នេះជាហេតុការណ៍ដ៏កម្រមួយ ដែលបានកើតឡើងនៅក្នុងពិធីមង្គលការរបស់កូនកំលោះដែលមាននាមត្រកូល Sun ស្ថិតនៅក្នុងទីក្រុង Xuzhou ខេត្ត Jiangsu ប្រទេសចិន។
បើតាមការឲ្យដឹង គឺនៅយប់មុនថ្ងៃរៀបមង្គលការ កូនកំលោះត្រូវបានមិត្តភ័ក្តិនាំគ្នាលេងជ្រុល ដោយក្នុងនោះមិត្តភ័ក្តិទម្ងន់ជិត ១០០ គីឡូ បានសង្កត់លើជើងរបស់កូនកំលោះ ដែលធ្វើឲ្យលោក Sun បាក់ជើង ហើយត្រូវរុំបង់ពេញមួយយប់។
ដោយសារតែមិនចង់ខកខានថ្ងៃដ៏រីករាយ កូនកំលោះព្យាយាមចូលរោងការ ទាំងរបួសជើងខាងស្តាំដ៏ឈឺចុកចាប់ ដែលធ្វើឲ្យមនុស្សជាច្រើន បង្ហាញអារម្មណ៍សោកសៅ និងលួចអស់សំណើចផងដែរ។
តែយ៉ាងណាមិញ ក្រោយព័ត៌មានរបស់កូនកំលោះបាក់ជើង ត្រូវបានបង្ហោះភ្លាម ទទួលបានមតិជាច្រើនពីមហាជន។ មនុស្សភាគច្រើនគិតថា ទំនៀមទម្លាប់នៃ “ភាពសប្បាយរីករាយ” គួរតែត្រូវបានលុបចោលទាំងស្រុង ឬថាចាំបាច់ត្រូវកំណត់កម្រិតឱ្យបានច្បាស់លាស់ ហាមឃាត់ការប្រើទង្វើប្រមាថ និងអំពើហឹង្សា ដែលនាំឲ្យមានផលវិបាកដ៏គួរឱ្យភ័យខ្លាច និងសោកស្តាយ។ ក្នុងនោះ ក៏មានអ្នករិះគន់មិត្តភក្តិកូនកំលោះថា ជាមិត្តមិនល្អ មិត្តបែបនេះគួរកាត់បន្ថយការទាក់ទង។
ទាក់ទងរឿងដ៏ហួសចិត្តនេះ លោក Jiang Yuxiang សាស្ត្រាចារ្យនៅសកលវិទ្យាល័យ Sichuan បាននិយាយថា ល្បែងអាពាហ៍ពិពាហ៍ខាងលើ មិនមែនជាទំនៀមទម្លាប់ប្រពៃណីនោះទេ «ប្រសិនបើនរណាម្នាក់និយាយថា វាជាទំនៀមទម្លាប់ប្រពៃណី ក៏វាជាទំនៀមទម្លាប់បាតផ្សារដែរ ហើយវាត្រូវតែបញ្ឈប់»។
លោកសាស្រ្តាចារ្យ Jiang ក៏បានបញ្ជាក់ឲ្យដឹងថា៖ «កូនក្រមុំ និងកូនកំលោះមួយចំនួន អាចរីករាយក្នុងកាលៈទេសៈណាមួយ ប៉ុន្តែពួកគេអាចត្រូវបានបង្ខិតបង្ខំដោយហ្វូងមនុស្ស។ ហើយប្រសិនបើការលេងសើចនេះបណ្តាលឱ្យមានរបួស អ្នកចូលរួមអាចនឹងត្រូវមានទោសទណ្ឌតែម្តង»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង