រហូតមកដល់ពេលនេះ មជ្ឈដ្ឋានមហាជនអ្នកលេងបណ្តាញសង្គម គឺនៅតែចាប់អារម្មណ៍ខ្លាំង ពីដំណើររឿងរ៉ាវរបស់អតីតកីឡាករប្រដាល់ជើងចាស់ លោក បឺត សំរេច ដែលថ្មីៗនេះ លោកបានចេញមុខប្រកាសថា រូបលោកគឺជាកូនប្រុសបង្កើតរបស់អធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត ដែលធ្វើឲ្យមហាជនគ្រប់គ្នាភ្ញាក់ផ្អើល និងស្ទើរតែមិនគួរឲ្យជឿ។
ទោះជាយ៉ាងណា លោកបានបញ្ជាក់ថា ការដែលលោកទើបចេញមុខលាតត្រដាងការពិតនាពេលនេះ គឺដោយសារតែលោកមានការតូចចិត្ត និងឈឺចាប់ខ្លាំង មិនចង់បញ្ចេញឲ្យគេដឹងឡើយ ដែលកើតមកមានឈ្មោះជាកូនឥតខាន់ស្លា ព្រោះតែឪពុករបស់លោក (ស៊ីន ស៊ីសាមុត) បានយកម្តាយរបស់លោកដែលមានឈ្មោះថា ធីម វិជ្ជរ៉ា ដោយលួចលាក់។ ហើយរឿងនេះ បានធ្វើឲ្យម្តាយរបស់លោកឈឺចាប់ខ្លាំង រហូតបោះបង់រូបលោកដែលទើបកើតបានអាយុ ៦ ខែ ទៅរស់នៅប្រទេសឡាវ (ជាស្រុកកំណើតរបស់គាត់) វិញ ដោយទុកឲ្យរូបលោកនៅជាមួយបងស្រីបង្កើតរបស់គាត់ ជាអ្នកជួយចិញ្ចឹមបីបាច់ រហូតលោកអាយុ ១៤ ឆ្នាំ ទើបម្តាយចិញ្ចឹមទម្លាយការពិតឲ្យដឹង។
តែទន្ទឹមនឹងលោក បឺត សំរេច ចេញមកទម្លាយរឿងនេះ ក៏បានធ្វើឲ្យមហាជនជាច្រើន នាំគ្នាជជែកវែកញែកជាមួយមន្ទិលថា តើលោកពិតជាកូនប្រុសបង្កើតរបស់អធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត ពិតមែន ឬយ៉ាងណា? ព្រោះថា ព្រោះលោកជាកូនគ្មានខាន់ស្លា ហើយពិសេសទៀតនោះ ទម្រង់មុខមាត់ អាយុឆ្នាំកំណើត និងទឹកដមសំឡេង គឺស្រដៀង ដូចគ្នាខ្លាំងតែម្តង។
តែបើទោះជាមានមហាជនជាច្រើន បានគាំទ្រ និងថា លោក បឺត សំរេច ពិតជាកូនប្រុសរបស់លោក ស៊ិន ស៊ីសាមុត ក៏មានមនុស្សមួយចំនួន បែរជារិះគន់ចោទប្រកាន់ថា លោក បឺត សំរេច ចេញមកអះអាងបែបនេះ គឺគ្រាន់តែជាការប្រឌិតរឿង ព្រោះចង់យកមុខមាត់ ចង់ល្បីតែប៉ុណ្ណោះ។ តែក្រោយឃើញមនុស្សទាំងនោះ បានរិះគន់ចោទប្រកាន់មកលើខ្លួនជាកូនឥតខាន់ស្លាបែបនេះ លោក បឺត សំរេច ក៏បានចេញវីដេអូរៀបរាប់ទាំងទឹកភ្នែក និងឈឺចាប់ខ្លាំងបំផុតថា លោកគ្មានគំនិតប្រឌិតរឿងចង់ល្បី ចង់យកមុខមាត់អ្វីនោះទេ ព្រោះកេរ្តិ៍ឈ្មោះរបស់លោកបានល្បីយូរមកហើយ។ ហើយម្យ៉ាងទៀត លោកក៏មិនចង់បានអ្វី ព្រោះឪពុករបស់លោក (ស៊ិន ស៊ីសាមុត) ក៏ពុំបានបន្សល់ទុកកេរ្តិ៍មរតកអ្វីដល់លោកនោះដែរ។
ទោះជាបែបណាក៏ដោយ សំខាន់នៅពេលនេះ មហាជនជាច្រើនកាន់តែគាំទ្រ និងសូម្បីចាត់ទុករូបលោក គឺជាតំណក់ឈាមរបស់អធិរាជសំលេងមាសលោក ស៊ិន ស៊ីសាមុត តែម្តង។ ជាក់ស្តែង មកស្តាប់បណ្តុំកំពូលបទប្រៀបធៀប និងការបកស្រាយឡើងវិញ របស់លោក បឺត សំរេច គឺពិតជាដូចគ្នាខ្លាំងណាស់ ដែលធ្វើឲ្យអ្នកលេងបណ្តាញសង្គមគ្រប់គ្នាសរសើរមិនដាច់ពីមាត់ ដល់ថ្នាក់និយាយថា «សំឡេងមាសទី២, ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់មែន មិនចាញ់ឪពុកប៉ុន្មានទេ ស្តាប់ហើយចង់ស្តាប់ទៀត មិនជិនណាយ!,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង










