រដ្ឋធានីបារីស៖ បច្ចុប្បន្ន ប្លាស្ទិក ក្លាយជាឧបករណ៍មួយប្រភេទ មានភាពងាយស្រួលប្រើប្រាស់ សម្រាប់ជីវិតប្រចាំថ្ងៃរបស់មនុស្សទូទៅ ប៉ុន្ដែកាកសំណល់រាប់លានតោនរបស់វា បានហូរចាក់ទៅតាមទន្លេ ស្ទឹង បឹងបួ មុននឹងហូរទៅដល់សមុទ្រ ហើយវាកំពុងតែបង្កផលប៉ះពាល់យ៉ាងខ្លាំង មកដល់បរិស្ថាន មកលើភពផែនដីនេះ។
សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី៩ ខែមិថុនា ថា ជារៀងរាល់ឆ្នាំ ផលិតផលប្លាស្ទិក ប្រហែលជា៤០០លានតោន ត្រូវបានផលិត នៅទូទាំងពិភពលោក។ ប៉ុន្ដែនៅក្នុងចំណោមផលិតផលទាំងនោះ មានប្រហែលពាក់កណ្ដាល ត្រូវបានប្រើប្រាសជាសម្ភារផ្សេងៗ ដូចជា ថង់ ពែង ឬ កែវ និង សម្ភារវេចខ្ចប់ផ្សេងៗទៀត … ជាដើម។ ចំណែកកាកសំណល់ប្លាស្ទិកទាំងនេះ ប្រហែលចន្លោះពី៨លានទៅ១០ លានតោន បានហូរទៅកាន់សមុទ្រ ជារៀងរាល់ឆ្នាំ។ ប្រសិនបើគេនិយាយ អំពីកម្រាស់ថង់ប្លាស្ទិកទាំងនោះ អាចនឹងគ្របដណ្តប់គ្រប់គ្រាន់ សម្រាប់ផ្ទៃដី ទំហំ ១១ ០០០គីឡម៉ែត្រការ៉េ ហើយវាស្មើនឹងប្រហែលទំហំប្រទេសតូចៗ ជាច្រើន មានដូចជា កាតារ(Qatar) ចាម៉ៃកា (Jamaica) ឬ បាហាម៉ា(Bahamas)។

ជាមួយនឹងអត្រាដ៏ច្រើននេះ នៅក្នុងរយៈពេលជាង៥០ឆ្នាំ កាកសំណល់ប្លាស្ទិក អាចនឹងបង្កើតទៅជាតំបន់ដ៏ធំមួយ មានទំហំជាង ៥៥០ ០០០គីឡូម៉ែត្រការ៉េ ហើយវាមានទំហំប្រហាក់ប្រហែលនឹងប្រទេសបារាំង ថៃ និង អ៊ុយក្រែន។
ដើម្បីលើកកម្ពស់ ដល់ការយល់ដឹង អំពីសារៈសំខាន់របស់មហាសមុទ្រ និង លើកកម្ពស់នូវការដឹង អំពីការប្រើប្រាស់ ហើយកិច្ចការពារ ប្រកបដោយនិរន្តរភាពនោះ ទើបអង្គការសហប្រជាជាតិ បានសម្រេចកំណត់យក ថ្ងៃទី៨ ខែមិថុនា ជាទិវាមហាសមុទ្ររបស់ពិភពលោក។

ប្លាស្ទិក ក្លាយជាទម្រង់ទូទៅបំផុត នៃកាកសំណល់សំរាម នៅក្នុងមហាសមុទ្រ ដោយមានប្រហែល៨០ភាគរយ នៃការបំពុលសមុទ្រទាំងអស់។ កាកសំណល់ប្លាស្ទិក ភាគច្រើន បានហូរចាក់ទៅកាន់មហាសមុទ្រ ដោយសារតែប្រព័ន្ធទុកដាក់សំរាមមិនត្រឹមត្រូវ និង ការចោលសំរាម នៅក្នុងទន្លេ ព្រែកស្ទឹង និង បឹងបួ។
ក្រៅតែពីថង់ប្លាស្ទិក ធុងជ័រ និង ភាគល្អិតតូចៗ ដែលគេស្គាល់ថា មីក្រូប្លាស្ទិក ក៏ធ្វើដំណើរចូលទៅក្នុងសមុទ្រផងដែរ។ មីក្រូប្លាស្ទិក មានប្រវែងតូចជាង៥មិល្លីម៉ែត្រ ក៏ក្លាយជាកង្វល់ដ៏ធំបំផុតមួយ សម្រាប់បរិស្ថាន ព្រោះវាអាចត្រូវបានប្រើប្រាស់ ដោយជីវិតសត្វ នៅក្នុងសមុទ្រ ហើយវាកំពុងតែបង្កគ្រោះថ្នាក់ ដល់ជីវិតមនុស្ស និងសត្វ។ បច្ចុប្បន្ន មីក្រូប្លាស្ទិក ប្រមាណចន្លោះពី៥០ទៅ៧៥ពាន់ពាន់លាន កំពុងតែស្ថិតក្នុងសមុទ្រ។

អង្គការស្រាវជ្រាវវិទ្យាសាស្រ្ដឈានមុខ បានសិក្សា នៅក្នុងឆ្នាំ២០២១ រកឃើញ ថា ប្លាស្ទិក ប្រហែល៨០ភាគរយ ដែលបានរកឃើញ នៅក្នុងមហាសមុទ្រ កើតចេញពីទ្វីបអាស៊ី។ ចំណែកប្រទេសហ្វីលីពីន ត្រូវគេជឿ ថា ជាប្រភពកាកសំណល់ប្លាស្ទិក ជាង១ភាគ៣ ឬប្រហែល៣៦,៤ភាគយ នៃកាកសំណល់ប្លាស្ទិក នៅក្នុងសមុទ្រ។ ចំណែកប្រទេសបន្ទាប់ រួមមាន ឥណ្ឌា មានប្រហែល១២,៩ភាគរយ ខណៈម៉ាឡេស៊ី មានប្រហែល៧,៥ភាគរយ ហើយចិន មានប្រហែល ៧,២ភាគរយ និង ឥណ្ឌូណេស៊ី ប្រហែល ៥,៨ភាគរយ៕ រក្សាសិទ្ធដោយ ៖ សារាយSN





















