នេះជារឿងដ៏ភ្ញាក់ផ្អើល និងគួរឲ្យហួសចិត្តយ៉ាងខ្លាំង ដែលអ្នកលក់ទូរស័ព្ទ Online រកស៊ីបោកប្រាស់ម្នាក់ បានមកអួតអាងថា ខ្លួនជាប៉ូលិសពាក់ផ្កាយ គំរាមរកវាយ និងដកស័ក្កអធិការរងខណ្ឌកំបូល ព្រមទាំងនាយរងភ្លើងឆេះរទេះទៀតផង ព្រោះខឹងជួយអន្តរាគមន៍ដល់អ្នកទិញ ដែលបានមកប្តឹង រឿងរកស៊ីលក់ទូរស័ព្ទបោកប្រាស់ទំនុកចិត្តអតិថិជន។
បើតាមអ្នកទិញរងគ្រោះ ដែលជាមន្រ្តីយោធាវ័យក្មេងម្នាក់ បានប្រាប់ឲ្យដឹងថា គាត់បានឃើញផេកលក់ទូរស័ព្ទអនឡាញមួយមានឈ្មោះ «PP 168 លក់ទូរស័ព្ទ» ដែលបានប្រម៉ូតូលក់ទូរស័ព្ទតម្លៃធូរៗថ្លៃគួរឲ្យចាប់អារម្មណ៍។ ហើយបន្ទាប់ពីបានវិលត្រឡប់មកពីលេងផ្ទះវិញ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ គាត់ក៏បានទាក់ទងទិញទូរស័ព្ទ១គ្រឿងម៉ាក iPhone 14 Pro Max (ផលិតផលចិន) តម្លៃ ១០៥ ដុល្លារ ដោយអ្នកលក់ធានាជួសជុលរយៈពេល១ឆ្នាំ។
ប៉ុន្តែ បន្ទាប់ពីអ្នកដឹកជញ្ជូនយកប្រគល់ដល់ផ្ទះ ស្រាប់តែទូរស័ព្ទនោះមិនស្គាល់ Sim Card ប្រើមិនកើត គាត់ក៏ទាក់ទងទៅអ្នកលក់វិញ ប៉ុន្តែ បែរត្រូវបានគេប្លុករហូត ៣ គណនី។ ទោះជាយ៉ាងណា ដោយចង់ឈ្នះអ្នកលក់បោកប្រាស់ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ គាត់ក៏បានប្រើល្បិចយកអាខោនផ្សេងឆាតទៅទិញចំនួន២គ្រឿងបន្ថែមទៀត ហើយណាត់ជួបទទួលផលិតផលកន្លែងផ្សេង លុះពេលអ្នកដឹកជញ្ជូនមកដល់ ក៏បាននាំខ្លួនអ្នកដឹកទៅប៉ុស្តិ៍ភ្លើងឆេះរទេះតែម្តង ដើម្បីស្វែងរកមុខអ្នកលក់ឲ្យមកទទួលខុសត្រូវ។
អ្វីដែលកាន់តែហួសចិត្តខ្លាំងនោះ គឺបន្ទាប់មក ស្រាប់តែអ្នកលក់បានបើករថយន្តម៉ាកធុនត្រាពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BK-8185 មកដល់ ដោយមិនបាននិយាយដំណោះស្រាយរឿងទូរស័ព្ទទេ តែបែរជាបញ្ចេញចរិកក្អេងក្អាង ស្រែកឡោឡា អួតខ្លួនជាប៉ូលិសពាក់ផ្កាយនៅក្រសួងមហាផ្ទៃ គំរាមរកវាយ និងដកស័ក្ក លោកអធិការរងខណ្ឌកំបូលម្នាក់ចោល និងព្រមទាំងនាយរងប៉ុស្តិ៍ភ្លើងឆេះរទេះម្នាក់ទៀតផង។
តែនៅពេលសមត្ថកិច្ចសុំគោលការណ៍ឃាត់ខ្លួន ស្រាប់តែបុរសអ្នកលក់ជើងខ្លាំងរូបនេះ ហាក់ភ័យខ្លួនខ្លាំង ក៏ចាប់ផ្តើមបន្ទន់ឥរិយាបទ ដើរសំពះអង្វរសុំសម្រួលម្តងវិញដ៏ហួសចិត្តបំផុត។ តែទោះជាយ៉ាងណាក៏ដោយ រឿងនេះ សមត្ថកិច្ចមិនឲ្យរួចខ្លួនស្រួលៗទេ ដោយចាត់ការតាមនីតិវិធីផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង










