មើលទុកជាឧទាហរណ៍…កូនអើតក្បាលចេញក្រៅឡាន ម្ដាយមិនបានមើល ចុចកញ្ចក់ឡានបិទ កៀបកកូនស្រី…អ្នកនៅក្បែរនោះ ឮសូរសំឡេងស្រែក ប្រញាប់ស្ទុះទៅជួយ ខំប្រឹងរុញកញ្ចក់ចុះ ឱ្យក្មេងបានដកដង្ហើម…
តាមរបាយការណ៍ បានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី៧ មិថុនាកន្លងទៅ នៅក្នុងទីក្រុងក្វាងចូវ មណ្ឌលក្វាងទុង ប្រទេសចិន ក្នុងអំឡុងពេលតែជាង ៣០វិនាទីតែប៉ុណ្ណោះ តែធ្វើឱ្យស្ត្រីជាម្ដាយម្នាក់ រួមទាំងមនុស្សគ្រប់គ្នាដែលនៅទីនោះ ភិតភ័យ តឹងដើមទ្រូង រហូតស្ទើរតែដកដង្ហើមមិនរួច និងបានទទួលការចាប់អារម្មណ៍យ៉ាងច្រើនពីអ្នកលេងបណ្ដាញសង្គម។

នៅក្នុងឃ្លីបដែលបានពីកាមេរ៉ាសុវត្ថិភាពបានបង្ហាញថា រថយន្ត ១គ្រឿងបានបើកចូលមកក្នុងយានដ្ឋានជួសជុលរថយន្តមួយ បន្ទាប់ពីនោះស្ត្រីជាម្ដាយ ដែលជាអ្នកបើកឡាន បានចុចកុងតាក់បិទកញ្ចក់ឡាន ដោយមិនបានដឹងថា កូនស្រីតូចរបស់ខ្លួន កំពុងតែអើតក្បាលចេញក្រៅ បណ្ដាលឱ្យកញ្ចក់រំកិលឡើងមក កៀបបំពង់ករបស់ក្មេងស្រី រហូតដល់នាងតូចស្រែកយ៉ៃឡើងភ្លាត់សំឡេងតែម្ដង។
អ្នកដែលស្ថិតក្នុងហេតុការណ៍ និងបានឮសំឡេងក្មេងតូចស្រែក ម្នាក់ៗនាំគ្នាប្រញាប់រត់មកមើលស្ថានការណ៍…ពេលឃើញថា ក្មេងតូចកំពុងមានបញ្ហា ក៏ស្ទុះចូលទៅជួយភ្លាមតែម្ដង…។

បុរស ២-៣នាក់ បានព្យាយាមជួយគ្នាសង្កត់កញ្ចក់ចុះយ៉ាងខ្លាំង ដើម្បីកុំឱ្យបំពង់ករបស់ក្មេងស្រី ត្រូវកៀបខ្លាំងរហូតដល់ដកដង្ហើមលែងរួច ខណៈដែលស្ត្រីជាម្ដាយ ប្រញាប់ស្ទុះចូលទៅក្នុងរថយន្តវិញ ដើម្បីចុចកញ្ចក់ឡានចុះ។
ក្រោយពីប្រើពេលប្រមាណជា ២០វិនាទី ទីបំផុត រាងកាយរបស់ក្មេងស្រីតូច ក៏មានសុវត្ថិភាពឡើងវិញ ដោយមិនមានរងគ្រោះថ្នាក់អ្វីធ្ងន់ធ្ងរឡើយ តែហេតុការណ៍នោះ បានធ្វើឱ្យអ្នកដែលបានឃើញគ្រប់គ្នា រួមទាំងអ្នកលេងបណ្ដាញសង្គមដ៏ច្រើនផងនោះ មានអារម្មណ៍សោកស្ដាយចំពោះវាសនារបស់ក្មេងស្រីតូច និងបានដាស់តឿនអាណាព្យាបាលទាំងឡាយ ឱ្យប្រុងប្រយ័ត្ន និងមើលថែទាំកូនៗតូចៗឱ្យបានល្អ ជាពិសេសពេលពួកគេនៅក្នុងឡានតែម្នាក់ឯង៕



















