Monday, September 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ញាក់សាច់! បេក្ខនារី​ម្នាក់ ដោះ​ស្បែកជើង​កែ​ង គប់​លើ​គ​ណ​កម្មា​ការវិនិច្ឆ័​យ ព្រោះ​មិន​ពេញចិត្ត​ការប្រកាស​លទ្ធ​ផល

ថ្មីៗនេះ វីដេអូផ្សាយផ្ទាល់នៃព្រឹត្តិការណ៍ “ការប្រកួតកីឡាកាយវប្បកម្ម និងកាយវប្បកម្មខេត្ត Jiangsu 2023 វគ្គផ្តាច់ព្រ័ត្រ” បានកំពុងរីករាលដាលនៅលើបណ្តាញសង្គមចិនដីគោក។ វីដេអូបានបង្ហាញថា បន្ទាប់ពីការប្រកួត បេក្ខនារីបានថ្លែងអំណរគុណដល់ទស្សនិកជនរួមគ្នា ស្រាប់តែបេក្ខនារីម្នាក់ ខឹងសម្បារយ៉ាងខ្លាំង បានដោះស្បែកជើងកែង មកគប់លើចៅក្រមតែម្តង។

កាសែត The Paper នៅថ្ងៃទី២២ ខែមិថុនា បានរាយការណ៍ថា ករណីដ៏កម្រនេះ ដែលបានកើតឡើងក្នុងព្រឹត្តិការណ៍ប្រកួតកីឡាកាយវប្បកម្មនារី ក្នុងខេត្ត Jiangsu ប្រទេសចិន គឺនៅពេលដែលបេក្ខនារីម្នាក់ បន្ទាប់ពីឮលទ្ធផល ក៏ផ្ទុះកំហឹង និងបញ្ចេញអាកប្បកិរិយាដ៏មិនសមរម្យ គប់ស្បែកជើងកែង ទៅលើគណៈវិនិច្ឆ័យនៅខាងក្រោម។ បន្ទាប់​មក បេក្ខនារីនោះ ​ក៏ត្រូវ​បាន​សន្តិសុខ​បណ្តេញ​ចុះ​ពី​លើ​ឆាកយ៉ាង​លឿន​ រួមជាមួយបេក្ខនារីទាំង៥រូបដទៃទៀតផងដែរ។

យោងតាម ​​Paper បេក្ខនារីផ្ទុះកំហឹងរូបនោះ បាននិយាយថា កាលពីវគ្គជម្រុះកន្លងមក នាងបានជាប់លេខ១ សម្តែងបានល្អ ប៉ុន្តែ បែរបច្ចុប្បន្នមិនបានជាប់ Top 6 បន្ទាប់ពីការប្រកួតឈុតប៊ីគីនី។ ហេតុនេះ នាងមាន​អារម្មណ៍​ថា ការ​ប្រលង​ចំណាត់ថ្នាក់​នេះ​អយុត្តិធម៌ ហើយ​បាន​ប្តឹង​ទៅ​អ្នក​រៀបចំ ប៉ុន្តែ​មិន​មាន​ការ​ឆ្លើយ​តប​ទេ។ ដូច្នេះហើយ នាង​មិន​អាច​រក្សា​សណ្ដាប់ធ្នាប់​របស់​នាង​បាន​ទេ​។

យោងតាមក្រុមហ៊ុន HK01 ការប្រកួតកីឡាកាយវប្បកម្មស្ត្រី ដែលរៀបចំដោយមជ្ឈមណ្ឌលគ្រប់គ្រងកីឡាសង្គម Jiangsu សហការជាមួយអង្គភាពមួយចំនួន គឺមានអ្នកចូលរួមប្រហែល ២០០ នាក់។ បន្ទាប់ហេតុការណ៍នេះ ដែលបានកើតឡើងកាលពីថ្ងៃទី១៨ ខែមិថុនា បង្កឲ្យមានភាពចម្រូងចម្រាស អ្នករៀបចំបានបង្កើតក្រុមមួយ ដើម្បីស៊ើបអង្កេតច្បាប់ និងបទប្បញ្ញត្តិនៃការប្រកួត ដោយសន្យាថានឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ប្រសិនបើមានករណីបំពានច្បាប់។

អ្នក​តំណាង​សម្រាប់​ការ​ប្រកួត​បាន​និយាយថា “យើងតែងតែអនុញ្ញាតិឱ្យបេក្ខជនបេក្ខនារី ធ្វើការតវ៉ា ប្រសិនបើពួកគេមានអារម្មណ៍ថា មានសញ្ញានៃការបំពានច្បាប់នៃការប្រកួត។ ប្រសិនបើមិនពេញចិត្តនឹងពិន្ទុនោះ គឺអាចផ្តល់យោបល់ទាំងស្រុងបាន។ ទោះជាយ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ យើងនៅមិនទាន់មានពាក្យបណ្តឹងរបស់បេក្ខនារីផ្ទុះកំហឹងនោះនៅឡើយទេ”៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×