Tuesday, March 17, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉ាម៉ាក់កុំប្រហែសឱ្យសោះ! បទពិសោធន៍កូនតូច បៀមកាក់លេង ស្រាប់តែធ្លាក់ចូលបំពង់់ក ពេលជួយទះខ្នងឱ្យវាធ្លាក់មកវិញ វាបែជាធ្លាក់ចូលទៅក្នុងពោះ…

រឿងនេះទុកជាឧទាហរណ៍សម្រាប់លោកឪពុកអ្នកម្ដាយ ដែលមានកូនតូចៗ ត្រូវតែចេះប្រុងប្រយ័ត្ន កុំឱ្យរបូតពីភ្នែកឱ្យសោះ ជាពិសេសវត្ថុតូចៗ ដែលក្មេងៗអាចយកមកបៀមលេងក្នុងមាត់ដោយមិនដឹងថា វាអាចបង្កគ្រោះថ្នាក់បានឡើយ។

ករណីនេះ អ្នកស្រី អាភីនយ៉ា ជាជនជាតិថៃម្នាក់ បានចែករំលែកបទពិសោធន៍ នៅពេលដែលកូនតូចរបស់អ្នកស្រី បានលេងកូនជ្រូកសន្សំកាក់ និងបានយកកាក់មកបៀមលេងក្នុងមាត់ ហើយភ្លេចខ្លួន កាក់ក៏ធ្លាក់ចូលបំពង់ក…ដោយអ្នកស្រីបានរៀបរាប់ដូចតទៅ…

កាលពីថ្ងៃទី៥ ឧសភាកន្លងទៅ ម៉ាក់កំពុងអង្គុយធ្វើការតាមធម្មតា ឯកូនក៏កំពុងលេងរបស់លេងតែម្នាក់ឯង។ កូនបានយកកូនជ្រូកសន្សំកាក់មក ដើម្បីញាត់កាក់ចូលបន្ថែម។ ជាធម្មតា កូនលេងជាមួយកូនជ្រូកនេះតាំងពីអាយុ ១ខួបមកម្ល៉េះ ឱ្យតែបានកាក់ គឺដឹងតែប្រញាប់យកទៅញាត់កូនជ្រូកភ្លាមតែម្ដង ហើយរហូតមកដល់ពេលនេះ អាយុ ៤ឆ្នាំទៅហើយ កូនក៏នៅតែញាត់កាក់ចូលកូនជ្រូកដដែល មិនដែលបៀមកាក់លេង និងមិនដែលយកវត្ថុអ្វីដាក់ចូលមាត់ឡើយ។ តែសុខៗ នៅម៉ោងប្រហែលជា ៦ល្ងាច កូនដើរមករកម៉ាក់ និយាយមិនចេញសំឡេង ព្រមទាំងលើកដៃចង្អុលមាត់ខ្លួនឯង។

បង្ហាញអាកប្បកិរិយាថា ដូចមានអ្វីជាប់នៅក្នុងបំពង់ក មុខឡើងក្រហម ដកដង្ហើមមិនរួច…ម៉ាក់ក៏ចាប់កូនឱ្យគេងផ្កាប់មុខ ហើយគក់ខ្នងកូនខ្លាំងៗ ដើម្បីឱ្យវត្ថុនោះ របូតធ្លាក់មកវិញ…គក់ ៤-៥ដង រហូតដល់កូនស្រែកយំឡើង តែវត្ថុនោះមិនឃើញរបូតជ្រុះមកវិញទេ ទើបនឹកប្រាកដក្នុងចិត្តថា ប្រហែលជាវាធ្លាក់ចូលទៅក្នុងពោះហើយ។ លុះពេលសាកសួរទៅ ទើបដឹងថា វាជាកាក់ ១បាត។ បន្ទាប់ពីនោះក៏ប្រញាប់នាំទៅមន្ទីរពេទ្យ ដើម្បីថត X-ray មើល។

សំណាងល្អណាស់ លទ្ធផលនៃការថត X-ray បានបង្ហាញថា កាក់នោះ បានធ្លាក់ចូលទៅក្នុងក្រពះហើយ ហើយគ្រូពេទ្យប្រាប់ថា បើវាធ្លាក់ចូលទៅក្នុងក្រពះអ៊ីចឹង គឺមិនអីទេ ឱ្យរង់ចាំរយៈពេល ៧ថ្ងៃ នៅពេលកូនបត់ជើង វានឹងចេញមកដោយឯកឯង តែបើ ៧ថ្ងៃហើយ នៅតែមិនធ្លាក់ចេញមក ហើយកូនបង្ហាញអាការថា ចុកពោះផងនោះ ប្រហែលជាត្រូវវះកាត់ ដើម្បីយកកាក់នោះចេញហើយ។

ពេលត្រឡប់មកដល់ផ្ទះវិញ កូនបន្ទោបង់ប្រក្រតី និងមិនមានអាការឈឺចុកពោះអ្វីឡើយ។ តែ ៥ថ្ងៃកន្លងទៅ គ្មានសញ្ញាណាមួយបង្ហាញថា កាក់នឹងជ្រុះចេញមកវិញសោះ…លុះនៅម៉ោង ៥ទៀបភ្លឺនៃថ្ងៃទី៦ កូនតូចឈឺពោះ និងបត់ជើងចេញមក…លើកនេះអ្នកម្ដាយត្រេកអរយ៉ាងខ្លាំង ព្រោះឃើញមានកាក់ចេញមកជាមួយ វាធ្វើឱ្យអ្នកម្ដាយបានធូរទ្រូង និងសប្បាយចិត្តយ៉ាងខ្លាំង។

អ្នកស្រីបន្តថា ចាប់ពីពេលនេះទៅ រាងចាលហើយ លែងហ៊ានឱ្យកូនលេងកាក់ ឬវត្ថុតូចៗអ្វីទៀតហើយ ហើយនិងតាមមើលថែទាំ មិនឱ្យផុតពីភ្នែកទៀតឡើយ។ សំណាងល្អណាស់ដែលថ្ងៃនោះ ម៉ាក់អង្គុយនៅត្រង់នោះដែរ ទើបជួយកូនបានទាន់ពេលវេលា។ ដូច្នេះសូមឪពុកម្ដាយទាំងឡាយ កុំប្រហែសឱ្យសោះ កុំទុកចិត្តកូនថា មិនចេះបៀមអ្វីឱ្យសោះ សូមមើលថែទាំកូនតូចឱ្យបានល្អ៕

×