នេះជារឿងថ្មីដ៏ភ្ញាក់ផ្អើល និងគួរឲ្យហួសចិត្តយ៉ាងខ្លាំងតែម្តង នៅពេលដែលបានដឹងថា ចោរអំបុកអំបែង២នាក់បានធ្វើសកម្មភាពដ៏ឆ្លាត តាមរយៈសកម្មភាពម្នាក់ចាំមើលផ្លូវ ដោយធ្វើឈរនោម ដើម្បីឲ្យគ្នារបស់ខ្លួន លួចគាស់កញ្ចក់ឡានក្រុង លួចលុយពីក្នុងកាបូបរបស់អ្នកដំណើរ។
នេះបើតាមគណនីហ្វេសប៊ុកឈ្មោះ Vuth Tha បានបង្ហោះករណីនេះ ដែលបានកើតឡើងកាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ រៀបរាប់ទាំងហួសចិត្តថា៖ «ឃើញឈរក្បែរឡាន ស្មានតែគេឈរនោម ដឹងអីឈរមើលផ្លូវឱ្យគ្នាគេគាស់កញ្ចក់ឡានសោះ ចេះខ្ញុំមកទាន់ កុំអីបាត់អីវ៉ាន់ភ្ញៀវអស់ សូមប្រុងប្រយ័ត្នទាំងអស់គ្នាកុំប្រហែស»។
ជាក់ស្តែង តាមរយៈរូបភាព បានបង្ហាញចោរម្នាក់ស្ពាយសាក់កាដូ ធ្វើដូចជាអ្នកដំណើរ បានកំពុងឈរនោម និងដើម្បីជាឱកាសចាំមើលផ្លូវ ខណៈគ្នីគ្នាម្នាក់ទៀត កំពុងលូកខ្វះរាវរករបស់ទ្រព្យ ពីកាបូបអ្នកដំណើរ នៅក្នុងរថយន្តក្រុង ដែលកំពុងចតនៅជាប់របងទីលានប្រជាធិបតេយ្យ ក្បែរវត្តភ្នំ។ ទោះជាយ៉ាងណា ដោយមានការសង្ស័យ ពួកគេទាំងពីរហេតុអ្វីបានជាចូលទៅនោមយូរម្ល៉េះ និងគិតថា ពួកគេច្បាស់ជាធ្វើសកម្មភាពអ្វីមិនល្អ អ្នកគ្រប់គ្រងឡានក្រុង ក៏បានដើរទៅមើល ខណៈទូរស័ព្ទថតបណ្តើរ ជាហេតុធ្វើឲ្យចោរម្នាក់ធ្វើជាឈរនោមចាំមើលផ្លូវផ្អើល ហៅគ្នីគ្នារបស់ខ្លួនចេញមក ជាមួយលុយក្តាប់នៅនឹងដៃស្តែងៗតែម្តង។
ជាមួយសកម្មភាពដ៏ហួសចិត្តនេះ បងប្អូនអ្នកប្រើប្រាស់បណ្តាញសង្គម ក៏សូមឲ្យបងប្អូនអ្នកដំណើរ ត្រូវមានការប្រុងប្រយ័ត្ន កុំទម្លាប់ពេលចុះពីឡានបើកកញ្ជាក់ចោល ហើយទុកកាបូបក្បែរហ្នឹង ដូចឃើញករណីនេះស្រាប់ សំណាងហើយ ម្ចាស់ឡានមកទាន់ កុំអីមិនលូកយករបស់ទ្រព្យអស់ប៉ុន្មាននោះទេ។
ដោយឡែក ទាក់ទងពួកចោរអំបុកអំបែងនេះផងដែរ បងប្អូនលេងបណ្តាញសង្គម ក៏បានលើកឡើងថា «ពួកវាហ្នឹងនៅម្តុំវត្តភ្នំ មិនដឹងថា ទៅជាប់នៅប៉ុស្តិ៍បានប៉ុន្មានម៉ោងទេ ព្រោះប៉ូលិសលែងចង់ខ្ជិលរវល់ ជាមួយមនុស្សប្រភេទនេះ ហេតុនេះ គួរតែប្រយ័ត្នអោយបានខ្ពស់»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង