Tuesday, March 17, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

១០នាទីនៃក្ដីភិតភ័យញាប់ញ័រ…នាងក្រមុំម្នាក់រៀបរាប់ពីស្ថានការណ៍ជាប់ក្នុងជណ្ដើរយន្តយូរជាង ១០នាទី ក្នុងអគារខ្ពស់បំផុតមួយក្នុងទីក្រុង

នាងក្រមុំបុគ្គលិកក្រុមហ៊ុនម្នាក់ បានរៀបរាប់ពីហេតុការណ៍ដ៏សែនភិតភ័យញាប់ញ័រ ក្នុងឱកាសត្រៀមខ្លួនចុះទៅជាន់ក្រោម ដើម្បីហ្វឹកហាត់ពីវិធីសង្គ្រោះពេលមានអគ្គិភ័យ តែសុខៗ ស្រាប់តែជណ្ដើរយន្ត គាំងង៉ក់! នៅត្រឹមជាន់ទី២៤…ក្ដីញាប់ញ័រភិតភ័យនៅក្នុងភាពងងឹត សឹងគ្មានខ្យល់ដកដង្ហើម បានកើតឡើង…គឺជារយៈពេល ១០នាទីដែលចងចាំមិនថ្ងៃភ្លេច។

កាលពីថ្ងៃទី៩ មិថុនាកន្លងទៅថ្មីៗនេះ វេបសាយ SAOstar បានរាយការណ៍ពីហេតុការណ៍ដ៏សែនភិតភ័យញាប់ញ័រមួយ នៅក្នុងអគារខ្ពស់បំផុតមួយនៅក្នុងទីក្រុង ក្រោយពីសុខៗ ស្រាប់តែជណ្ដើរយន្ត បានខូចកណ្ដាលផ្លូវ នៅត្រឹមជាន់ទី២៤ បណ្ដាលឱ្យក្រុមបុគ្គលិកដែលស្ថិតនៅពេញក្នុងប្រអប់ជណ្ដើរយន្ត ត្រូវរង់ចាំការជួយសង្គ្រោះដោយក្ដីភិតភ័យញាប់ញ័របំផុត។

ហេតុការណ៍នេះ កើតឡើងនៅក្នុងអគារ ខៀងណាំ លែនម៉ាក៧២ ជាអគារដែលខ្ពស់ជាងគេបំផុតនៅក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម ដោយសារតែក្នុងខណៈពេលនោះ មានការកោះហៅបុគ្គលិកតាមផ្នែកមួយចំនួន ឱ្យចុះទៅកាន់ជាន់ទី១ ដើម្បីហ្វឹកហាត់ពីរបៀបការពារសុវត្ថិភាព និងពន្លត់អគ្គិភ័យបឋម តែក្នុងអំឡុងពេលនោះ បែរជាកើតមានការដាច់ចរន្តអគ្គិសនីយ៉ាងទាន់ហន់ ធ្វើឱ្យមនុស្សជាច្រើននាក់ បានជាប់នៅក្នុងជណ្ដើរយន្តប្រអប់។

ស្ត្រីវ័យ ២៦ឆ្នាំម្នាក់ ដែលស្ថិតនៅក្នុងហេតុការណ៍ បានរៀបរាប់ថា ក្នុងអំឡុងម៉ោងប្រមាណជា ១១.៣០នាទី រូបនាង និងមនុស្សជាង ១០នាក់ទៀតកំពុងជិះជណ្ដើរយន្ត ពីជាន់ទី៣១ ដើម្បីចុះទៅជាន់ក្រោមបំផុតរបស់អគារ តែពេលជណ្ដើរយន្តមកដល់ជាន់ទី២៤ ចរន្តអគ្គិសនីទូទាំងអគារ ក៏រលត់ភ្លិបយ៉ាងទាន់ហន់ភ្លាមៗតែម្ដង។ ពេលនោះជណ្ដើរយន្ត ក៏គាំងងឹកនៅមួយកន្លែង និងរលត់ភ្លើងភ្លឹប!…ភាពងងឹតបានចូលមកគ្របដណ្ដប់ពេញក្នុងប្រអប់ជណ្ដើរយន្ត ដែលពេញណែនដោយមនុស្ស។ កង្ហារបឺតខ្យល់ និងម៉ាស៊ីនត្រជាក់ លែងធ្វើការ…និងក្រោយពីកើតហេតុការណ៍នេះបានមួយស្របក់ មនុស្សម្នាចាប់ផ្ដើមភិតភ័យញាប់ញ័រ និងដកដង្ហើមមិនរួច…។

ភ្លាមៗនោះ មានអ្នកទូរស័ព្ទផ្ដល់ដំណឹងទៅខាងអ្នកបច្ចេកទេសរបស់អគារដើម្បីសុំការជួយសង្គ្រោះ មុននឹងបានទទួលដំណឹងមកវិញថា ខណៈនេះប្រព័ន្ធអគ្គិសនីកំពុងរអាក់រអួល ព្រមទាំងសូមឱ្យទាំងអស់គ្នាចិត្តត្រជាក់ៗក្នុងអំឡុងពេលដែលក្រុមជាងកំពុងជួសជុលនេះ។

នៅក្នុងចំណោមអ្នកដែលជាប់នៅក្នុងជណ្ដើរយន្តនេះ មានម្នាក់ គឺជាមន្ត្រីដែលជាគ្រូបង្ហាត់ពីចំណេះដឹងក្នុងកិច្ចការងារការពារអគ្គិភ័យ និងការជួយសង្គ្រោះ។ រូបគេបានជួយសាងភាពជឿជាក់ដល់បុគ្គលិកទាំងអស់ ដែលជាប់នៅក្នុងជណ្ដើរយន្ត រួមទាំងទំនាក់ទំនងទៅខាងក្រៅ ដើម្បីជួយកែកុនស្ថានការណ៍នេះទៀតផង។

នាងក្រមុំរូបនោះ បានឱ្យដឹងទៀតថា នាងធ្លាប់ឃើញរឿងបែបនេះតែនៅក្នុងខ្សែភាពយន្តប៉ុណ្ណោះ មិននឹកស្មានថាត្រូវមកជួបដោយខ្លួនឯងបែបនេះសោះ។ ជណ្ដើរយន្តគាំងនៅត្រឹមជាន់ទី២៤នេះ ជាង ១០នាទី និងសំណាងល្អណាស់ ដែលពេលនោះមានមន្ត្រីជំនាញខាងជួយសង្គ្រោះស្ថិតនៅក្នុងជណ្ដើរយន្តដែរ ទើបគ្រប់គ្នាព្យាយាមស្ងប់សតិអារម្មណ៍ មិនឱ្យភិតភ័យភ្ញាក់ផ្អើល និងដកដង្ហើមស្រាលៗ ដើម្បីកុំឱ្យខ្យល់អុកស៊ីហ្ស៊ែនឆាប់អស់លឿនពេក។

ក្រោយកន្លងផុតទៅជាង ១០នាទី ចរន្តអគ្គិសនី ក៏នៅតែមិនទាន់អាចវិលមកប្រើការបាននៅឡើយ ទើបមានបុរសម្នាក់ ព្យាយាមគាស់ទ្វារជណ្ដើរយន្ត ឱ្យរបើកឡើង ហើយវាក៏ជាសំណាងល្អមួយដែរ ព្រោះជណ្ដើរយន្ត បានមកគាំងនៅត្រង់មាត់ទ្វារជាន់ទី២៤ល្មម ទើបធ្វើឱ្យពេលទ្វារជណ្ដើរយន្តរបើកឡើង គ្រប់គ្នាក៏អាចចេញមកខាងក្រៅបាន ដោយប្រើពេលមិនយូរប៉ុន្មាន និងមិនមានអ្នករងរបួសពីហេតុការណ៍នេះឡើយ៕

×