ភ្នំពេញ ៖ ស្ថាប័នធំៗចំនួនបី គឺធនាគារជាតិនៃកម្ពុជា គណៈកម្មការមូលបត្រកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលជាតិ បានរួមគ្នាចេញសេចក្តីថ្លៃការណ៍រួម ដោយព្រមានផ្ដន្ទាទោសតាមច្បាប់ ចំពោះបុគ្គល ឬក្រុមហ៊ុនណា ហ៊ានប្រតិបត្តិការ ជួញដូរកាសអេឡិចត្រូនិក ដោយមិនមានអាជ្ញាប័ណ្ណ។
សេចក្តីថ្លែងការណ៍រួម បានឲ្យដឹងថា កាលពីថ្មីៗនេះ អាជ្ញាធរមានសមត្ថកិច្ច បានសង្កេតឃើញថា មានការផ្សព្វផ្សាយ ចរាចរទិញ លក់ ជួញដូរ ទូទាត់ កាសអេឡិចត្រូនិក ដូចជា KH Coin, Suncoin, K coin, One-coin, Forex coin និងកាសអេឡិចត្រូនិក ប្រហាក់ប្រហែល យ៉ាងសកម្មក្នុងប្រទេសកម្ពុជា។
អាជ្ញាធរមានសមត្ថកិច្ចបញ្ជាក់ថា ការផ្សព្វផ្សាយចរាចរទិញ លក់ ជួញដូរ ទូទាត់ កាសអេឡិចត្រូនិក ដោយមិនមានអាជ្ញាប័ណ្ណ ពីអាជ្ញាធរមានសមត្ថកិច្ច គឺជាសកម្មភាពខុសច្បាប់ ព្រមទាំងបង្កហានិភ័យ ធ្ងន់ធរដល់សាធារណជន និងសង្គមទាំងមូល ដូចជាប្រឈមនឹងឧក្រិដ្ឋកម្ម បច្ចេកវិទ្យា និងធ្វើឲ្យបាត់បង់មូលនិធិ ដោយសារការលួចចូលទៅក្នុងប្រព័ន្ធ, ពុំមានយន្ដការការពារផលប្រយោជន៍អតិថិជន អ្នកប្រើប្រាស់កាសអេឡិចត្រូនិក ជាជនអនាមិក ពុំមានការសម្គាល់អត្តសញ្ញាណ ឬសាវតារបស់អ្នកប្រើប្រាស់បាន ច្បាស់លាស់ គឺជាហានិភ័យក្នុងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។
ដូច្នេះស្ថិតក្នុងដំណាក់កាលនេះ អាជ្ញាធរមានសមត្ថកិច្ច សូមអំពាវនាវ ដល់សាធារណជនទាំងអស់ ប្រុងប្រយ័ត្ន ចំពោះការឃោសនាផ្សព្វផ្សាយ កៀរគរប្រមូលមូលនិធិ និងធ្វើប្រតិបត្តិការ ទិញ លក់ ជួញដូរ ទូទាត់ កាសអេឡិចត្រូនិក ដែលមិនមានអាជ្ញាប័ណ្ណ ពីអាជ្ញាធរមានសមត្ថកិច្ច។ បុគ្គល ឬក្រុមហ៊ុនណា ដែលឃោសនាផ្សព្វផ្សាយ កៀរគរប្រមូលមូនិធិ ធ្វើប្រតិបត្តិការ ទិញ លក់ ជួញដូរ ទូទាត់កាសអេឡិត្រូនិកដោយមិនមានអាជ្ញាប័ណ្ណ ពីអាជ្ញាធរមានសមត្ថកិច្ច និងត្រូវផ្ដន្ទាទោសតាមផ្លូវច្បាប់ជាធរមាន៕ ដោយ ៖ បញ្ញាស័ក្តិ