧស្ម័នកាបូន, ២. ការចូលរួមបង្កើតការងារ និងកំណើនសេដ្ឋកិច្ច, និង៣. ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាព និងអភិបាលកិច្ចល្អ។

លោក Philippe LE HOUEROU (ហ្វីលីប ឡឺ វីរូ) ប្រធានក្រុមប្រឹក្សាភិបាលនៃទីភ្នាក់ងារដើម្បីអភិវឌ្ឍន៍បារាំង AFD ក្នុងជំនួបជាមួយ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគូសបញ្ជាក់ថា បារាំង នឹងនៅតែបន្តគាំទ្រដល់កិច្ចសហប្រតិបត្តិការដែលមានស្រាប់ ដើម្បីចូលរួមចំណែកដ៏សំខាន់ ក្នុងការធ្វើប្រតិបត្តិការ ក្នុងការកាត់បន្ថយភាពក្រីក្រ ពង្រឹងសុខមាលភាពសង្គម និងជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសកំពុងអភិវឌ្ឍន៍ ពិសេសប្រទេសកម្ពុជា ដោយផ្តោតជាសំខាន់ទៅលើការបម្រែបម្រួលអាកាសធាតុ ហិរញ្ញវត្ថុបៃតង ស្របតាមខ្លឹមសារនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស។

ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានឲ្យដឹងថា ក្នុងនាមជាដៃគូអភិវឌ្ឍន៍ដ៏មានសារៈសំខាន់, បារាំង តាមរយៈ AFD បានផ្តល់ហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការ ឥណទានសម្បទាន ជំនួយបច្ចេកទេស និងហិរញ្ញប្បទានឥតសំណង ក្នុងការអភិវឌ្ឍនៅកម្ពុជា ដោយផ្តោតលើវិស័យកសិកម្ម សុខាភិបាល វប្បធម៌ បរិស្ថាន មីក្រូហិរញ្ញវត្ថុ ជំនួយបចេ្ចកទេស ទេសចរណ៍ ទឹកស្អាត អប់រំ និងថាមពល (អគ្គិសនីកម្ពុជា)។

ឯកឧត្តម បានបន្តថា កម្ពុជាខិតខំប្រឹងប្រែងកែទម្រង់លើគ្រប់ផ្នែក គ្រប់វិស័យ ដាក់ចេញនូវយុទ្ធសាស្ត្រនានា ដើម្បីទាក់ទាញវិនិយោគិន ដោយសម្រួល និងបង្កើតបរិយាកាសអំណោយផលដល់ការធ្វើអាជីវកម្ម និងការវិនិយោគ តាមរយៈការដាក់ឲ្យអនុវត្តនូវច្បាប់ស្ដីពីវិនិយោគ, ច្បាប់ស្ដីពីភាពជាដៃគូរវាងរដ្ឋ និងឯកជន, និងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ ដើម្បីធ្វើបរិវត្តកម្មឌីជីថល (Digital Transformation) ក្នុងវិស័យសាធារណៈ និងឯកជន ដើម្បីជំរុញល្បឿននៃការស្តារសេដ្ឋកិច្ចជាតិឱ្យបានលឿន។

កម្ពុជា បានដាក់ចេញនូវគោលនយោបាយសំខាន់ៗមួយចំនួនទៀត ដូចជា៖ គោលនយោបាយសារពើពន្ធ ដើម្បីជំរុញការប្រើប្រាស់យាន្តជំនិះដែលមិនប៉ះពាល់ដល់បរិស្ថាន, គោលនយោបាយជាតិស្ដីពីប្រសិទ្ធិភាពថាមពល, យុទ្ធសាស្ត្រអភិវឌ្ឍសហគ្រាសធនតូច និងមធ្យមឆ្នាំ២០២២-២០២៦ ជាដើម៕





