Saturday, November 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មិន​សរសើរ​មិនបា​ន! កូនស្រី​ដ៏​ល្​អ ឆ្លៀត​ពី​កា​រសិក្សា ជួយ​ឪពុក​ពិការ លើក​លី​របស់​ធ្ងន់​ៗ​សូម្បី​ទូរ​ទឹកកក ឡើង​ជណ្តើរ​ផ្ទះ​អតិថិ​ជន មិន​ខ្លាច​នឿយហត់

យោងតាម SCMP ក្មេងស្រីម្នាក់នៅក្នុងប្រទេសចិន បានទទួលការកោតសរសើរជាខ្លាំង ពីអ្នកនិយមលេងអ៊ីនធឺណិត ចំពោះទង្វើដ៏ល្អរបស់នាង ដែលបានជួយឪពុករបស់នាងដែលពិការ (ខ្វិន) ដោយនាំយកគ្រឿងសម្ភារៈប្រើប្រាស់ក្នុងផ្ទះ ពីហាងរបស់នាង យកទៅដល់ផ្ទះអតិថិជន។ ហើយអ្វីដែលមិនធម្មតានោះ គឺជារឿយៗ នាងបានដាក់ទូទឹកកកនៅលើខ្នងរបស់នាង រួចលីឡើងជណ្តើរផ្ទះអតិថិជនផងដែរ។

កាសែត The Paper បានរាយការណ៍ថា យុវតីរូបនេះមានឈ្មោះ Cao Youyuan អាយុ ២០ ឆ្នាំ រស់នៅក្នុងខេត្ត Hubei ភាគកណ្តាលប្រទេសចិន -ទីកន្លែងដែលឪពុកម្តាយរបស់នាង មានហាងលក់សម្ភារៈប្រើប្រាស់ក្នុងផ្ទះតូចមួយ។

ឪពុករបស់នាង លោក Xiangjun ត្រូវបានធ្វើរោគវិនិច្ឆ័យថាមានជំងឺស្វិតដៃជើងកាលពីកុមារភាព ហើយបន្ទាប់ពីបានខ្វិនជើងទាំងពីរនៅអាយុ ១៤ ឆ្នាំ គាត់មានការពិបាកក្នុងការដើរ ដោយសារតែការព្យាបាលមិនត្រឹមត្រូវ។

Cao ដែលបច្ចុប្បន្នជានិស្សិតនៅវិទ្យាស្ថានពហុបច្ចេកទេស Hubei បាននិយាយថា “អតិថិជនជាច្រើនជ្រើសរើសការដឹកជញ្ជូនដល់ផ្ទះ ប៉ុន្តែហាងរបស់ឪពុកម្តាយខ្ញុំ ទទួលបានប្រាក់ចំណេញតិចតួចណាស់ ហេតុនេះគ្រួសាររបស់ខ្ញុំមិនមានលទ្ធភាពជួលអ្នកដឹកជញ្ជូនទេ”។

នាង​បាន​និយាយ​ថា លើក​ទី​មួយ​ដែល​នាង​បាន​ជួយ​ឪពុក​នាង នាំយក​ទូទឹកកក​ឱ្យ​អតិថិជន ​គឺ​កាលពី​ ៦​ឆ្នាំ​មុន ខណៈ​នាង​នៅ​ជា​សិស្ស​មធ្យមសិក្សា។

Cao បាននិយាយថា “ទូរទឹកកកនោះមិនធ្ងន់ទេ ខ្ញុំបានព្យាយាមលីវានៅលើខ្នងរបស់ខ្ញុំ ហើយឃើញថាវាអាចផ្ទុកទម្ងន់បាន។ ចាប់តាំងពីពេលនោះមក ខ្ញុំតែងតែជួយប៉ារបស់ខ្ញុំ ចែកចាយគ្រឿងសម្ភារៈប្រើប្រាស់ នៅពេលទំនេររបស់ខ្ញុំ”។

Cao ក៏បានឲ្យដឹងថា មកទល់ពេលនេះ នាងបានចែកចាយទូរទឹកកកជាង 1,000 និងគ្រឿងប្រើប្រាស់ក្នុងផ្ទះធ្ងន់ៗផ្សេងទៀតដល់អតិថិជន។ ក្នុងអំឡុងពេលដឹកជញ្ជូនម្តងៗ ឪពុករបស់នាង តែងទៅតាម ដើម្បីធានាសុវត្ថិភាពកូនស្រី។

Cao បាន​និយាយ​ថា​៖ “​ទូទឹកកក​ធ្ងន់​បំផុត​ដែល​ខ្ញុំ​អាច​ដាក់​លើ​ខ្នង​បាន​គឺ ៧០ គីឡូក្រាម ប៉ុន្តែ​ខ្ញុំ​អាច​យក​វា​ឡើង​ត្រឹម​ជាន់​ទី១ ​មិន​អាច​ឡើង​ទៅ​ជាន់​ខ្ពស់​បន្ទាប់​ពី​នោះ​បានទេ​”​។ នាងបន្តថា៖ “ការងារនេះក៏ទាមទារជំនាញដែរ ដោយសារខ្ញុំដឹកច្រើន ខ្ញុំគិតថាខ្ញុំស៊ាំនឹងវាបន្តិចម្តងៗ។ ជាធម្មតាខ្ញុំនាំយកទូរទឹកកក១ ឬ២គ្រឿង ទៅឲ្យអតិថិជនជារៀងរាល់ថ្ងៃ ប៉ុន្តែខ្ញុំមិនមានអារម្មណ៍ហត់ទេ”។

វីដេអូ​មួយ​របស់ Cao លី​ទូរ​ទឹកកក​ដាក់​ខ្នង​ទៅ​ផ្ទះ​ល្វែង​របស់​អតិថិជន ​បាន​ល្បី​ពេញ​បណ្ដាញ​សង្គម​ចិន។ មនុស្ស​ជា​ច្រើន​ បាន​កោត​សរសើរ​ និង​ស្រលាញ់​ការតស៊ូរបស់នាង​ខ្លាំង​ណាស់។

ទន្ទឹមនឹងនេះ Cao ក៏បានឆ្លើយតបថា “ខ្ញុំសូមអរគុណដល់អ្នកទាំងអស់គ្នា​ដែលបានស្រលាញ់ ចូលចិត្តខ្ញុំ ប៉ុន្តែខ្ញុំមិនមានមោទនភាពចំពោះខ្លួនឯងពេកទេ ព្រោះវាជារឿងធម្មតា និងជាធម្មជាតិក្នុងការជួយឪពុកម្តាយបែបនេះ” ។

នាងបានបន្ថែមថា “ខ្ញុំធំឡើងក្នុងបរិយាកាសបែបនេះ ខ្ញុំឃើញឪពុកម្តាយរបស់ខ្ញុំធ្វើការយ៉ាងលំបាកជារៀងរាល់ថ្ងៃ។ ពេលខ្លះពួកគាត់រវល់ពេក រហូតមិនមានពេលបរិភោគ។ ដូច្នេះការជួយពួកគាត់ គឺជារឿងធម្មតាសម្រាប់ខ្ញុំ”។

ទោះជាយ៉ាងណា ដោយសារមានការព្រួយបារម្ភ អំពីចំនួនការងារដ៏លំបាករបស់កូនស្រី ដែលនាងកំពុងធ្វើរាល់ថ្ងៃ បុរសជាឪពុកក៏បានយក Cao ទៅពិនិត្យកាលពីប៉ុន្មានឆ្នាំមុនផងដែរ។ បន្ទាប់ពីគ្រូពេទ្យកំណត់ថា កូនស្រីរបស់គាត់មានសុខភាពល្អទាំងស្រុងហើយ លោក Xiangjun ក៏បានយល់ព្រមឱ្យកូនស្រីបន្តធ្វើការ។

គាត់​បាន​និយាយ​ថា​៖ “​ខ្ញុំ​ធូរ​ចិត្ត​ដែល​មាន​កូនស្រី​ដែល​ចេះ​ស្តាប់​បង្គាប់ និង​យល់​ចិត្ត​បែប​នេះ។ ខ្ញុំ​ក៏​ចង់​ប្រាប់​កូន​ស្រី​ខ្ញុំ​ឲ្យ​ធ្វើការតាមកម្លាំង ដែលអាចធ្វើបាន ដើម្បី​សុខភាព និង​ខំ​រៀន​នៅ​សាលា”។

រឿង​នេះ​ត្រូវ​បាន​អ្នក​ប្រើ​បណ្ដាញ​សង្គម​ចិន​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង។​ ក្នុងនោះ អ្នកប្រើប្រាស់បណ្តាញសង្គមម្នាក់ បានបញ្ចេញមតិសម្តែងការកោតសរសើរថា៖ “នាង​ជា​នារី​ដ៏​អស្ចារ្យ​បំផុត! នាង​ស្អាត​ណាស់ ហើយ​មាន​ចិត្ត​សប្បុរស!”។ តែទន្ទឹមនឹងនោះ អ្នកលេងម្នាក់បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ថា​៖ ​«​ហេ… ​ស្រីស្អាត ​លើក​លើស​ទម្ងន់យ៉ាងនេះ ប្រយ័ត្ន​ប៉ះ​ពាល់​រាង​កាយណា៎ អរគុណ!»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×