វីដេអូឃ្លីបបង្ហាញសកម្មភាពសត្វដំរីដ៏ធំមួយក្បាល នៅក្នុងប្រទេសថៃ បានចេញមកដងផ្លូវ «កាក់» យានយន្ត ជាពិសេសឡានដឹកអំពៅ ដើម្បី «ប្លន់» សម្រាប់ជាអាហារ បានធ្វើឲ្យអ្នកនិយមលេងអ៊ីនធើរណែត ភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះម្នាក់ៗមិននឹកស្មានថា វាអាចចេះរកវិធីរស់បានស៊ីឆ្ងាញ់បែបនេះ។
លោក Susanta Nanda មន្ត្រីសេវាព្រៃឈើឥណ្ឌាម្នាក់ ដែលបានចែករំលែកវីដេអូនេះ នៅលើបណ្តាញសង្គម Twitter បានពន្យល់ថា៖ នេះគឺជាទំនាក់ទំនងរវាងសត្វ និងមនុស្ស ដែលធ្លាប់ផ្តល់ចំណីឲ្យវាស៊ីតាមផ្លូវពីមុន ហេតុនេះ វាបានធ្វើឲ្យកើតជាទម្លាប់របស់សត្វដំរីនោះ។
ជាក់ស្តែង តាមរយៈវីដេអូ ដំរីមួយដ៏ចេះក្បាលនោះ នៅពេលឃើញឡានដឹកអំពៅ ចូលមក វាបានស្ទុះចេញមកដងផ្លូវ ដើម្បីកាក់ពីមុខ ហើយអ្នកបើកបរដែលបានដឹងពីទម្លាប់មិនបំផ្លិចបំផ្លាញរបស់វា ក៏បានឈប់រថយន្ត ដើម្បីឲ្យវាទាញយកអំពៅមួយចំនួន រួចបន្តដំណើរទៅមុខទៀត។
ជាមួយនឹងសកម្មភាពដ៏មិននឹកស្មាននេះ អ្នកប្រើ Twitter ម្នាក់ បានបញ្ចេញមតិលើការបង្ហោះថា៖ «យើងត្រូវដឹងគុណ ចំពោះអ្នកបើកបរដែលឈប់ឲ្យចំណីដំរី»។ រីឯអ្នកផ្សេងទៀតបានសរសេរថា៖ «វាមើលទៅពិតជាមានជីវិតរីករាយណាស់ ដំរីដ៏គួរអោយស្រលាញ់, វាចេះណាស់ អាចបញ្ឈប់ឡាន ដើម្បីយកអំពៅពីរបីដើម ព្រោះតែឃ្លាន»។
ទោះជាយ៉ាងណា អ្នកដែលធ្លាប់បានជួបបទពិសោធន៍ជាមួយសត្វដំរីនៅតាមផ្លូវ បានប្រាប់ឲ្យដឹងថា៖ «”ខ្ញុំមានបទពិសោធន៍បែបនេះជាច្រើន នៅក្នុងស្រុក Keonjhar នៃ Odisha ជាកន្លែងដែលសត្វដំរីបានបិទផ្លូវ និងប្រមូលអាហារពីយានជំនិះនីមួយៗអស់ជាច្រើនម៉ោង។ ម្យ៉ាងទៀត ប្រសិនបើយានជំនិះណាមួយបិទបង្អួច វាអាចនឹងផ្តួលរំលំរថយន្តតែម្តង។ អ្នកស្រុកហៅវាថា “Dadagiri” ឬ និយាយលែងសើចថា [ពន្ធគំរាមកំហែង]»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង