នេះជារឿងមួយដ៏ភ្ញាក់ផ្អើល និងគួរឲ្យអស់សំណើចយ៉ាងខ្លាំង គ្រាដែលនារីម្នាក់បានចែករំលែកបទពិសោធន៍ស្ទើរខូចទ្រង់ទ្រាយមុខរបស់ខ្លួន បន្ទាប់ពីចាក់ហ្វីល័រ (Filler) ហើយទៅញ៉ាំបង្គាអាំង ស្រាប់តែបណ្តាលឲ្យ «ផ្ទុះ» ហើមមុខស្ពុរតែម្តង។
នេះបើតាមគណនី TikTok ស្រីស្អាតឈ្មោះ វ៉ារីនុត នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ បានចែករំលែកការព្រមានអំពីគ្រោះថ្នាក់ផ្ទាល់ខ្លួនរបស់នាង ដែលបានចាក់បំពេញសារធាតុ Filler ហើយបន្ទាប់មក ក៏បានទៅញ៉ាំបង្គា មិននឹកស្មានថាវាបណ្តាលឲ្យថ្ងាសរបស់នាង «ហើម» ស្ទើរខូចទ្រង់ទ្រាយ ប្រៀបដូចមនុស្សក្រៅភពអ៊ីចឹង។
នាងបានឲ្យដឹងថា ដំបូងឡើយ វាគ្រាន់តែជាស្នាមក្រហម ប៉ុន្តែ ៣ថ្ងៃក្រោយមក ថ្ងាសរបស់នាង ស្រាប់តែចាប់ផ្តើមឡើងប៉ោងដូចមនុស្សប្រុសតែម្តង។ បន្ទាប់មក ភ្នែករបស់នាងក៏បានចាប់ផ្តើមហើម រហូតត្រូវប្រញាប់ទៅមន្ទីរពេទ្យ ដើម្បីឲ្យគ្រូពេទ្យព្យាបាលជាបន្ទាន់។
ក្រោយពីបានឃើញការចែករំលែករបស់នាង អ្នកនិយមលេងអ៊ីនធឺណិតបានចូលមកបញ្ចេញមតិ និងសាកសួរពីរឿងដែលបានកើតឡើងព្រោងព្រាត ព្រោះបើមើលរូបភាព វាពិតជាស្រៀវស្រើបគួរឲ្យខ្លាចណាស់ សម្រាប់អ្នកចូលចិត្តលើកសម្រស់ដោយប្រើសារធាតុបំពេញបន្ថែមបែបនេះ។ ជាការឆ្លើយតប ស្រីស្អាតដែលបង្ហោះបានប្រាប់ឲ្យដឹងបន្ថែមថា «ទៅញ៉ាំបង្គាអាំង ហើយខ្ញុំបានឱនពន្លឿនភ្លើង ដាក់មុខជិតចង្ក្រាន ហើយញ៉ាំបង្គា ស្រាប់តែ៣ថ្ងៃក្រោយ ក៏រលាកតែម្តង»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង