ថ្មីៗនេះ មហាជននៅលើបណ្តាញសង្គម ពិតជាមានការហួសចិត្តយ៉ាងខ្លាំង ក្រោយពីបានឃើញវីដេអូកំពុងត្រូវបានចែករំលែក បង្ហាញសកម្មភាពស្រីៗវ័យក្មេងមួយក្រុម ដែលគេដឹងថា គឺជាបុគ្គលិកបម្រើការនៅសណ្ឋគារ Four Rivers ស្ថិតក្នុងខេត្តស្ទឹងត្រែង បាននាំគ្នារើសសំរាមនៅមុខសណ្ឋាគាររបស់ខ្លួន គ្រវែងចោលទៅក្នុងទន្លេសេកុង ដោយគ្មានគិតពីផលប៉ះពាល់សោះឡើយ។
នេះបើតាមគណនីហ្វេសប៊ុកឈ្មោះ ឥន្ទ្រី ខ្មៅ បានបង្ហោះវីដេអូពីសកម្មភាពរបស់ក្រុមបុគ្គលិកទាំងនោះ កំពុងរើសសំរាមបោះចោលក្នុងទន្លេ ដោយបានរៀបរាប់ទាំងហួសចិត្តថា៖ បុគ្គលិកសណ្ឋាគារ four Rivers ក្នុងខេត្តស្ទឹងត្រែង យកសំរាមដែលនៅទល់មុខសណ្ឋាគាររបស់ខ្លួន បោះចោលក្នុងទន្លេសេកុង។ នេះគឺជាទង្វើដ៏អាក្រក់ដែលធ្វើអោយជះឥទ្ធិពលដល់សង្គម…»។
ជាក់ស្តែង តាមរយៈវីដេអូដែលត្រូវបានថតដោយពលរដ្ឋមានលំនៅដ្ឋានក្បែរនោះ បានបង្ហាញនារីក្មេងៗប្រមាណ ៦ នាក់ និងស្រ្តីម្នាក់ នាំគ្នារើសសំរាម នៅក្បែរជញ្ជាំងរបងថ្មជាប់ដងស្ទឹង ស្ថិតនៅទល់មុខសណ្ឋាគាររបស់ពួកគេ បោះគ្រវែងចូលទៅក្នុងទឹកស្ទឹង ឲ្យរួចផុតពីដៃ ជាជាងប្រមូលដាក់ថង់ឲ្យបានត្រឹមត្រូវនោះទេ។
ពិតណាស់ បើទោះនេះត្រឹមជាកំទេចកំទីសំរាមក៏ដោយ តែមិនគួរធ្វើបែបនេះឡើយ។ ជាមួយគ្នានេះផងដែរ បងប្អូនអ្នកលេងបណ្តាញសង្គម ក៏សូមឲ្យអាជ្ញាធរមូលដ្ឋាននៅទីនោះ ប្រសិនបានឃើញវីដេអូនៃសកម្មភាពហើយ មេត្តាចុះធ្វើការអប់រំណែនាំផង ព្រោះនេះគឺជាគំរូដ៏អាក្រក់ដល់អ្នកដទៃធ្វើតាម៕ រក្សាសិទ្ធិដោយ៖ លឹម ហុង