Friday, May 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សូម​ពិចារណា! នារី​ម្នាក់​ប្រកាស​តាម TikTok ថា អត់​នៅផ្ទះ​សោះ ភ្លើង​ឡើង​ជា​ង ៤០ ម៉ឺន​រៀល តែ​អគ្គិសនី​កម្ពុជា រក​មិនឃើញ​មូលហេតុ ឬ​គាត់​ចេះតែថា…

ថ្មីៗនេះ មហាជនអ្នកលេងបណ្តាញសង្គម ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់នារីម្នាក់បានចេញមុខប្រាប់ឲ្យបងប្អូនដឹងថា៖ «បងប្អូន ភ្លើងខែហ្នឹង ខ្ញុំអត់បង់ទេណាស! ខ្ញុំអត់ដែលនៅផ្ទះទេ តែភ្លើងរបស់ខ្ញុំខែហ្នឹងអស់ប៉ុនណិ ( ៤០៤,៤០០រៀល) ខ្ញុំអត់មាត់ទេ… ចឹងខ្ញុំអត់មានលុយបង់ទេ ទឹកភ្លើងស៊ីដល់ក ខ្ញុំអត់បង់ទេ អាណិតប្រជាជនផង ជិតលៀនអណ្តាតហើយ សភ្នែកដូចត្រីស្ងោ»។

តែក្រោយវីដេអូនេះបានផ្ទុះឡើង បង្កឲ្យមានការវែកញែកក្តៅគគុក ខណៈបងប្អូនប្រជាពលរដ្ឋជាច្រើន ដែលក៏មិនយល់ចំពោះបញ្ហាឡើងភ្លើងខុសប្រក្រតីនេះ បានប្រាប់ថា ពីរបីខែនេះឡើងដល់ក ធ្លាប់តែរាល់ដងអស់ជាង ២ ម៉ឺន អីទេ តែខែនេះឡើងដល់ ៨ ម៉ឺន… នៅយប់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ ទំព័រហ្វេសប៊ុក អគ្គិសនីកម្ពុជា​ -EDC បានធ្វើការឆ្លើយតបទៅនឹងនារីជាអតិថិជនខាងលើ និងបំភ្លឺយ៉ាងដូច្នេះថា៖ «បើតាមការចុះទៅពិនិត្យដោយផ្ទាល់ ពីក្រុមការងារបច្ចេកទេសឃើញថា ប្រព័ន្ធនាឡិកាស្ទង់ល្អត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ជាក់ស្ដែងខ្សែហ្វាចូល និងចេញត្រឹមត្រូវ នាឡិកាស្ទង់ដំណើរការធម្មតា។ សម្ភារប្រើប្រាស់របស់អតិថិជនមានដូចជា៖ ទូរទឹកកក ០១គ្រឿង ម៉ាស៊ីនត្រជាក់ ០១គ្រឿង ឆ្នាំងដាំបាយ ០១គ្រឿង អំពូល០៤គ្រាប់ និងឧបករណ៍បន្ទាប់បន្សំផ្សេងៗទៀត។

សូមជម្រាបថា អតិថិជនពុំបានចូលរួមពិនិត្យជាមួយក្រុមការងារបច្ចេកទេសទេ ប៉ុន្តែអតិថិជនបានអនុញ្ញាតឱ្យម្តាយមីងចូលរួម សហការពិនិត្យជំនួស។ ម្តាយមីងរបស់គាត់បានឯកភាពក្នុងការពិនិត្យតាមលក្ខណៈបច្ចេកទេសស្របតាមនីតិវិធី និងវិជ្ជាជីវៈត្រឹមត្រូវរបស់ក្រុមការងារ។ ទោះបីជាម្ចាស់គណនី Tik Tok ឈ្មោះ Āmm Mā មិនឯកភាព ប៉ុន្តែអតិថិជនបានទូទាត់ប្រាក់ប្រើប្រាស់ថាមពលប្រចាំខែបានទៀងទាត់ធម្មតា មិនមែនដូចការចុះផ្សាយរបស់អតិថិជននោះទេ។

អគ្គិសនីកម្ពុជា សូមសំណូមពរចំពោះអតិថិជនទាំងអស់ដែលស្ថិតក្រោមការគ្រប់គ្រងរបស់អគ្គិសនីកម្ពុជា ប្រសិនបើមានបញ្ហា ឬចម្ងល់អ្វី ពាក់ព័ន្ធនឹងការប្រើប្រាស់ថាមពលអគ្គិសនី ការចុះផ្សាយតាមបណ្តាញសង្គម Facebook ឬ Tik Tok ឬបណ្តាញសង្គមផ្សេងទៀត មិនមែនជាដំណោះស្រាយនោះទេ សូមអតិថិជនអញ្ជើញមកបណ្តាសាខានៅរាជធានីភ្នំពេញ ឬអគ្គិសនីខេត្តចំណុះឱ្យអគ្គិសនីកម្ពុជា ដោយផ្ទាល់ ឬទំនាក់ទំនងតាមរយៈលេខទូរស័ព្ទដែលមាននៅលើវិក្កយបត្រ ឬទំព័របណ្តាញសង្គម Facebook ផ្លូវការរបស់ “អគ្គិសនីកម្ពុជា-EDC” ឬទំនាក់ទំនងទីស្នាក់ការកណ្តាលអគ្គិសនីកម្ពុជាតាមរយៈលេខទូរស័ព្ទ ១២៩៨ ទាំងនេះជានីតិវិធីនៃការដោះស្រាយ ដោយឥតគិតថ្លៃ។ អាស្រ័យហេតុនេះសូមអតិថិជន និងសាធារណជនមេត្តាជ្រាបជាព័ត៌មាន។ សូមអរគុណ»។

ដោយឡែក នៅពេលមានការចោទប្រកាន់ថា៖ «រឿងកុងទ័រ/នាឡិកាភ្លើង វាដឹងតែវាស់ហើយ តែ EDC ជាមេកាន់តួលេខ ហើយបើប្រព័ន្ធមេរុញតួលេខហើយ កុងទ័រវាចាប់តាមហ្នឹង។ សម័យនេះ គេលួចតាមប្រព័ន្ធបច្ចេកទេស ហើយកុំទំលាក់ឲ្យកុងទ័រភ្លើង។ បើមើលតែកុងទ័រភ្លើង វានៅតែកុងទ័រភ្លើងហ្នឹង ទាល់តែឆែកប្រព័ន្ធមេ EDC បានវាឃើញស និងខ្មៅ», អគ្គិសនីកម្ពុជា ក៏បានធ្វើការឆ្លើយតបថា៖ «សូមជម្រាបថា គ្រប់ផ្ទះរបស់អតិថិជនគឺមានប្រព័ន្ធនាឡិកាស្ទង់ជាអ្នកកត់ត្រាគ្រប់សម្មភាពប្រើប្រាស់ក្នុងផ្ទះរបស់អតិថិជន មិនអាចចេះតែលើកឡើងគ្មានមូលដ្ឋានគ្រឹះនោះឡើយ។ ហើយចំពោះនាឡិកាស្ទង់នេះ គឺខែក្តៅ និងខែត្រជាក់ប្រើប្រាស់ដដែលមិនមាននរណាទៅកែច្នៃ ឬបន្លំអតិថិជនឡើយ ប៉ុន្តែពេលខែត្រជាក់អតិថិជនប្រើប្រាស់អស់តិច អតិថិជនមិនដែលតវ៉ាឡើយ អតិថិជនតវ៉ាតែរដូវក្តៅ ដែលយើងខ្ញុំបានបញ្ជាក់ហើយថា ចំពោះផ្ទះរបស់អតិថិជនដែលប្រើប្រាស់ ឧបករណ៍អគ្គិសនីដែលបំលែងពីក្ដៅទៅត្រជាក់ដូចជា៖ កង្ហារ ម៉ាស៊ីនត្រជាក់ ទូទឹកកក តែងតែប្រើប្រាស់យូរជាងមុន ដោយស៊ីថាមពលច្រើនជាងមុន ទៅតាមបរិយាកាសដែលបរិក្ខារអគ្គិសនីខាងលើទទួលបាន។ ហើយចំពោះបញ្ហានាឡិកាស្ទង់ស៊ី ឬមិនស៊ីគីឡូ វាមិនអាស្រ័យលើការនិយាយនោះទេ។ ជាទូទៅប្រទេសនានានៅក្នុងពិភពលោកនេះ តាមនីតិវិធីគេយកនាឡិកាស្ទង់ដែលថាមានបញ្ហានោះទៅផ្ទៀងផ្ទាត់ ត្រួតពិនិត្យ វាស់ស្ទង់ដោយឧបករណ៍អេឡិចត្រូនិចច្បាស់លាស់មួយ ដើម្បីដឹងអំពីកម្រិត ឬភាគរយលម្អៀងរបស់វាក្នុងការធ្វើតេស្តពិសោធន៍ស្វែងរកភាពត្រឹមត្រូវមួយ។ ដូច្នេះហើយប្រសិនបើ បងប្អូនប្រជាពលរដ្ឋគិតថានាឡិកាស្ទង់មានបញ្ហាមិនប្រក្រតីដូចអ្វីដែលលើកឡើងមែន សូមធ្វើការស្នើមកអគ្គិសនីកម្ពុជា ឬអាជ្ញាធរអគ្គិសនីកម្ពុជា ដើម្បីទៅពិនិត្យជូន តើវាមានបញ្ហាដូចការលើកឡើងរបស់បងប្អូនដែរឬទេ។ សូមអរគុណ»។

ចំណែក រឿងមួយទៀត នៅពេលដែលបងប្អូនប្រជាពលរដ្ឋជាច្រើន បានលើកឡើងថា មកពីដាច់ភ្លើងញឹកញាប់ ទើបធ្វើឲ្យឡើងគីឡូខ្ពស់ «មិនដល់1mn បុកដាច់3ដង រឿងអីមិនមិនចម្លែក ឆេះអំពូលអស់1ហើយសរុបទៅគឺគុណនឹង2ឡើងផ្អើលគ្រប់គ្នាហើយអ្នក», អគ្គិសនីកម្ពុជា ក៏បានពន្យល់ថា៖ «សូមជម្រាបថា ចំពោះករណីដែលថាការដាច់ភ្លើងញឹកញាប់គីឡូភ្លើងកើនឡើងនោះ គឺមិនពិតនោះទេ គីឡូភ្លើងអស់តិច ឬច្រើននោះគឺអាស្រ័យនឹងការប្រើប្រាស់បរិក្ខារអគ្គិសនីរបស់អតិថិជន នៅពេលដែលដាច់ចរន្ត គឺឧបករណ៍គ្រឿងទទួលមិនអាចដំណើរការនោះទេ ព្រោះមិនមានចរន្តចូល ហើយនាឡិកាស្ទង់ក៏មិនអាចកត់ត្រាថាមពលកើតដែរ។ ដូច្នេះ សូមកុំមានការយល់ច្រឡំថាដាច់ភ្លើងញឹកគីឡូកើន។ ហើយប្រសិនបើអតិថិជនមានករណីដាច់ចរន្តញឹក សូមទាក់ទងមកយើងខ្ញុំភ្លាមៗ ដើម្បីក្រុមការងារពិនិត្យពីមូលហេតុនៃការដាច់ចរន្តអគ្គិសនីនេះ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×