ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានស្នើដល់មិត្តចិនជួយបណ្ដុះបណ្ដាលធនធានមនុស្សកម្ពុជា លើវិស័យទេសចរណ៍នេះផងដែរ ដើម្បីឆ្លើយតបនឹងកំណើនទេសចរជាតិ-អន្តរជាតិ ខណៈកម្ពុជាត្រូវការធនធានមនុស្សលើវិស័យទេសចរណ៍ប្រមាណ ៥ម៉ឺននាក់ ក្នុងមួយឆ្នាំៗ។
ក្នុងជំនួបពិភាក្សាជាមួយគណៈប្រតិភូចិនមកពីខេត្តសាងទុង ដឹកនាំដោយលោក ជី ចាងឈី អភិបាលរងខេត្តសាងទុង នៅទីស្ដីការក្រសួងទេសចរណ៍ នារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានស្នើដល់មិត្តចិននៃខេត្តសាងទុងនេះ ជួយរៀបចំផែនការមេក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ និងជំរុញការវិនិយោគផលិតផលទេសចរណ៍ មណ្ឌលកម្សាន្តទេសចរណ៍នៅតំបន់ឆ្នេរសមុទ្រកម្ពុជា ពីព្រោះសាងទុងជាខេត្តជាប់នឹងមាត់សមុទ្រ និងមានបទពិសោធន៍ជោគជ័យ ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍នៅតាមតំបន់ឆ្នេរសមុទ្ររបស់ខ្លួន។
លោករដ្ឋមន្ត្រី ថោង ខុន បានលើកឡើងថា កម្ពុជាមានសក្តានុពលលើវិស័យទេសចរណ៍ដ៏ច្រើនសម្បូរបែប ក្នុងនោះមាននៅរាជធានីភ្នំពេញ និងតំបន់ជុំវិញ តំបន់សៀមរាប-អង្គរ តំបន់ឆ្នេរសមុទ្រ តំបន់ប្រាសាទសំបូរព្រៃគុក តំបន់ប្រាសាទព្រះវិហារ តំបន់ទេសចរណ៍ ធម្មជាតិនៅភូមិឦសាន និងនិរតី សក្តានុពលទេសចរណ៍តាមដងទន្លេមេគង្គ តំបន់ទេសចរណ៍ជីវចម្រុះបឹងទន្លេសាបជាដើម ខណៈភ្ញៀវទេសចរជាតិ-អន្តរជាតិ ក៏មានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំផងដែរ ជាក់ស្ដែងក្នុងឆ្នាំ២០១៦ កម្ពុជាទទួលបានទេសចរ អន្តរជាតិជាង ៥លាននាក់ ក្នុងកំណើន៥ភាគរយ ក្នុងនោះមានភ្ញៀវទេសចរចិនជាង ៨៣ម៉ឺននាក់។
លោកបានថ្លែងទៅកាន់មិត្តចិនថា កម្ពុជាបានចាត់ទុកចិន ជាទីផ្សារទេសចរណ៍ដ៏សំខាន់ ហើយកម្ពុជាក៏បានរៀបចំយុទ្ធសាស្ត្រត្រៀមទទួលទេសចរប្រទេសនេះ រួចជាស្រេចហើយដែរ ដូចជា ការដាក់ចេញឲ្យប្រើប្រាស់សៀវភៅស China Ready ដែលមានការវាយតម្លៃលើលទ្ធផលនៃការអនុវត្តជារៀងរាល់ឆ្នាំ ការសម្រួលទិដ្ឋការជូនទេសចរចិន ការដាក់ស្លាកសញ្ញាស្គាល់ សញ្ញាប្រាប់ទិសជាភាសាចិន ការបណ្ដុះបណ្ដាលភាសាចិនជាដើម។
លោករដ្ឋមន្ត្រីបានបន្តថា នៅឆ្នាំ២០២០ ភ្ញៀវទេសចរចិននឹងចេញទស្សនាក្រៅប្រទេសប្រមាណ ២០០លាននាក់ ដូច្នេះប្រទេសណាក៏ត្រូវត្រៀមទទួលភ្ញៀវទេសចរចិនដែរ រួមទាំងកម្ពុជាផងដែរ ក៏ប៉ុន្តែការត្រៀមទទួលទេសចរអន្តរជាតិនេះ គ្រប់ប្រទេសក៏ត្រូវមានផែនការមេច្បាស់លាស់ ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ សេវាកម្មធនធានមនុស្សក្នុងវិស័យទេសចរណ៍ មធ្យោបាយធ្វើដំណើរជាដើម ដោយឡែកសម្រាប់កម្ពុជា នៅតាមខេត្ត និងគោលដៅទេសចរណ៍មួយចំនួន មិនទាន់មានផែនការមេអភិវឌ្ឍន៍របស់ខ្លួន និងផែនការមេនៃការអភិវឌ្ឍវិស័យទេសចរណ៍នៅឡើយទេ។
លោករដ្ឋមន្ត្រី ថោង ខុន បានស្នើដល់មិត្តចិន តាមរយៈគណៈប្រតិភូដែលដឹកនាំដោយលោក ជី ចាងឈី នាពេលនេះ មេត្តាជួយសិក្សារៀបចំផែនការមេក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ នៅតំបន់ឆ្នេរសមុទ្រកម្ពុជា ជាមួយនឹងកិច្ចសហប្រតិបត្តិការដទៃទៀត ពីព្រោះខេត្តសាងទុង ជាខេត្តដែលមានបទពិសោធន៍ជោគជ័យក្នុងការរៀបចំផែនការអភិវឌ្ឍ រហូតជោគជ័យលើការគ្រប់គ្រង និងការអភិវឌ្ឍវិស័យទេសចរណ៍របស់ខ្លួន ពិសេសនៅតំបន់ឆ្នេរសមុទ្រតែម្ដង។
លោក ជី ចាងឈី បានបញ្ជាក់ថា នឹងនាំសំណើរបស់ភាគីមិត្តកម្ពុជាដាក់ជូនរដ្ឋាភិបាលរបស់ខ្លួន ដើម្បីជួយដល់កម្ពុជាតាមការ សំណូមពរទាំងនេះ ខណៈភាគីចិនក៏បានលើកឡើងដែរថា កម្ពុជាពិតជាមានសក្ដានុពលខ្ពស់ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ដែលខុសពីអ្វីដែលពួកគេបានឮថា កម្ពុជាមានតែប្រាសាទអង្គរវត្ត ដែលមានសក្ដានុពលទាក់ទាញទេសចរ ប៉ុន្តែអ្វីដែលមាននៅកម្ពុជានេះ លើសពីអ្វីដែលពួកគេធ្លាប់ដឹងឮនោះច្រើនណាស់៕ ដោយ ៖ បញ្ញាស័ក្តិ