Monday, September 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្ញាក់ផ្អើល​ខ្លាំង! អតីត​កីឡាករ បឺត សំរេច ប្រកាស​ថា ខ្លួន​គឺជា​កូនប្រុស​បង្កើត​អធិរាជ​សំឡេ​ង​មាស «ស៊ិន ស៊ីសាមុត» ដោយ​ទម្លាយ​ប្រវត្តិ​ដ៏​ឈឺចាប់​របស់​ម្តាយ​បែបនេះ

ថ្មីៗនេះ មហាជននៅលើបណ្តាញសង្គម ពិតជាមានការភ្ញាក់ផ្អើល និងស្ទើរតែមិនគួរឲ្យជឿ នៅពេលដែលអតីតកីឡាករប្រដាល់ជើងចាស់លោក បឺត សំរេច បានចេញមុខប្រកាសថា លោកគឺជាកូនប្រុសបង្កើតរបស់អធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត ។

ពិតណាស់ ចូលរួមជាតារាកិត្តិយសនៅក្នុងកម្មវិធី «តន្រ្តីគ្រួសារខ្មែរ» លោក បឺត សំរេច បានរៀបរាប់ឲ្យដឹងថា ប៉ារបស់លោក គឺលោក ស៊ិន ស៊ីសាមុត បានយកម្តាយរបស់លោកឈ្មោះ ធីម វិជ្ជរ៉ា ជាអ្នករបាំព្រះរាជទ្រព្យម្នាក់ កាលពីសម័យនោះ បែបជាស្រីកំណាន់ លួចលាក់ មិនមានជាប្តីប្រពន្ធស្របច្បាប់នោះទេ។ ហេតុនេះហើយ លោកមានការតូចចិត្តខ្លាំង ក៏បានលាក់ទុករឿងនេះនៅក្នុងចិត្ត មិនទម្លាយឲ្យអ្នកណាដឹងថា លោកជាកូនប្រុសលោក ស៊ិន ស៊ីសាមុត។

លោក បឺត សំរេច បានបង្ហើបថា លោកបានដឹងថា ខ្លួនគឺជាកូនប្រុសបង្កើតរបស់អធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត គឺនៅពេលលោកមានអាយុ ១៤ ឆ្នាំ ខណៈម្តាយរបស់លោកបានយកប្តីថ្មី ទៅរស់នៅប្រទេសឡាវ។ ហើយលោកបានដឹងរឿងរ៉ាវនេះ គឺតាមរយៈម្តាយចិញ្ចឹមប្រាប់ប៉ុណ្ណោះ។

លោកបន្ថែមថា ម្តាយរបស់លោក បានបែកគ្នាជាមួយឪពុករបស់លោក (ស៊ីន ស៊ីសាមុត) គឺនៅពេលរូបលោកចាប់កំណើតក្នុងផ្ទៃបាន ៤ ខែ ដោយសារតែម្តាយរបស់លោក បានដឹងថាឪពុករបស់លោក រៀបការស្របច្បាប់ជាមួយសិស្សប្អូនម្តាយរបស់លោកឈ្មោះ អង្គារ៉ា ដែលជាអ្នករបាំដូចគ្នា មិនគួរណាឪពុករបស់លោក កុហកបោកប្រាស់ក្បត់ចិត្តម្តាយរបស់លោកបែបនេះ។

លោកបន្តថា លុះលោកកើតមកបានអាយុ ៦ ខែ ម្តាយរបស់លោក បានបោះបោះបង់ ដោយយកលោកទៅផ្ញើជាមួយបងស្រីបង្កើតរបស់គាត់ឈ្មោះ ថង ញ៉ុត ឲ្យចិញ្ចឹមបីបាច់ និងបានប្រាប់ថា គាត់ចាកចេញទៅរស់នៅប្រទេសឡាវ ដែលជាស្រុកកំណើតរបស់គាត់វិញ។

លោកក៏បានបញ្ជាក់ឲ្យដឹងថា តាមពិតទៅ ឈ្មោះពិតរបស់លោកគឺ ធីម ភាក់លីម រីឯឈ្មោះ បឺត សំរេច គឺគ្រាន់តែជាឈ្មោះដែលត្រូវបានដាក់ក្នុងកីឡាប្រដាល់ប៉ុណ្ណោះ។

ពិតណាស់ បើតាមសង្កេតមើលឲ្យដិតដល់ លោកមានទម្រង់មុខស្រដៀងខ្លាំង ទៅនឹងលោកឪពុក ក្នុងនោះតាំងពី ចិញ្ចើម, បបូរមាត់ និងស្លឹកត្រចៀក ជាដើម។ លើសពីនេះ លោកក៏មានទឹកដមសំឡេងដ៏មិនធម្មតានោះដែរ ជាក់ស្តែង នៅចុងបទសម្ភាសន៍ក្នុងកម្មវិធី «តន្រ្តីគ្រួសារខ្មែរ» លោក​ បឺត សំរេច បានបកស្រាយបទចម្រៀងឪពុករបស់ខ្លួន «បុប្ផាកំពង់ហាវ» ឃើញថាពិតជាពិរោះរណ្តំខ្លាំងតែម្តង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×