កាលពីថ្ងៃទី១២ មិថុនា វេបសាយ CTWANT បានឱ្យដឹងថា កាលពីប៉ុន្មានថ្ងៃមុន មានបុរសអ្នកលេងបណ្ដាញសង្គមម្នាក់ បានចែករំលែកឃ្លីបវីដេអូ បង្អួតមុខម្ហូបដ៏សែនចម្លែកមួយ ព្រមទាំងហូបឱ្យឃើញច្បាស់ៗទៀតផង នៅក្នុងក្រុមបណ្ដាញហ្វេសប៊ុកក្នុងកោះតៃវ៉ាន់ ដែលមានសមាជិកជាង ១លាននាក់ រហូតក្លាយជាប្រធានបទនៃការជជែកតវ៉ាគ្នា និងសាងភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងពិភពអនឡាញ។

មុខម្ហូបដែលថានេះ គឺ “ស៊ុតក្រឡុកកន្លាតចៀន” …តាមរយៈវីដេអូឃ្លីបដែលមានរយៈពេល ១១នាទី គេឃើញថា បុរសម្នាក់នោះបានអង្គុយហូបស៊ុតក្រឡុកកន្លាតចៀននេះយ៉ាងឆ្ងាញ់មាត់ ព្រមទាំងអធិប្បាយពីរសជាតិរបស់វាយ៉ាងសប្បាយអារម្មណ៍ទៀតផង ដោយគាត់បានប្រាប់ថា សត្វកន្លាតដែលឃើញនេះ មិនមែនជាសត្វកន្លាតដែលរស់នៅតាមផ្ទះទូទៅនោះទេ តែជាសត្វកន្លាតធាត់ៗ ដែលគាត់បានបង្កាត់ពូជចិញ្ចឹមយ៉ាងល្អឥតខ្ចោះ មុននឹងយកមកធ្វើជាគ្រឿងផ្សំម្ហូបអាហារ។
គាត់និយាយថា “បរិមាណប្រូតេអ៊ីនរបស់កន្លាតទាំងអស់នេះមានខ្ពស់ណាស់ ខណៈដែលជាតិខ្លាញ់វិញ មានតិចបំផុត…ការពិតទៅ វាជាជម្រើសដ៏ល្អមួយសម្រាប់សុខភាព ចំណែកឯអារម្មណ៍ពេលហូបវិញនោះ វាស្រួយខ្ញោកដូចហូបបង្គាទាំងសម្បក និងស្ទើរតែគ្មានក្លិនសោះឡើយ…បន្ថែមរសជាតិបន្តិច និងដាក់ស្លឹកខ្ទឹមហាន់ចូលទៅ ពិតជាឆ្ងាញ់ខ្លាំងណាស់”

ក្រៅពីនោះ គាត់ថែមទាំងប្រាប់ទៀតថា កន្លាតជាសត្វល្អិត ដែលមានគុណតម្លៃខាងភោជនាហារ និងអាចនាំយកមកធ្វើជាឱសថបានទៀតផង តែសភាពបរិស្ថាននៃការរស់នៅរបស់វា ធ្វើឱ្យមនុស្សទូទៅមិនចូលចិត្ត និងខ្ពើមវា មើលឃើញថា វាជាសត្វរំខាននៅតាមផ្ទះ ឬជាពួកសត្រូវរុក្ខជាតិ តែការពិតវិញ ពេលសិក្សាមើលទៅ យើងនឹងបានដឹងថា វាមានប្រយោជន៍ច្រើនជាងយើងគិតទៅទៀត។

តែយ៉ាងណាក្ដី មុខម្ហូបមានប្រូតេអ៊ីនខ្ពស់ របស់បុរសម្នាក់នេះ មើលទៅដូចជាមិនមែនជាទីពេញចិត្តរបស់មនុស្សទាំងឡាយប៉ុន្មានឡើយ។ មនុស្សជាច្រើនដែលបានចុចចូលមើលរួចហើយ ម្នាក់ៗនាំគ្នាចូលទៅខំមិនត៍ បញ្ចេញយោបល់រិះគន់ និងនិយាយក្នុងទំនងដូចៗគ្នាថា “មើលទៅវាដូចជាគួរឱ្យខ្លាចខ្លាំងណាស់ គ្រាន់តែឃើញ ក៏ព្រឺខ្លួនខ្ញាកទៅហើយ មិនបាច់និយាយដល់ថា ហ៊ានញ៉ាំ ឬមិនហ៊ានញ៉ាំទេ…តឱ្យមានប្រូតេអ៊ីនខ្ពស់ប៉ុនណាក៏ដោយ ក៏មិនចង់ភ្លក្សដែរ”
អ្នកលេងបណ្ដាញសង្គមម្នាក់ បាននិយាយបែបកំប្លែងៗថា “តឱ្យម្ហូបអាហារអស់ពីពិភពលោក លែងមានអ្វីហូបក៏ដោយ ក៏ខ្ញុំមិនហូបវាដែរ”៕



