ថ្មីៗនេះ នៅលើបណ្តាញសង្គម បានភ្ញាក់ផ្អើល និងហួសចិត្តខ្លាំងទៀតហើយ ខណៈដែលម្ចាស់ហាងអាហារដ្ឋានមួយកន្លែង បានសម្រេចប្រកាសស្វែងរកប្តីប្រពន្ធ២នាក់ ឲ្យមកទូទាត់ថ្លៃអាហារផង បន្ទាប់ពីញ៉ាំរួច មិនដឹងថាភ្លេច ឬ មានចេតនាយ៉ាងណា ស្រាប់តែនាំគ្នាឡើងឡានទំនើប ជិះចាកចេញបាត់យ៉ាងរំភើយ។
នេះបើតាមម្ចាស់ហាងដែលមានគណនីហ្វេសប៊ុកឈ្មោះ Ly Nam Long បានឲ្យដឹងថា ប្តីប្រពន្ធ២នាក់នោះ ដែលជាអតិថិជនតុលេខ៤ បានមកញ៉ាំអាហារនៅហាងរបស់ខ្លួន ស្ថិតនៅផ្លូវ ទន្លេមេគង្គ, ខណ្ឌ ជ្រោយចង្វារ កាលថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០២៣។ ប៉ុន្តែ បន្ទាប់ពីញ៉ាំរួច ពុំបានបង់ថ្លៃអាហារទេ ដោយបានឡើងរថយន្តទំនើប បើកចាកចេញតែម្តង។
ម្ចាស់ហាងក៏បានបញ្ជាក់ឲ្យដឹងថា ថ្លៃអាហារសរុបអស់ 280,900 រៀល (ស្មើនឹង 68.5$)។ ហេតុនេះ ប្រសិនម្ចាស់រថយន្តដែលមានស្លាកលេខ ភ្នំពេញ 2BS-1239 បានឃើញហើយ សូមមកជួយទូទាត់ថ្លៃញាំអាហារផង។
តែអ្វីដែលហួសចិត្តនោះ គឺនៅពេលមានអ្នកថា ផុសរូបគេអ៊ីចឹង តិចលោគេប្តឹងបាស់ជើង ក៏មានបងប្អូនអ្នកលេងបណ្តាញសង្គម បានឆ្លើយតបថា៖ «គ្មានវិធីអ្វីទាក់ទង ក្រៅពីផុសបែបនេះទេ ព្រោះយើងហូបរបស់គេហើយ មិនបង់ថ្លៃឲ្យគេ ហើយគេផុសឲ្យមកទូទាត់និយាយស្រួលបួលតើ!»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង