វិនាទីញាប់ញ័រ ក្មេងតូចចងខ្សែខ្លួនឯងជាប់នឹងពពែ…មនុស្សដើរចូលជណ្ដើរយន្តមុន តែពពែនៅខាងក្រៅ ទីបំផុតជណ្ដើរយន្តទាញចៅឡើងទៅលើអាកាស…ហេតុការណ៍នោះ កើតឡើងលឿនខ្លាំងណាស់ ប៊ិះកើតហេតុការណ៍រន្ធត់។
តាមរបាយការណ៍បានឱ្យដឹងថា ឧប្បត្តិហេតុកើតឡើងកាលពីថ្ងៃទី៦ មិថុនាកន្លងទៅ នៅក្នុងទីក្រុងឈឹងទូ មណ្ឌលសេឈួន ប្រទេសចិន។ លោកតាបាននាំចៅប្រុសឡើងជណ្ដើរយន្ត ដោយចៅប្រុសមានដឹកពពែ ១ក្បាលមកជាមួយផង…ក្មេងតូចយកចុងខ្សែម្ខាង ចងជាប់នឹងរាងកាយខ្លួនឯង ចំណែកចុងខ្សែម្ខាងទៀត ចងជាប់នឹងកពពែ នេះគឺប្រភពបង្ក ឱ្យកើតហេតុការណ៍ភ័យញាប់ញ័រក្នុងគ្រានោះ។

តាមរយៈកាមេរ៉ាសុវត្ថិភាព គេមើលឃើញថា លោកតា និងក្មេងប្រុស បានដើរចូលមកក្នុងជណ្ដើរយន្តមុនរួចហើយ ហើយចៃដន្យទ្វារជណ្ដើរយន្តស្រាប់តែបិទទៅវិញ មុនពេលសត្វពពែ ១ក្បាលនោះដើរចូលមកដែរ ហើយនៅពេលជណ្ដើរយន្តរំកិលខ្លួនចុះ ធ្វើឱ្យរាងកាយរបស់ក្មេងតូចដែលចងខ្លួនឯងជាមួយសត្វពពែនោះ ត្រូវខ្សែទាញឱ្យអណ្ដែតឡើងទៅលើយ៉ាងឆាប់រហ័ស។

លោកតាដែលឃើញហេតុការណ៍នេះ ពោរពេញដោយក្ដីភិតភ័យញាប់ញ័រ និងឆ្លេឆ្លា គាត់ព្យាយាមចុចកុងតាក់ដើម្បីឱ្យទ្វារជណ្ដើរយន្តបើកឡើងវិញ តែដោយក្ដីភិតភ័យញាប់ញ័រខ្លាំងពេក គាត់មិនអាចចុចកុងតាក់ជណ្ដើរយន្តឱ្យបានត្រឹមត្រូវឡើយ…តែ មួយភ្លែតតមក គាត់ក៏ស្ទុះទៅជួយស្រាយចំណងចេញពីខ្លួនចៅ ហើយសំណាងល្អណាស់ ដែលអាចស្រាយបានទាន់ពេលវេលា ធ្វើឱ្យគ្មានអ្នកណារងរបួសធ្ងន់ធ្ងរក្នុងឧប្បត្តិហេតុនេះ។
ក្រោយពីឃ្លីបហេតុការណ៍ដ៏មហាភិតភ័យមួយនេះ ត្រូវបានអាប់ឡូតទៅក្នុងអ៊ីនធើណិត អ្នកលេងបណ្ដាញសង្គមទាំងឡាយ នាំគ្នាភ័យបែកញើសគ្រប់ៗគ្នាចំពោះស្ថានការណ៍របស់ក្មេងប្រុសក្នុងគ្រានោះ និងថែមទាំងមានខំមិនត៍ជាច្រើនទៀត បានបង្ហាញពីការនឹកកង្វល់ពីសត្វពពែដែលនៅខាងក្រៅជណ្ដើរយន្តទៀតផង៕











