Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ដាក់ចេញ​នូវ​បទបញ្ជា ចំនួន​៤​ចំណុច​សំខាន់ៗ ឲ្យ​កងកម្លាំង កងរាជអាវុធហត្ថ អនុវត្ត​ឲ្យបាន នៅ​មុនពេល និង​អំឡុងពេល នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦

spot_img

​ស្វាយរៀង ​៖ នៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ថ្មី​ខេត្តស្វាយរៀង​នៅ​ព្រឹក​ថ្ងៃទី​១៤​ខែកក្កដា​ឆ្នាំ​២០១៨​នេះ​សម្តេច​ពិជ័យ​សេនា​ទៀ ​បាញ់ ​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​តេជោ​ហ៊ុន​សែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​ដាក់ចេញ​នូវ​បទបញ្ជា ចំនួន​៤​ចំណុច​សំខាន់ៗ ឲ្យ​កងកម្លាំង កងរាជអាវុធហត្ថ អនុវត្ត​ឲ្យបាន នៅ​មុនពេល និង​អំឡុងពេល នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ នា​ចុងខែ​កក្កដា​នេះ​ខណៈ​ដែល​សម្តេច​បាន​អញ្ជើញ​ចូលរួម​ជា​អធិបតី​នៅក្នុង​ពិធី​ខួប​លើក​ទី​២៥​ទិវា​កងរាជអាវុធហត្ថ​និង​សម្ភោ​ធ​ដាក់អោយ​ប្រើប្រាស់​អគារ​ល្អ​ប្រណិត​ចំនួន​ពីរ​អាគារ​និង​សមទ្ធិ​ផល​នានា​ដែល​ចំណាយ​ថវិកា​អស់​ជាង​២​លាន​ដុល្លារ​។​

​ពិធី​នេះ​មាន​ការចូលរួម​ពី​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​ព្រឹទ្ធសភា​និង​អធិការកិច្ច​និង​លោកនាយ​ឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ នាយ​ឧត្តមសេនីយ៍​សៅ​សុខា និង​អស់លោក​លោកស្រី​ជា​នាយ​ឧត្តមសេនីយ៍ នាយទាហាន​ពលទាហាន​និង​ពល​អាវុធហត្ថ​ជាង​៦០០​នាក់​។​

​សម្តេច​ពិជ័យ​សេនា​ទៀ​បាញ់​បាន​ថ្លែង​នូវ​ការ​ផ្តាំផ្ញើ​ការសាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុន​សែន​ជូន​ដល់​អង្គពិធី​ផងដែរ​។ សម្តេច​ពិជ័យ​សេនា​ទៀ​បាញ់​បាន​ថ្លែងអំណរគុណ​លោកនាយ​ឧត្តម សៅ សុខា មន្ត្រី​កងរាជអាវុធហត្ថ​និង​កង​រាជ​អាវុធ​ខេត្តស្វាយរៀង ដែល​កសាង​កន្លែង​ទីបញ្ជាការ​បានល្អ​ប្រណិត​ទុក​សម្រាប់​ធ្វើ​ការងារ​ក្នុង​ការការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​។​

​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ បាន​ដាក់ចេញ​នូវ​បទបញ្ជា ចំនួន​៤​ចំណុច​សំខាន់ៗ ឲ្យ​កងកម្លាំង កងរាជអាវុធហត្ថ អនុវត្ត​ឲ្យបាន នៅ​មុនពេល និង​អំឡុងពេល នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ នា​ចុងខែ​កក្កដា​នេះ​គឺ បទបញ្ជា​ទី​១. កងរាជអាវុធហត្ថ ត្រូវ​ពង្រឹង​ការការពារ​សន្តិភាព ស្ថិរភាព​នយោបាយ ទី​២. រួម​គ្នា​ធានា​ឲ្យបាន​ការបោះឆ្នោត ដែល​ដំណើរការ​ដោយ​សេរី យុត្តិធម៌ ដែល​ច្បាប់​បោះឆ្នោត​បាន​តម្រូវ​។ ទី​៣. បន្ត​លើកកម្ពស់​ការថែរក្សា​សុខ​សន្តិភាព សាធារណៈ តាមរយៈ​ការពង្រឹង​វិន័យ សីលធម៌ ឲ្យ​សង្គម​កាន់តែ​មាន​ស្ថិរភាព និង​ចំនុច​ទី​៤. កងរាជអាវុធហត្ថ ត្រូវ​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ល្អ ជាមួយ​ស្ថាប័ន ក្រសួង និង​ប្រទេស​ជា​មិត្ត ធ្វើយ៉ាងណា​សំដៅ ធ្វើឲ្យ​ប្រទេស​រីកចម្រើន និង​ជីវភាព​ប្រជាពលរដ្ឋ កាន់តែ​រីកចម្រើន​។

​សម្តេច​ពិជ័យ​សេនា នៅក្នុង​ឱកាស​ដដែល​នេះ ក៏​បាន​អបអរសាទរ​ផងដែរ ចំពោះ​សកម្មភាព របស់​កងរាជអាវុធហត្ថ ដែល​បាន​អនុវត្ត​កន្លង​មក ដោយ​បាន​រួមចំណែក ជាមួយ​រាជរដ្ឋាភិបាល គ្រប់​កាលៈទេសៈ​ទាំងអស់ ក្នុងការ​ការពារជាតិ​មាតុភូមិ​។ សម្តេច​បាន​លើកឡើង​ដែរ​ថា ការ​ប្រារព្ធ​ពិធី​អបអរសាទ​រនា​ថ្ងៃនេះ គឺជា​ការលើកទឹកចិត្ត របស់​រាជរដ្ឋាភិបាល ក្រសួង​ការពារជាតិ ចំពោះ​កងរាជអាវុធហត្ថ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ក៏​ដើម្បី​ពង្រឹង​បន្ថែមទៀត នូវ​ការថែរក្សា​សុខសន្តិភាព​។ សម្តេច​ថា សុខ​សន្តិភាព​នេះហើយ ដែល​បាន​ធ្វើឲ្យ​ប្រទេស​រីកចម្រើន ដូច​បច្ចុប្បន្ន​។​

​សម្តេច​ពិជ័យ​សេនា​ក៏បាន​អំពាវនាវ​អោយ​កងកម្លាំង​ប្រដាប់​ទាំងអស់​ត្រូវ​ស្មោះត្រង់​និង​ការពារ​រាជរដ្ឋាភិបាល​ស្របច្បាប់​ដែលមាន​សម្តេច​តេជោ​ហ៊ុន​សែន​ជា​ប្រមុខ​ដឹកនាំ​ប្រទេស​និង​ត្រូវ​រក្សា​សុខ​សន្តិភាព​អោយ​ស្ថិតស្ថេរ​គង់វង្ស​យូ​អង្វែង​មាន​សន្តិភាព​ទើប​យើង​មាន​ឪ​កាស​អភិវឌ្ឍ​ប្រទេស​អោយ​រីកចម្រើន​លើក​គ្រប់​វិស័យ​។​សម្តេច​ពិជ័យ​សេនា​ក៏បាន​ជំរុញ​ដល់​កម្លាំង​ទាំងអស់​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​សូម​ទៅ​បោះឆ្នោត​នៅ​ថ្ងៃទី​២៩​ខែកក្កដា​ឆ្នាំ​២០១៨​អោយបាន​គ្រប់ៗ​ដើម្បី​ជ្រើសរើស​ថ្នាក់ដឹកនាំ​ដែល​ខ្លួន​ស្រឡាញ់​និង​ពេញចិត្ត​ក្នុង​ការទទួល​បាន​សមទ្ធិ​ផល​ជាច្រើនទៀត ៕ វ៉ៃកូ​

spot_img
×