Sunday, October 1, 2023

អុញ! អា​ម៉ី ចេញមុខ​ព្រលះ​ខ្លាំង​ៗ​មិន​ខ្លា​ច​គុក ចោទ​ថា ចែ​គេន និង​ប្អូនថ្លៃ យ៉ុង ក​ណ្ណិ​កា ប្រឌិត​រឿង បង្ខំ​ធ្វើបាប​ខ្លួន​ឲ្យ​សារភាព​ដាក់ «ផ្លូវ​ក្នុង» ព្រោះតែ…

spot_img

ដូចដែលប្រិយមិត្តជាច្រើន បានទទួលជ្រាបរួចហើយ ដែលកាលពីពេលកន្លងទៅថ្មីៗនេះ ម្ចាស់ហាងសាឡនដ៏ល្បី ចែគេន បានជួបទុក្ខដ៏ក្រៀមក្រំ ដោយសារស្វាមីជាទីស្រលាញ់ បានបាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៍ដ៏មិននឹកស្មាន រវាងម៉ូតូធំ និងម៉ូតូសង់ ខណៈប្រជាពលរដ្ឋរស់នៅកន្លែងកើតហេតុ ក៏បានសម្តែងការហួសចិត្តថា អាតូចមិនស្លាប់ បែរស្លាប់អាធំ (ត្រៃ) ហើយជិះបុកគ្នាទាំងកណ្តាលផ្លូវកែងទៀតផង ស្ថិតនៅក្បែរវត្តភ្នៀត ក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។

តែអ្វីដែលមិននឹកស្មាននោះ គឺក្រោយសពប្តី ចែគេន ត្រូវបានក្រុមគ្រួសាររៀបចំបញ្ចុះទុកដាក់រួចរាល់ យកជើងធូបមកដល់ផ្ទះភ្លាម សែនឲ្យប្តីរួច គឺគ្រប់យ៉ាងបានដឹងទាំងអស់ ក្នុងនោះរឿងដែលស្លុតរន្ធត់ខ្លាំងបំផុតនោះ គឺ ចែគេន ជាប្រពន្ធបានរកឃើញ «ខោលីអូ» មួយថង់ (ក្នុងនោះលីអូ១ឡើងគគ្រិចខ្លាំង) ត្រូវបានគេយកទៅបង្កប់ក្នុងបន្ទប់ជាន់ទី៤ ដោយដាក់ពីលើទូរស័ព្ទប្តីរបស់ ចែគេន ហើយករណីនេះត្រូវបានគ្រូអប៉ីជំនឿបានប្រាប់ថា នេះគឺជាវិធី «ផ្លូវក្នុង» ដើម្បីធ្វើបាបទៅលើក្រុមគ្រួសារថៅកែហាងសាឡនរូបនេះ ឲ្យជួបគ្រោះថ្នាក់ និងការរកស៊ីធ្លាក់ចុះដុនដាបតែម្តង។

បន្ទាប់មក ចែគេន ក៏ឡាយវីដេអូជាមួយប្អូនថ្លៃរបស់ខ្លួន អ្នកនាង យ៉ុង កណ្ណិកា រយៈពេលជាង ៤ ម៉ោង រៀបរាប់ពីរឿងរ៉ាវ និងបង្ហាញមុខអ្នកធ្វើ «ផ្លូវក្នុង» នេះ គឺជាបុគ្គលិក និងជាដៃឆ្វេងជាងសាឡនរបស់ខ្លួនតែម្តង។ ពិតណាស់ តាមរយៈវីដេអូ សួរនាំ នារីជាកូនចៅរូបនោះ ដែលមានឈ្មោះថា អាម៉ី បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើរឿងនេះមែន ដោយអះអាងថាគេជួលឲ្យយកថង់លីអូ ទៅដាក់បែបនេះ ក្នុងតម្លៃ ២៥០០ ដុល្លារ។

ទោះជាយ៉ាងណា ក្រោយត្រូវបានបញ្ចេញពីផ្ទះប៉ុន្មានថ្ងៃ ស្រាប់តែពេលនេះ អាម៉ី បានចេញវីដេអូបញ្ចេញសំឡេងខ្លាំងៗ ដោយនិយាយមិនខ្លាចជាប់គុកថា តាមពិតទៅ រូបនាងត្រូវបានថៅកែសាឡន ចែគេន និងប្អូនស្រី អ្នកនាង យ៉ុង កណ្ណិកា មានបំណងធ្វើបាប ព្រោះប្រហែលដឹងថាខ្លួនដឹងរឿងផ្ទៃក្នុងច្រើនពេក (អ្នកណា ដើរដេកជាមួយអ្នកណា…) ដោយធ្វើទារណកម្មយកដំបូងឆក់មូស វាយក្បាល និងបង្ខំឲ្យនិយាយសារភាពថាពិតជាបានធ្វើ «ផ្លូវក្នុង» បែបនេះមែន តែតាមពិត គឺគ្រាន់តែជាការប្រឌិតរឿងឡើង ដើម្បីចង់បាន View ឡើងកប់ ដើម្បីឆក់ឱកាសលក់ផលិតផលរបស់ពួកខ្លួនប៉ុណ្ណោះ។

ជុំវិញរឿងនេះ រហូតមកទល់ពេលនេះ គេនៅមិនឃើញខាងភាគី ចែគេន និងប្អូនថ្លៃអ្នកនាង យ៉ុង កណ្ណិកា ចេញមុខធ្វើការឆ្លើយតប ឬ ត្រូវប្រឈមជាមួយអតីតបុគ្គលិកស្រីរូបនេះជាថ្មីនៅឡើយទេ។ ដូចនេះ ប្រិយមិត្តទាំងអស់គ្នា មានតែរង់ចាំមើលថា តើរឿងនេះប្រឌិតពិតដូចមាត់ អាម៉ី ស្រែកក្តែងៗ ឬយ៉ាងណា!?៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img