ពិភពលោកមានក្រុមជនជាតិភាគតិចជាច្រើន ដែលនីមួយៗមានទំនៀមទម្លាប់ និងលក្ខណៈរស់នៅផ្ទាល់ខ្លួនរបស់ពួកគេ ខណៈក្នុងសង្គមសម័យទំនើប មនុស្សគ្រប់រូបតែងប្រាថ្នាចង់បានភាពងាយស្រួល និងជីវិតរស់ឱ្យកាន់តែស៊ីវីល័យ។ ប៉ុន្តែ សម្រាប់កុលសម្ព័ន្ធចម្លែកមួយនេះវិញ ដែលរស់នៅបានតាមរយៈតែការបរបាញ់អាស្រ័យធម្មជាតិ ដូចសម័យបុរាណ គឺមិនដឹងថាលុយជាអ្វីនោះទេ។
នោះគឺជាកុលសម្ព័ន្ធ Hadza នៅអាហ្វ្រិក។ ប្រជាជន Hadza រស់នៅក្នុងតំបន់ខ្ពង់រាបនៃអាហ្វ្រិកខាងកើត ភាគច្រើនស្ថិតនៅក្នុង តង់ហ្សានី។ ពួកគេមានក្រុមតូចៗប្រហែល ៣០ នាក់ ដែលរាយប៉ាយនៅក្នុងព្រៃជុំវិញតំបន់បម្រុង Ngorongoro ។
របៀបរស់នៅរបស់កុលសម្ព័ន្ធនេះ គឺនៅតែដូចនៅសម័យបុព្វកាល។ បុរសបរបាញ់ ហើយស្ត្រីប្រមូលផ្តុំ។ ពួកគេបានបរបាញ់សត្វស្វា ពស់ និងសូម្បីតែសត្វតោដែលស៊ីមនុស្ស ដោយធ្នូ និងព្រួញ ធ្វើដោយដៃជំនួសឱ្យការធ្វើស្រែចម្ការ និងចិញ្ចឹមសត្វ។
ពួកគេក៏មិនសាងសង់លំនៅដ្ឋានអចិន្ត្រៃយ៍នោះទេ។ បុរសនៅទីនេះរៀនពីរបៀបធ្វើធ្នូ និងបរបាញ់តាំងពីក្មេង ពោលគឺអាចនិយាយបានថា ធ្នូ និងព្រួញ អមដំណើរពួកគេពេញមួយជីវិតតែម្តង។
ជីវិតរបស់កុលសម្ព័ន្ធ Hadza គឺស្មើគ្នាខ្លាំងណាស់ បន្ទាប់ពីបរបាញ់ជាអាហារ ពួកគេនឹងបែងចែកស្មើៗគ្នា ក្នុងចំណោមមនុស្សគ្រប់គ្នា។ ពួកគេក៏អត់មានអ្នកដឹកនាំនោះដែរ គឺពេលមានបញ្ហា ពួកគេនឹងពិភាក្សាជាមួយគ្នា។
តើហេតុអ្វី បានជាពួកគេនៅតែរក្សារបៀបរស់នៅបែបនេះ?
នោះគឺប្រហែលជាដោយសារទម្លាប់ជីវិត ត្រូវបានបង្កើតឡើង និងបណ្តុះតាំងពីកំណើតមក។ ពួកគេមិនចង់បាត់បង់ប្រពៃណី នៃកុលសម្ព័ន្ធ ដែលដូនតារបស់ពួកគេបានបន្សល់ទុកនោះទេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង