ក្មេង ៤នាក់ បានរួចជីវិតយ៉ាងមិនគួរឱ្យជឿ ក្រោយបាត់ខ្លួនសូន្យឈឹងនៅក្នុងព្រៃអាម៉ាហ្សូន ៤០ថ្ងៃ។ អាជ្ញាធរផ្ដុំកម្លាំងរុករក ក្រោយធ្លាក់យន្តហោះកណ្ដាលព្រៃជ្រៅ។
កាលពីថ្ងៃទី៩ មិថុនាកន្លងទៅ ទីភ្នាក់ងារព័ត៌មាន CNN បានរាយការណ៍ថា ក្មេងជនជាតិដើម ៤នាក់ដែលបាត់ខ្លួននៅក្នុងព្រៃអាម៉ាហ្សូន ក្រោយពីយន្តហោះធុនតូច ១គ្រឿងបានធ្លាក់នៅកណ្ដាលព្រៃជ្រៅ កាលពីជាង ១ខែមុន ពេលនេះត្រូវបានរកឃើញថា នៅមានជីវិតយ៉ាងគួរឱ្យអស្ចារ្យ ក្រោយពីត្រូវរស់នៅក្នុងព្រៃយ៉ាងឯកោ កណ្ដោចកណ្ដែង យូរដល់ទៅ ៤០ថ្ងៃ…នេះគឺជាដំណឹង ដែលសាងក្ដីត្រេកអរដល់ប្រជាជនកូឡុំបៀ ដែលបានតាមដានស្ថានការណ៍ប្រតិបត្តិការរុករកកុមារបាត់ខ្លួនទាំងនោះនៅក្នុងព្រៃជ្រៅជាង ១ខែកន្លងមកនេះ។

របាយការណ៍ បានឱ្យដឹងថា ក្មេងទាំង ៤នាក់ មានអាយុ ១៣ឆ្នាំ, ៩ឆ្នាំ, ៤ឆ្នាំ និង ១ឆ្នាំ ពួកគេបានជាប់នៅក្នុងព្រៃជ្រៅ ក្រោយកើតឧប្បត្តិហេតុធ្លាក់យន្តហោះធុនតូចមួយកណ្ដាលព្រៃភ្នំ កាលពីថ្ងៃទី១ ខែឧសភាកន្លងទៅ ដោយអាជ្ញាធរបានរកឃើញថា មនុស្សធំទាំង ៣នាក់ ដែលរួមដំណើរមកជាមួយក្មេងៗទាំងនោះបានស្លាប់ទាំងអស់ រួមទាំងម្ដាយរបស់ក្មេងៗទាំងនោះផង។ ខាងកងទ័ពកូឡុំបៀ បានផ្ដុំកម្លាំងរាប់រយនាក់ រួមទាំងក្រុមជនជាតិដើមភាគតិច ដែលស្គាល់ភូមិសាស្ត្រក្នុងតំបន់នោះ ចំនួន ៧០នាក់ទៀត ចាប់ផ្ដើមប្រតិបត្តិការរុករកក្មេងៗ ដែលពួកគេគិតថានៅមានជីវិត។

តាមរយៈតម្រុយដែលទទួលបានកន្លងមក ឈុតប្រតិបត្តិការរុករក បានរកឃើញស្លាកស្នាម និងវត្ថុតាងផ្សេងៗដូចជា ស្បែកជើង បំណែកខោទឹកនោមដែលប្រើហើយ រួមទាំងដបទឹកដោះគោទៀតផង តែ ក៏នៅតែមិនទាន់ជួបប្រទះក្មេងទាំងនោះនៅឡើយ។ ទោះជាសមាជិកក្នុងក្រុមគ្រួសារ បានផ្ដល់ព័ត៌មានថា កុមារដែលធំជាងគេ មានបទពិសោធន៍ក្នុងការចេះដោះខ្លួនយករួចជីវិតនៅក្នុងព្រៃខ្លះៗមែន តែនៅពេលដែលពេលវេលាកន្លងទៅច្រើនសប្ដាហ៍បែបនេះ សេចក្ដីសង្ឃឹមដែលថា នឹងបានឃើញក្មេងទាំងនោះនៅមានជីវិត ហាក់ដូចជាកាន់តែថយចុះជាលំដាប់។

កណ្ដាលព្រៃជ្រៅ ដែលពេញទៅដោយគ្រោះថ្នាក់គ្រប់បែបយ៉ាង ទាំងសត្វព្រៃកំណាច ទាំងក្រុមអ្នកដឹកជញ្ជូនថ្នាំញៀន រួមទាំងស្ថានការណ៍ដែលត្រូវតែរំដោះខ្លួនឱ្យរួចជីវិត ពី ១ថ្ងៃ ទៅ ១ថ្ងៃទៀតផងនោះ ទីបំផុត ភាពអស្ចារ្យក៏កើតមាន ដោយនៅក្នុងអំឡុងពេលព្រឹកថ្ងៃទី១០ មិថុនាកន្លងទៅ លោកប្រធានាធិបតីនៃប្រទេសកូឡុំបៀ បានប្រកាសព័ត៌មានតាមរយៈធ្វីតធើរផ្ទាល់ខ្លួនរបស់លោកថា…
“គឺជាសេចក្ដីត្រេកអររបស់ប្រជាជនយើងទូទាំងប្រទេស កុមារ ៤នាក់ដែលបាត់ខ្លួននៅក្នុងព្រៃកូឡុំបៀ កាលពី ៤០ថ្ងៃមុន នៅមានជីវិតនៅឡើយ!”
លោកប្រធានាធិបតី បានបន្ថែមទៀតថា ការរៀនយល់ដឹងរបស់ក្មេងៗតាមរយៈក្រុមគ្រួសារដែលជាជនជាតិកុលសម្ព័ន្ធដើម និងការរៀនយល់ដឹងពីការរស់នៅក្នុងព្រៃ បានជួយជីវិតពួកគេ…ក្មេងៗទាំងនោះ គឺជាកូនចៅរបស់ព្រៃភ្នំយ៉ាងពិតប្រាកដ។
ចំណែកលោកតារបស់កុមារទាំងនោះ បានទទួលស្គាល់ថា គាត់ជាមួយភរិយា មិនបានគេងសម្រាកជាច្រើនថ្ងៃមកហើយ ព្រោះព្រួយបារម្ភពីចៅៗ។ កាលពីពេលកន្លងៗមក ការរស់រានមានជីវិតរបស់ក្មេងៗទាំងនោះ គឺស្ថិតនៅក្នុងក្រញាំដៃរបស់ព្រៃភ្នំ ហើយទីបំផុត ព្រៃភ្នំ បានសម្រេចចិត្តបញ្ជូនពួកគេមកឱ្យយើងវិញ។
សម្រាប់ស្ថានភាពរបស់ក្មេងទាំងនោះ ត្រូវបានដឹងថា មានអាការនឿយល្វើយយ៉ាងខ្លាំង ត្រូវការអាហារ ដែលចាប់ពីពេលនេះទៅ អាជ្ញាធរ នឹងបញ្ជូនក្មេងៗទាំងនោះទៅថែទាំព្យាបាល ព្រមទាំងវាយតម្លៃពីស្ថានភាពរាងកាយ និងផ្លូវចិត្តនៅឯមន្ទីរពេទ្យជាបន្ត៕

