ខេត្តស្វាយរៀង ៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀងនារសៀលថ្ងៃព្រហស្បតិ៍ ១៥រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨នេះបានដាក់ចេញនូវវិធានការណ៍ចាំបាច់នានាដល់កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ គ្រប់អង្គភាពពាក់ព័ន្ធ និងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក ត្រូវរួមសហការគ្នាការពារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សម្រាប់ដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ដោយប្រើប្រាស់កម្លាំងសរុប ដើម្បីការពារដំណើរការនេះឲ្យបានល្អប្រសើរ ប្រព្រឹត្តទៅដោយរលូន ទាំងនៅក្នុងពេលឃោសនា ពេលបោះឆ្នោត ពេលរាប់សន្លឹកឆ្នោត និងក្រោយពេលបោះឆ្នោត ព្រមទាំងត្រូវមានវិធានការបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនូវរាល់បទល្មើសគ្រប់ប្រភេទ ក៏ដូចឧបាយកល ឬ/និងសកម្មភាពរារាំង ដែលប៉ុនប៉ងបំផ្លិចបំផ្លាញ ឬធ្វើឲ្យរាំងស្ទះដល់ដំណើរការរៀបចំការបោះឆ្នោត ។
លោកអភិបាលខេត្តនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្វាយរៀងបានដាក់ចេញនូវវិធានការណ៍ទាំងនេះខណៈដែលលោកបានអញ្ជើញជាអធិបតីនៅក្នុងកិច្ចប្រជុំស្ដីពីកិច្ចការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងកិច្ចការពារការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នាសាលប្រជុំរបស់សាលាខេត្តស្វាយរៀង ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីលោកនាយករដ្ឋបាលសាលាខេត្ត លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកអភិបាលក្រុង ស្រុក លោក លោកស្រីប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត នាយកទីចាត់ការចំណុះសាលាខេត្ត ព្រមទាំងអស់លោក លោកស្រី ដែលជាសមាជិក សមាជិកាគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ។
មានប្រសាសន៍ក្នុងឱកាសនោះ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានថ្លែងនូវការអរគុណ និងការកោតសរសើរចំពោះកងកម្លាំងប្រដាប់អាវុធ អាជ្ញាធរក្រុង ស្រុក និងគ្រប់អង្គភាពពាក់ព័ន្ធទាំងអស់ ដែលបានអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវ និងចូលរួមចំណែកយ៉ាងសកម្មជាមួយរដ្ឋបាលខេត្ត ក្នុងការថែរក្សាការពារសន្តិសុខ សុវត្ថិភាពបានយ៉ាងល្អប្រសើរ ជាពិសេសក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោត នារយៈពេលមួយសប្ដាហ៍កន្លងមកនេះ ឃើញថាពុំមានអ្វីកើតឡើងដែលធ្វើឲ្យប៉ះពាល់ដល់ដំណើរការឃោសនានោះឡើយ ពោលគឺបានប្រព្រឹត្តទៅដោយរលូន និងស្ងប់ស្ងាត់ល្អ ។
ជាចុងបញ្ចប់ លោកអភិបាលខេត្ត បានធ្វើការផ្ដាំផ្ញើដល់មន្ទីរ-អង្គភាព និងអាជ្ញាធរមូលដ្ឋាន ត្រូវបន្តយកចិត្តទុកដាក់ដោះស្រាយបញ្ហា និងវិស័យនានាស្ថិតនៅក្រោមការទទួលខុសត្រូវ និងសមត្ថកិច្ចរបស់ខ្លួន ដែលកើតមាននៅមូលដ្ឋានឲ្យបានទាន់ពេលវេលា ឆ្លើយតបនឹងសំណើសំណូមពរ របស់បងប្អូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័សប្រកបដោយប្រសិទ្ធភាព ជាពិសេសការបម្រើសេវាសាធារណៈឲ្យបានល្អចៀសវាងនូវរាល់សកម្មភាពដែលបង្កឲ្យមានការថ្នាំងថ្នាក់ផ្សេងៗ ៕ វ៉ៃកូ