Sunday, April 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីក្រសួងធនធានទឹក ចុះពិនិត្យការស្ថាបនាច្រាំងទន្លេនៅពាមកោះស្នា

ខេត្តកំពង់ចាម: ក្រោមការយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ដោយបានសហការគ្នាប្រើប្រាស់បាវខ្សាច់យក្ស ដើម្បីទប់ច្រាំងទន្លេកុំឲ្យបាក់នារដូវវស្សា ធ្វើយ៉ាងណាឱ្យបងប្អូនដែលមានផ្ទះរស់នៅតាមដងទន្លេធានាបាននៅសុវត្ថិភាព។
ជាក់ស្ដែងនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំក្រុមការងារខេត្ត អាជ្ញាធរមូលដ្ឋាន និងមន្ត្រីបច្ចេកទេស អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ច្រាំងទន្លេមេគង្គ ក្នុងឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ជាមួយនោះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមផងដែរ។

សូមជម្រាបថា ការងារសាងសង់ច្រាំងទន្លេបានចាប់ផ្តើមអនុវត្តពីថ្ងៃទី២៩ ខែមិនា ឆ្នាំ២០២៥ គិតត្រឹមថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ វឌ្ឍនភាពការងារសម្រេចបានប្រមាណ ៤០% ស្មើនឹងប្រវៃង ៤៣០ម៉ែត្រ/៥០០ម៉ែត្រ ក្នុងនោះរួមមាន៖ ទី១.ប្រើបាវច្រកខ្សាច់ចំនួន ៩៧១បាវ ទី២.ទូកបូមខ្សាច់ចំនួន ១៦២ទូក ទី៣.ចាក់ដីបំពេញចំនួន ២៥០ឡាន(៥ម៉ែត្រគូប/ឡាន) និងទី៤.ការងាររៀបបាវខ្សាច់ ៣ជាន់ បានប្រវែង ៤៣០ម៉ែត្រ រៀបបាវ ៤ជាន់ប្រវែង១០០ម៉ែត្រ និងរៀបបាវ ៥ជាន់ ប្រវែង ៥០ម៉ែត្រ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងធនធានទឹកបានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារដែលសម្រេចបាន ព្រមទាំងបានណែនាំដល់ក្រុមការងារបច្ចេកទេសឱ្យបន្តពង្រឹងលើគុណភាព និងជំរុញការអនុវត្តការងារឱ្យសម្រេចបានតាមផែនការគ្រោងទុកប្រកបដោយប្រសិទ្ធភាពខ្ពស់ និងឆ្លើយតបតាមផែនការកាត់បន្ថយការបាក់ច្រាំងទន្លេឱ្យបានជាអតិបរមា។

ចំណែកលោកទុន សៀង មេឃុំពាមកោះស្នា មានប្រសាសន៍ឲ្យដឹងនាងល្ងាចថ្ងៃទី២០មេសាថា សកម្មភាពរៀបចំបើកខ្សាច់យក្សទប់ច្រាំងទន្លេកុំឲ្យបាក់នារដូវវស្សាខាងមុខ ហើយនៅតំបន់នេះឯកឧត្តមអភិបាលខេត្តក៏ដូចជាជំនាញក្រសួងធនធានទឹកនិងឧតុនិយមតែងតែចុះតាមដានជាប្រចាំដើម្បីធានាសុវត្ថិភាពជូនដល់បងប្អូនប្រជាពលរដ្ឋរស់នៅតាមដងទន្លេ៕ រក្សាសិទ្ធដោយ៖ ភ្នំប្រុសភ្នំស្រី