ស្ត្រីជនជាតិចិនម្នាក់ ដែលខំនាំគ្នាទៅគាំទ្រ និងជួយហូប នៅភោជនីយដ្ឋានមិត្តភក្តិ តែបែរជាធ្វើនាងត្រូវខកចិត្ត និងជូរចត់យ៉ាងខ្លាំង បន្ទាប់ពីដឹងថា អាហារដែលមិត្តភ័ក្តិជាម្ចាស់ហាង បានកុម្ម៉ង់ទុកមុនមានតម្លៃដល់ទៅ 7,472 យន់ (ប្រហែល 1000$) ដែលពិតជាគួរឲ្យហួសចិត្តយ៉ាងខ្លាំង។
Chen មកពីទីក្រុង Shenzhen ខេត្ត Guangdong បានបង្ហើបថា នាងមានគម្រោងណាត់ជួបជុំមិត្តភ័ក្តិមួយក្រុម។ ដោយសារមិត្តភក្តិប្រុសម្នាក់ ជាម្ចាស់ភោជនីយដ្ឋាន ដូច្នេះ នាងក៏បានជ្រើសរើសទៅជួបជុំគ្នានៅហាងរបស់គាត់។ Chen បន្តថា ពេលពិនិត្យមើលតម្លៃពីម៉ឺនុយអនឡាញ បានរកឃើញថា តម្លៃអាហារជាមធ្យមគឺ ៤២០ យន់ (ប្រហែល ៥៨ ដុល្លារ) ក្នុងម្នាក់ ដែលនាងគិតថា អាចទទួលយកបាន។
ប៉ុន្តែពេលថ្ងៃមកដល់ នាងពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដឹងថា មុខម្ហូបធំមួយត្រូវបានរៀបចំជាមុន រួមមាន ១១ ចាន ស្រាក្រហមមួយដប បង្អែម និងផ្លែឈើ។ ទោះជាយ៉ាងណា នាងមិនបានគិតច្រើនទេពីដំបូង។
ប៉ុន្តែបន្ទាប់មក នាងភ្ញាក់ផ្អើល ពេលឃើញវិក្កយបត្រអាហារ តម្លៃខ្ពស់ដល់ទៅ ៧,៤៧២ យន់ (ប្រហែល ១០០០ ដុល្លារ) រួមទាំងថ្លៃសេវា ៧០០ យន់ (ជិត ១០០ ដុល្លារ)។
Chen បានបញ្ចេញឲ្យដឹងថា ខ្យងសមុទ្រ និងត្រសក់សមុទ្រ ត្រូវបានរកឃើញថាមានត្លៃថ្លៃជាងគេ គឺ 1,760 យន់ (ជាង ២០០ដុល្លារ) ខណៈដែលមុខម្ហូបធម្មតាផ្សេងទៀតក៏មានតម្លៃច្រើនដែរ ដូចជាដំឡូងជ្វា 98 យន់ (14 ដុល្លារ)។ ត្រប់ឆ្អិន 128 យន់ (20 ដុល្លារ) និងឆា 238 យន់ (30 ដុល្លារ)។
Chen និយាយថា៖ «សេវាកម្មរបស់ហាង គឺអាក្រក់ណាស់ ព្រោះពួកនាងថែមទាំងត្រូវចាក់ស្រាផ្ទាល់ខ្លួនទៀតផង តែបែរគិតថ្លៃសេវាខ្ពស់បែបនេះ។ មិត្តម្នាក់នេះបោកប្រាស់ខ្លាំងណាស់។ ខ្ញុំចង់គាំទ្រអាជីវកម្មរបស់គាត់ ប៉ុន្តែគាត់បែរសម្លាប់ខ្ញុំដូចជាចៀម»។
នៅពេលដែលរឿងរ៉ាវរបស់ Chen ត្រូវបានផ្សព្វផ្សាយ បានធ្វើឱ្យមានការរិះគន់ភោជនីយដ្ឋានមិត្តភក្តិរបស់នាងយ៉ាងខ្លាំង។ មនុស្សមួយចំនួននៅពេលបានមើលឃើញតម្លៃដំឡូងចៀន សូម្បីសួរទាំងហួសចិត្ត «តើគេចៀនសាច់នាគឬ?»។
ក្រោយរឿងនេះបានផ្ទុះឡើង បង្កមានការរិះគន់យ៉ាងខ្លាំង មិត្តភ័ក្តិដែលជាម្ចាស់ហាង នៅទីបំផុត ក៏បានយល់ព្រមសងប្រាក់ Chen 3,000 យន់ (ប្រហែល ៤០០ ដុល្លារ) ប៉ុន្តែ វាមិនបានធ្វើឲ្យនាងសប្បាយចិត្តនោះឡើយ។ មនុស្សជាច្រើននៅតែបញ្ចេញមតិចោទជាសួរសំណួរថា “ប្រសិនបើនេះជាអ្វីដែលគាត់បានធ្វើចំពោះមិត្តរបស់គាត់ ស្រមៃមើលពីរបៀបដែលគាត់ប្រព្រឹត្តចំពោះអតិថិជនទៅ!” “នាងចាត់ទុកគាត់ជាមិត្តម្នាក់ ខំនាំគ្នីគ្នាមកជួយគាំទ្រ ប៉ុន្តែគាត់បែរជាមានសេចក្តីលោភលន់ចំពោះនាងបែបនេះ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង