នាងក្រមុំចិនម្នាក់ វ័យ ៣០ឆ្នាំ ត្រូវបុរសដែលបានណាត់ជួបមុខគ្នា បដិសេធស្នេហ៍ ដល់ទៅ ៥នាក់ ដោយសារតែមិនចូលចិត្ត “ធ្មេញចង្កូមទាំង ២ខាង” របស់នាង…ឪពុកម្ដាយប្រាប់ទៅធ្វើធ្មេញឡើងវិញ ក៏មិនព្រម។
បច្ចុប្បន្ននេះ រូបរាងមុខមាត់ បានក្លាយជាបច្ច័យមួយសំខាន់ខ្លាំងណាស់ វាហុចផលប៉ះពាល់ដល់ការស្រឡាញ់ពេញចិត្តក្នុងគ្រាជួបមុខគ្នាដំបូង និងថែមទាំងជារឿងមួយក្នុងចំណោមកត្តាគួបផ្សំផ្សេងទៀត ដែលប្រើសម្រាប់ការសម្រេចចិត្តរបស់មនុស្សដែលកំពុងស្វែងរកគូទៀតផង។

ជាពិសេសក្នុងការណាត់ជួបលើកដំបូង ដែលម្នាក់ៗអាចបានឃើញមុខគ្នាជាលើកដំបូង…បើសិននរណាម្នាក់មានរូបរាងមុខមាត់ល្អស្អាត វានឹងក្លាយជារឿងងាយ ដែលនឹងទាក់ទាញចំណាប់អារម្មណ៍ និងធ្វើឱ្យគូណាត់ ពេញចិត្តចំពោះខ្លួនយើងបាន។
ស្ត្រីចិន វ័យ ៣០ឆ្នាំម្នាក់ បានចែករំលែកបទពិសោធន៍ការណាត់ជួបមុខគ្នាលើកដំបូងដ៏អាក្រក់បំផុតមួយ នៅពេលដែលនាងត្រូវបានបដិសេធពីបុរសជាច្រើននាក់ ជាប់ៗគ្នាជាច្រើនដង ដោយសារតែ “ធ្មេញចង្កូមទាំងសងខាង” ទាំងដែលនាងក្រមុំយើង មានមុខមាត់ស្រស់ប្រិមប្រិយ៍ និងរូបរាងកាយល្អស្អាតទៀតផង។
ក្រុមគ្រួសាររបស់នាងក្រមុំ មានក្ដីកង្វល់យ៉ាងខ្លាំង ព្រោះអាយុរបស់នាង ក៏ច្រើនដល់ទៅ ៣០ទៅហើយ អាចនិយាយបានថា ដូចជារាងយឺតពេលបន្តិចហើយ សម្រាប់ការកសាងគ្រួសារ ព្រោះអាយុប៉ុននេះ អ្នកនៅក្នុងភូមិរបស់នាង ក្លាយជាម្ដាយគេអស់ទៅហើយ។

ក្រុមគ្រួសាររបស់នាង បានដឹងយ៉ាងច្បាស់ថា ការត្រូវបុរសបដិសេធស្នេហ៍ជាច្រើនដងនោះ គឺដោយសារតែ “ធ្មេញចង្កូមទាំងសងខាង” របស់នាងហ្នឹងឯង ទើបពួកគាត់អង្វរ និងសំណូមពរឱ្យនាងក្រមុំទៅរៀបចំធ្មេញជាថ្មី ឱ្យបានល្អ តែសាមីខ្លួនបដិសេធ។
ស្ត្រីរូបនេះជឿថា នេះវាគ្រាន់តែជាផ្នែកមួយនៃរាងកាយរបស់នាងដែលខុសប្លែកពីមនុស្សដទៃប៉ុណ្ណោះ និងគិតថា “មនុស្សអស្ចារ្យ ដែលធ្លាក់មកពីស្ថានសួគ៌ ត្រូវតែមានរូបរាងមុខមាត់មិនដូចគេដូច្នេះឯង”
ក្រៅពីនេះ បើសិនជាបុរសណាស្រឡាញ់នាងពិតប្រាកដមែន គេច្បាស់មិនខ្វល់ពីរឿងធ្មេញនេះប៉ុន្មានទេ និងអ្វីដែលសំខាន់បំផុត ស្ត្រីរូបនេះ មានហ្វ៊ែនក្លិប ហ្វូឡូ នៅក្នុងបណ្ដាញសង្គមអនឡាញ ច្រើនដល់ទៅជាង ២សែននាក់ឯណោះ ដែលទាំងអស់នេះ គឺត្រូវអរគុណដល់ធ្មេញចង្កូម ១គូនេះឯង៕




