កាលពីពេលកន្លងទៅថ្មីៗនេះ កូនប្រុសរបស់កវីនិពន្ធ និងជាវីរៈតន្រ្ដីករវីយូឡុង លោក អ៊ុំ ដរ៉ា សម្ដែងការមិនពេញចិត្ត ចំពោះសិល្បៈករមួយចំនួន ដែលតែងតែយកស្នាដៃឪពុករបស់ខ្លួន ទៅច្រៀង Cover ឡើងវិញ ដោយពុំបានសុំការអនុញ្ញាត។
នេះបើយោងតាមគណនីហ្វេសប៊ុក Oum Dara Violin បានបង្ហោះឲ្យដឹងថា ពុកម៉ែបងប្អូនដឹងទេថា បច្ចុប្បន្ននេះ បទចម្រៀងដែលជាស្នាដៃនិពន្ធរបស់លោក អ៊ុំដរ៉ា កាលពីឆ្នាំ១៩៨០ កំពុងតែផ្ទុះល្បីម្តងទៀតនៅក្នុងឆ្នាំ ២០២៣ នេះ ។ អ្នកចម្រៀងខ្លះក៏ខលមកសុំការអនុញ្ញាត ដើម្បីយកទៅច្រៀងឡើងវិញ ចំណែកអ្នកចម្រៀងខ្លះយកទៅច្រៀងឡើងវិញ ច្នៃភ្លេងដោយគ្មានសុំការអនុញ្ញាតពីខាងយើងខ្ញុំឡើយ ជាពិសេសមិនបានស្វែងរកឈ្មោះម្ចាស់សំនៀងដើម និងអ្នកនិពន្ធផងដែរ ។ ដើម្បីកុំអោយបាត់បង់ស្នាដៃម្ចាស់ដើម សូមគ្រប់ផេកទាំងអស់ដែលបានផុសចម្រៀងដែលកំពុងល្បីម្តងទៀតនេះ សូមមេត្តាដាក់ឈ្មោះម្ចាស់ដើមផង។
គួរបញ្ជាក់ថា ការចេញមកប្រតិកម្មរបស់គ្រួសារលោក អ៊ុំ ដារ៉ា ដែលជាស្តេចវីយ៉ូឡុង មានវ័យចាស់ជរាខ្លាំងទៅហើយ គឺស្របពេលដែលបទចម្រៀង «ប្រុសព្រានស្នេហា» ដែលគេដឹងថា ជាស្នាដៃនិពន្ធផ្ទាល់របស់លោក អ៊ុំ ដារ៉ា ត្រូវបានឃើញអ្នកចម្រៀងភ្លេងប្រពៃណីអ្នកនាង ខាត់ សួស្តី (ប្អូនស្រីអ្នកនាង ខាត់ សុឃីម) បានលើកមកច្រៀង ជាមួយបទភ្លេងថ្មី កំពុងល្បីយ៉ាងខ្លាំង ខណៈអ្នកលេងបណ្តាញសង្គមជាច្រើន បានយកទៅធ្វើវីដេអូ និងច្រៀងត្រាប់តាមបង្ហោះនៅលើ TikTok ឡើងព្រោងព្រាតតែម្តង។
ទោះជាយ៉ាងណា កូនប្រុសរបស់លោក អ៊ុ ដារ៉ា ក៏បានបញ្ជាក់ថា អ្នកនាង ខាត់ សួស្តី បានសុំការអនុញ្ញាតត្រឹមត្រូវ ពីក្រុមគ្រួសាររបស់លោកផ្ទាល់ផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង






