នេះជារឿងដ៏ហួសចិត្ត និងគួរឲ្យអស់សំណើចយ៉ាងខ្លាំង ក្រោយពីបានឃើញបងប្អូនអ្នកលេងបណ្តាញសង្គមជាច្រើន នាំគ្នាទៅឈ្លោះប្រកែកជាមួយក្រុមការងារសាលាសង្កាត់ ស្ទឹងមានជ័យទី១ ទាក់ទងរឿង «បង្អួតស្នាដៃ» គ្មានសំរាមតាមប្រឡាយលូ តែមើលមិនឃើញពីស្នាដៃក្រុមយុវជននិស្សិតសំរាម។
ជាក់ស្តែង តាមរយៈទំព័រហ្វេសប៊ុក សាលាសង្កាត់ ស្ទឹងមានជ័យ បានផុសទិដ្ឋភាពស្នាដៃដ៏ស្រស់ស្អាត នៃប្រឡាយលូយ៉ាងដូច្នេះថា៖ «ប្រឡាយស្ទឹងមានជ័យ ទទួលប្រភពទឹក មកពីគ្រប់ទិសទី អ្វីដែលធ្វើឱ្យកាន់តែរំភើបនោះ គឺគ្មានសំរាមតែម្តង ហើយនេះ ក៏មិនមែនលើកទីមួយទេ នៅពេលភ្លៀងធ្លាក់ម្តង អាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យមើលតាមប្រព័ន្ធលូ ប្រមូលសំរាមចេញពីមាត់លូ ធ្វើយ៉ាងដើម្បីឲ្យទឹកហូរបានលឿន។ ល្ងាចថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣»។
តែទោះជាយ៉ាងណា ក្រោយឃើញខាងសាលាសង្កាត់ ស្ទឹងមានជ័យ បានបង្ហោះបែបនេះ ក៏បានធ្វើឲ្យអ្នកលេងបណ្តាញសង្គមជាច្រើន នាំគ្នាចូលទៅឆ្លើយតបថា៖ «គួរតែអរគុណដល់យុវជនសំរាម ដែលពួកគាត់តែងតែចុះប្រមូលសំរាមក្នុងប្រឡាយ, បានខាងយកមុខ មិនចេះខ្មាសពលរដ្ឋ និងក្រុមនិស្សិតប្លាស្ទិចដែលពួកគាត់ខំធ្វើ តែបានផលទៅលើតែពួកអស់លោក, សុំមើលរូបថតពេលអាជ្ញាធរចុះប្រមូលបន្តិចមក admin,…»។
ជាការឆ្លើយតប ក្រុមការងារសាលាសង្កាត់ ស្ទឹងមានជ័យ បានពន្យល់ឲ្យដឹងជាហូរហែថា៖ «ប្រឡាយស្ទឹងមានជ័យ ផ្នែកខាងអភិវឌ្ឍន៍ ហើយស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ប្រវែងជិតមួយគីឡូដី អត់ដែលមានយុវជន ចុះប្រមូលសំរាមទេ, ក្រុមគាត់អត់ដែលបានចុះខាងខ្ញុំទេ ព្រោះប្រឡាយទើបនិងអភិវឌ្ឍន៍ហើយ, ខ្ញុំគាំទ្រពួកគាត់ តែខាង ស្ទឹងមានជ័យទី១ ខាងក្រុមគាត់ អត់ដែលចុះទេ បើមិនជឿ សួរពួកគាត់ទៅ បើខាងស្ទឹងមានជ័យទី២ ស្ពានទី១ ស្ពានទី២ បឹងទំពុន ទើបមាន»។
ដោយឡែក នៅពេលមានអ្នកសួរថា «សួរតាមត្រង់ ដែលចុះមើលក្នុងមូលដ្ឋានខ្លួនអត់បាននិយាយថា ខាងនិស្សិតប្លាស្ទិចមិនបានចូលប្រមូល» សាលាសង្កាត់ ស្ទឹងមានជ័យ បានបញ្ជាក់បន្ថែមឡើងចង់ឈឺក្បាលថា៖ «ប្រឡាយស្ទឹងមានជ័យ ស្ថិតនៅស្ទឹង១ ស្ទឹង២ និងបឹងទំពុន តែបងផុសតែខាងស្ទឹង១ទេ កុំយល់ប្រឡុំ, បុណ្យ បាប មែនពិត ខ្ញុំផុសតែប្រឡាយ ស្ថិតនៅស្ទឹងមានជ័យទី១ទេ ក្រុមគាត់មិនដែលមកប្រមូលខាងសង្កាត់ស្ទឹង១ទេ ព្រោះគ្មានសំរាម»។
ទោះជាយ៉ាងណា រឿងកំពុងយល់ច្រឡំគ្នានេះ គឺមានតែខាងក្រុមយុវជននិស្សិតសំរាម ប៉ុណ្ណោះ ទើបពួកគាត់បានដឹងច្បាស់៕ រក្សាសិទ្ធិដោយ៖ លឹម ហុង













