ថ្មីៗនេះ លោក GP Singh មេប៉ូលីសរដ្ឋ Assam ប្រទេសឥណ្ឌា បានប្រកាសថា មន្ត្រីប៉ូលីសលើសទម្ងន់ នឹងត្រូវធ្វើការវាស់វែង BMI របស់ពួកគេ ចាប់ពីពាក់កណ្តាលខែសីហា។ ហើយបន្ទាប់ពីនោះ អ្នកដែលមាន BMI នឹងត្រូវបានចាត់ថ្នាក់ “ធាត់” គឺត្រូវតែធ្វើលំហាត់ប្រាណ ដើម្បីកាត់បន្ថយសន្ទស្សន៍នេះ មុនខែវិច្ឆិកា ពុំដូច្នោះទេនឹងត្រូវបញ្ចេញចេញពីការងារតែម្តង។
លោក Singh បាននិយាយតាមរយៈបណ្តាញសង្គម Twitter កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាម២០២៣ ថា “យើងនឹងផ្តល់ឱ្យមន្រ្តីប៉ូលីសរដ្ឋ Assam ទាំងអស់ ក្នុងរយៈពេល៣ខែ ដើម្បីរៀបចំមុនពេលចាប់ផ្តើមវាស់ BMI ។ អ្នកដែលមាន BMI ចាប់ពី 30 ឬខ្ពស់ជាងនេះ នឹងត្រូវបានចាត់ថ្នាក់ថាធាត់ ហើយផ្តល់ពេល 3 ខែទៀត ដើម្បីសម្រកទម្ងន់”។
លោក Singh បាននិយាយថា ខ្លួនគាត់ផ្ទាល់នឹងក្លាយជាប៉ូលីសដំបូងគេនៅក្នុងរដ្ឋ Assam ដើម្បីវាស់ BMI ។ លើសពីនេះ មន្ត្រីដែលមានលក្ខខណ្ឌវេជ្ជសាស្ត្រត្រឹមត្រូវ ដូចជា hyperthyroidism នឹងមិនត្រូវបានតម្រូវឱ្យអនុវត្តតាមសំណើនេះទេ។
លោក Singh បានធ្វើសេចក្តីប្រកាសនេះ គឺបន្ទាប់ពីនាយករដ្ឋមន្ត្រីរដ្ឋ Assam លោក Himanta Biswa Sarma បានប្រកាសថា មន្ត្រីប៉ូលីសរដ្ឋប្រហែល ៣០០ នាក់ ដែលមានទម្លាប់ផឹកស្រាមិនគោរពតាមស្តង់ដាររាងកាយ នឹងត្រូវចូលនិវត្តន៍មុនកាលកំណត់។
មុននេះ បើយោងតាមទីភ្នាក់ងារសារព័ត៌មាន Times of India ប៉ូលីសរដ្ឋ Assam មួយចំនួនត្រូវបានព្យួរពីការងារ ដោយសារស្រវឹងនៅពេលបំពេញកាតព្វកិច្ច។
កាលពី៥ឆ្នាំមុន មន្ត្រីប៉ូលីសជាន់ខ្ពស់ជាច្រើនរូប នៅក្នុងរដ្ឋ Karnataka ក៏ត្រូវបានស្នើសុំឱ្យបញ្ចុះទម្ងន់ ឬប្រឈមមុខនឹងការស្តីបន្ទោសផងដែរ។ វិធានការនេះធ្វើឡើង គឺបន្ទាប់ពីមន្ត្រីប៉ូលិសជាន់ខ្ពស់មួយចំនួន បានស្លាប់ដោយ «ជំងឺរបៀបរស់នៅ» ដូចជាជំងឺបេះដូង និងជំងឺទឹកនោមផ្អែម។
សូមបញ្ជាក់ថា កាលពីអំឡុងឆ្នាំ២០១៩ មន្ត្រីប៉ូលីសដែលមានសញ្ញាលើសទម្ងន់នៅទូទាំងប្រទេសថៃ ត្រូវបានបញ្ជូនទៅមជ្ឈមណ្ឌលហ្វឹកហ្វឺនប៉ូលីស នៅទីក្រុង Pak Chong ខេត្ត Nakhon Natchasima ដើម្បីអនុវត្តសម្រកទម្ងន់បានលឿនបំផុត ជាមួយរបបអាហារ និងការលត់ដុំហាត់ប្រាណដ៏តឹងរ៉ឹង។
យោងតាមស្ថិតិ ទោះបីជាជាកម្មវិធីសាកល្បងក៏ដោយ តែវាបានទាក់ទាញប៉ូលីសជាង ២០០ នាក់ ឱ្យចូលរួម។ ជាលទ្ធផល ពួកគេជាច្រើនបានស្រកទម្ងន់ដោយជោគជ័យពី ៨០ គីឡូក្រាម ទៅប្រហែល ៦០ គីឡូក្រាម ជាមួយនឹងរាងកាយដ៏រឹងមាំ និងសាច់ដុំ ៦ pack៕ រក្សាសិទ្ធិដោយ៖ លឹម ហុង