យោងទៅតាមជំនឿដែលមានតាំងពីយូរយារណាស់មកហើយ ជនជាតិចិនបានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះដំណើរការពិធីបុណ្យសព និងការបញ្ចុះសព ហើយជឿយ៉ាងខ្លាំង ចំពោះរឿងខាងវិញ្ញាណទាក់ទងនឹងការស្លាប់ ជាពិសេសនៅតាមជនបទ។ ហេតុដូច្នេះហើយ បានជាគ្រួសារមួយនៅស្រុក Chongyang ទីក្រុង Hamning ខេត្ត Hubei ប្រទេសចិន មានការភ្ញាក់ផ្អើល នៅពេលដែលពួកគេបានរកឃើញបាតុភូតចម្លែកមួយពីផ្នូររបស់ដូចតារបស់ពួកគេ។ ទោះជាយ៉ាងណាក៏ដោយ ការពិតនៅពីក្រោយបាតុភូតនោះ បានធ្វើឱ្យពួកគេភ្ញាក់ផ្អើលកាន់តែខ្លាំង។
ទាក់ទងរឿងដ៏ចម្លែកនេះ នៅក្នុងឆ្នាំ២០១៨ បុរសម្នាក់ឈ្មោះ តុន ខណៈកំពុងធ្វើការនៅចំការ ពិតជាមានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលឃើញផ្នូររបស់ដូនតានៅលើភ្នំ ស្រាប់តែហុយផ្សែងពណ៌ខៀវដ៏អាថ៌កំបាំង។ លោក តុន បាននិយាយថា ដូនតារបស់លោកធ្លាប់ជាអ្នកមាន និងអ្នកមានអំណាច ប៉ុន្តែក្រោយមក បានផ្លាស់ទៅរស់នៅតំបន់ភ្នំដាច់ស្រយាលនេះ ដោយសារសង្គ្រាម និងហេតុផលមួយចំនួនទៀត។
ពេលឃើញផ្សែងខៀវហុយចេញពីផ្នូរដូនតា លោក តុន បន្ទាប់ពីមានការភ្ញាក់ផ្អើល ក៏បានគិតថា ដូនតាលេចចេញមក នេះជាសំណាងដ៏អស្ចារ្យ។ តាមគោលគំនិតរបស់អ្នកស្រុក ការសែនព្រេនរបស់ដូនតា អាចជួយកូនចៅឱ្យមានភាពចម្រុងចម្រើន ក្នុងការរកស៊ី មានលាភសំណាង និងមានសុភមង្គល។ លោក តុន ត្រឡប់មកផ្ទះវិញភ្លាម បានប្រាប់រឿងនេះដល់ក្រុមគ្រួសារ ហើយនៅថ្ងៃបន្ទាប់ ពួកគេបានឡើងភ្នំជាមួយគ្នា ដើម្បីទៅលេងផ្នូរដូនតា។
យ៉ាងណាក៏ដោយ ពេលឡើងទៅដល់កន្លែងពិនិត្យយ៉ាងយកចិត្តទុកដាក់ លោក តុន និងក្រុមគ្រួសារ បានរកឃើញថា ផ្សែងខៀវដែលហុយចេញពីផ្នូរនោះ មិនមែនជាបាតុភូតអព្ភូតហេតុទាល់តែសោះ។ លោក តុន បានរកឃើញរណ្តៅធំ ៤-៥ ក្បែរផ្នូរដូនតារបស់លោក ហើយបានប្រាប់ប៉ូលិសភ្លាមៗ។ ពេលប៉ូលីសទៅដល់កន្លែងកើតហេតុ និងពិនិត្យយ៉ាងដិតដល់ ទើបគេជឿថា ប្រហោងនោះបណ្តាលមកពីការផ្ទុះ ដែលជាមូលហេតុនៃផ្សែងពណ៌ខៀវកើតឡើងផងដែរ។
ទោះជាយ៉ាងណា ប៉ូលីសជឿថា អ្នកវាយប្រហារដោយដាក់ [រំសេវឱ្យផ្ទុះ] មិនបានកំណត់គោលដៅផ្នូរដូនតារបស់លោក សុន ទេ ប៉ុន្តែត្រូវតែមានអ្វីផ្សេងទៀតនៅក្រោម។ ដូច្នេះហើយបានទាក់ទងអ្នកបុរាណវិទ្យាឲ្យជួយពិនិត្យ។
នៅពេលដែលអ្នកជំនាញមកដល់ ពួកគេបានរកឃើញផ្លូវមួយ ហើយបានរកឃើញការពិតថា មានផ្នូរបុរាណមួយស្ថិតនៅខាងក្រោមផ្នូររបស់បុព្វបុរស នៃគ្រួសារលោក តុន ។ ការផ្ទុះនេះបានកើតឡើង គឺដោយសារតែផ្នូរបុរាណនោះ ត្រូវបានរកឃើញដោយពួកក្រុមចោរប្លន់ផ្នូរតែម្តង។ ដូច្នេះហើយទើបមន្ត្រីជំនាញស្នើឲ្យបិទភ្នំទាំងមូលដើម្បីការពារផ្នូរបុរាណកុំឲ្យមានការរំលោភបំពាន និងប៉ះពាល់។
តាមរយៈការត្រួតពិនិត្យ និងការជីកកកាយ អ្នកជំនាញបាននិយាយថា នេះជាផ្នូរបុរាណដែលមានអាយុកាលតាំងពីរាជវង្សសុង កាលពី៨០០ ដល់៩០០ឆ្នាំមុន។ ទោះជាយ៉ាងណាក៏ដោយ ក្រុមចោរប្លន់ផ្នូរបានយកវត្ថុបុរាណស្ទើរតែទាំងអស់នៅខាងក្នុង ដោយបន្សល់ទុកតែវត្ថុបុរាណមួយចំនួន ដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។ ដូច្នេះហើយ តម្លៃបុរាណវិទ្យានៃផ្នូរបុរាណនេះ ត្រូវបានកាត់បន្ថយយ៉ាងខ្លាំង។
លោក តុន បន្តថា ផ្នូរដូនតាត្រូវបានគេរំលោភ និងជីក ធ្វើឲ្យលោកខឹងសម្បារយ៉ាងខ្លាំង ព្រោះវាប៉ះពាល់ដល់កិត្តិយសគ្រួសារទាំងមូល។ លោក តុន យល់ថា នេះគឺអំពើចោរកម្មដ៏សាហាវណាស់ ហើយសង្ឃឹមថា អាជ្ញាធរអាចពង្រឹងការស៊ើបអង្កេត និងបង្រ្កាប ដើម្បីកុំឱ្យបទល្មើសនេះកើតឡើងម្តងទៀត៕ រក្សាសិទ្ធិដោយ៖ លឹម ហុង