ក្លាយជារឿងដ្រាម៉ា នៅពេលឃ្លីបវីដេអូមួយបានបង្ហាញថា កូនកំលោះគិតតែពីលេងទូរស័ព្ទដៃជាប់រហូត ខណៈពេលចូលធ្វើពិធីមង្គលការនៅក្នុងព្រះវិហារជាមួយកូនក្រមុំ ធ្វើឱ្យមនុស្សជាច្រើន នឹកឆ្ងល់យ៉ាងខ្លាំងថា តើកូនកំលោះ កំពុងលេងឆាតជាមួយអ្នកណាគេ?
ជំនួសឱ្យការបង្ហាញក្ដីសោមនស្សរីករាយជាមួយកូនកំលោះ-ក្រមុំនៅក្នុងពិធីមង្គលការកាលពីពេលថ្មីៗនេះ តែបណ្ដាអ្នកលេងបណ្ដាញសង្គមទាំងឡាយ បែរជានាំគ្នានឹកឆ្ងល់ពីទង្វើរបស់កូនកំលោះ ដែលត្រូវបានគេសង្កេតឃើញថា គិតតែពីលេងឆាតជាមួយអ្នកណាម្នាក់ទៅវិញ ខណៈពេលដែលរូបគេកំពុងដើរទៅតាមផ្លូវដើរក្នុងព្រះវិហារជាមួយកូនក្រមុំ ដើម្បីទទួលពរជ័យពីភ្ញៀវទាំងឡាយ ក្រោយពេលចប់ពិធី។

ពីដំបូងឃ្លីបមួយនេះ ត្រូវបានផូស្តដោយអ្នកលេងបណ្ដាញ TikTok ម្នាក់ និងបន្ទាប់ពីនោះ ក៏ត្រូវលុបចេញទៅវិញ មុននឹងមានអ្នកនាំយកមកផូស្តម្ដងទៀតនៅក្នុងបណ្ដាញសង្គមធ្វីតធើរ ដែលធ្វើឱ្យមានអ្នកចូលមើលច្រើនជាង ៤៣លាននាក់នៅពេលក្រោយមក។
នៅក្នុងឃ្លីបបានបង្ហាញឱ្យឃើញ កូនកំលោះដែលមិនបានស្គាល់ឈ្មោះ កែវភ្នែករបស់គេ គិតតែពីសម្លឹងមើលអេក្រង់ទូរស័ព្ទដៃ ខណៈដែលកូនក្រមុំ គិតតែពីញញឹម និងពោលពាក្យអរគុណភ្ញៀវ និងដឹកដៃកូនកំលោះដើរចេញពីព្រះវិហារ។
ពេលទៅដល់ខាងក្រៅ មើលទៅហាក់ដូចជាកូនក្រមុំចាប់ផ្ដើមរអ៊ូរឿងលេងទូរស័ព្ទមិនដឹងកាលៈទេសៈរបស់គេហើយ តែជំនួសឱ្យពាក្យសូមទោស កូនកំលោះបែរជាធ្វើមុខមិនសប្បាយចិត្ត ទុកឱ្យភរិយាថ្មោងថ្មី បានត្រឹមតែបន្លំធ្វើជាបង្ហាញអាកប្បកិរិយាសប្បាយរីករាយតែម្នាក់ឯង។

ក្រោយពីឃ្លីបមួយនេះ ត្រូវបានផ្សព្វផ្សាយចេញទៅ ក៏មានអ្នកចូលមកបញ្ចេញគំនិតយោបល់ជាច្រើន…អ្នកលេងបណ្ដាញសង្គមជាច្រើន ឃើញហើយ ខឹងសម្បាយ៉ាងខ្លាំង ឯអ្នកខ្លះទៀត បានដាក់សំណួរថា កូនកំលោះកំពុងតែក្បត់ចិត្តកូនក្រមុំទេដឹង?
អ្នកលេងបណ្ដាញសង្គមមួយចំនួន បានដាក់ការសង្ស័យថា ឬមួយក៏កូនកំលោះត្រូវចាប់បង្ខំឱ្យមករៀបការទេដឹង? ឬមិនទេ ក៏ប្រហែលជាមិនស្រឡាញ់កូនក្រមុំទេដឹង? ខណៈអ្នកផ្សេងទៀត និយាយថា គ្រាន់តែឃើញទង្វើបែបហ្នឹង ក៏ដឹងបាត់ទៅហើយថា ជីវិតអាពាហ៍ពិពាហ៍របស់អ្នកទាំង២ បានចប់បាត់ទៅហើយ៕














