Friday, December 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នងការ​ក្រុង​ភ្នំពេញ​បញ្ជាក់ថា អង្គ​សវនាការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដំណើរការ​ទៅ​ដោយ​រលូន រួម​នឹង​ការ​រឹតបន្តឹង​សន្តិសុខ​

ភ្នំពេញ ៖ នៅ​មុខ​តុលាការ​កំពូល ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បានបញ្ជាក់​ថា ការពង្រាយ​កម្លាំង​សមត្ថកិច្ច ដោយ​មាន​ការបិទ​បា​រ៉ាស់ នៅតាម​ដងផ្លូវ​ជុំវិញ​តុលាការ​កំពូល គោលបំណង​ដើម្បី​ការពារ​សន្តិសុខ និង​សណ្តាប់ធ្នាប់ ដើម្បី​ឲ្យ​សវនាការ​រប​ស់​តុលាការ​កំពូល លើ​ការរំលាយ គណបក្ស​សង្គ្រោះ​ជាតិ បាន​ដំណើរការ​ទៅ​ដោយ​រលូន មិន​មាន​ការរំខាន​ណាមួយ​។​

​នា​ព្រឹក​ថ្ងៃទី​១៦​ខែវិច្ឆិកា​ឆ្នាំ​២០១៧​នៅ​មុខ​តុលាការ​កំពូល លោកនាយ​ឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការ​រង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា “​មាន​គេ​ម្នាក់ មក​តាំង​សំណួរ​ជា​មួយ​ខ្ញុំ​ថា​បើ​ឯកឧត្តម​មាន​ប្រសាសន៍​ថា​តុលាការ​កំពូល​បើកសវនាកា​រ​ជា​សាធារណៈ អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​ស្តាប់ ចុះ​ហេតុអ្វី​បានជា​ដាក់​របាំង​ការពារ​និង​កងកម្លាំង​សមត្ថកិច្ច​ច្រើន​ម្ល៉េះ​ហាក់ដូចជា​តឹងរ៉ឹង ? ដូច្នេះ​បានជា​ខ្ញុំ​បញ្ជាក់​ប្រាប់​ទៅ​គាត់​វិញ​ថា បើ​អស់លោក​និយាយ​អីចឹង អស់លោក​ដែល​តាំង​សំណួរ​អញ្ជើញ​ទៅ​នៅ​ច្រក​ថា​តើ​មាន​ការ​រឹតបន្តឹង​មិន​ចូល​ដែរ​អត់​? គឺ​ប្រជាពលរដ្ឋ​ណា​ដែល​មាន​បំណង​ចូល​ស្តាប់​ក្នុង​សវនាការ គេ​អនុញ្ញាតឲ្យ​ចូល​ដោយ​សេរី ប៉ុន្តែ​ការប្រុងប្រយ័ត្ន​លើ​ផ្នែក​សន្តិសុខ​ត្រួតពិនិត្យ​ត្រូវតែ​រឹតបន្តឹង ត្រួតពិនិត្យ​ជាតិ​ផ្ទុះ និង​បញ្ហា​ផ្សេងៗ​ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​អង្គ​សវនាការ ។ នេះ​ជា​រឿង​ធម្មតា​ដែលជា​ជំនាញ​របស់​សន្តិសុខ ដោយ​មិន​អនុញ្ញាតឲ្យ​ចូល​តាម​ស្រេច​តែ​នឹង​ចិត្ត​ចង់​បាន ឬ​តាម​តែ​ចិត្ត​អ្នក​ដែល​មាន​ចិត្ត​ទុច្ចរិត សម្រាប់​សង្គម​ជាតិ​របស់​ខ្ញុំ​នោះ​ទេ ។ ការពង្រាយ​កម្លាំង​សមត្ថកិច្ច​នៅ​ជុំវិញ​តុលាការ​កំពូល ដើម្បី​ការពារ​សន្តិសុខ និង​សណ្តាប់ធ្នាប់ សម្រាប់​ដំណើរការ​សវនាការ មិនមែន​បំភ័យ​ពលរដ្ឋ​នោះ​ទេ គឺ​គោលដៅ​តែ​ម្យ៉ាង​គត់​លើ​កិច្ចការ​សន្តិសុខ​តែប៉ុណ្ណោះ​”​។​

​ជា​ការកត់សម្គាល់ នៅ​ជុំវិញ​បរិវេណ​តុលាការ​កំពូល ដែល​ស្ថិត​នៅក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ គេ​សង្កេត​ឃើញ​កម្លាំង​សមត្ថកិច្ច និង​អាជ្ញាធរ​ជាច្រើន​នាក់ បានដាក់​បា​រ៉ាស់​នៅតាម​ដងផ្លូវ ដើម្បី​មិនឲ្យ​មាន​ក្រុម​តវ៉ា​ណាមួយ ចូល​ទៅ​ស្រែក និង​រំខាន​ដំណើរការ​សវនាកា​ររ​បស់​តុលាការ​កំពូល​នោះឡើយ តែ​សម្រាប់​អ្នកសារព័ត៌មាន​ទាំង​ជាតិ និង​អន្តរជាតិ ត្រូវបាន​អនុញ្ញាតឲ្យ​ចូល​ទៅ​ដល់ តុលាការ​កំពូល​តែ​ម្តង និង​អាចឲ្យ​ចូល​ស្តាប់​សវនាការ​ទៀតផ​ង ដោយ​ហាម​យក​ឧបករណ៍​ថតរូប និង​ថត​សំឡេង ពោល​គ្រាន់តែ​អាច​កត់ត្រា​ប៉ុណ្ណោះ​។​ចំណែក​នៅ​ក្រសួង​ការពារជាតិ ក៏​ត្រូវបាន​ដាក់​កងកម្លាំង​ជាច្រើន​នាក់ ប្រដាប់​ដោយ​អាវុធ ហើយ​រថយន្ត​ក៏​មាន​បំពាក់​កាំភ្លើង​ធុន​ធ្ងន់​ផងដែរ​។​

​លោក គឹម សន្ដិភាព អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ បាន​ចេញ​មក​ពន្យល់​ថា ច្បាប់​បាន​ផ្តល់​អំណាច ដល់​តុលាការ​កំពូល​ទទួល​ពិនិត្យ និង​សម្រេច​លើ​បណ្តឹង​ពាក់ព័ន្ធ​នឹង​ការរំលាយ​គណបក្សនយោបាយ​ដែល​ល្មើសច្បាប់ ហើយ​សេចក្តីសម្រេច​របស់​តុលាការ​កំពូល ពាក់ព័ន្ធ​នឹង​បណ្តឹង​ខាងលើ​នេះ ជា​សេចក្តីសម្រេច​ស្ថាពរ​បិទ​ការតវ៉ា​។​

​លោក គឹម សន្ដិភាព បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា ប្រជា​ពលរដ្ឋ​ខ្មែរ​គ្រប់រូប​មាន​កាតព្វកិច្ច​គោរព​រដ្ឋធម្មនុញ្ញ និង​គោរព​ច្បាប់ ដូច​មាន​កំណត់​ក្នុង​មាត្រា​៤៩ រដ្ឋធម្មនុញ្ញ​នៃ​កម្ពុជា ហេតុ​នេះ​ភាគី​ទាំងអស់​ត្រូវ​គោរព​អនុវត្ត​នូវ​សាលដីកា​ស្ថាពរ​របស់​តុលាការ​កំពូល​។ ការ​មិន​អនុវត្ត​សេចក្តីសម្រេច​របស់​តុលាការ គឺជា​បទល្មើស​ព្រហ្មទណ្ឌ ដែល​មានកំណត់​ក្នុង​ក្រម​ព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​សេចក្ដីអំពាវនាវ​របស់​លោកស្រី មួ​រ សុខ​ហួរ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​នៅ​បរទេស​នោះ បាន ឲ្យ​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ឱ្យទៅ​ប្រមូលផ្តុំ​គ្នា នៅ​មុខ​តុលាការ​កំពូល ប៉ុន្តែ​នៅ​ព្រឹក​ថ្ងៃ​ទី​១៦​ខែ​វិច្ឆិកា​នេះ មិនមាន​អ្នកគាំទ្រ​របស់​បក្ស​ប្រឆាំង​មួយ​នេះ មក​ធ្វើ​ការតវ៉ា​ប្រឆាំងនឹង​ការកាត់ទោស​គណបក្ស​សង្គ្រោះ​ជាតិ​មក​កាន់​មុខ​តុលាការ​នោះ​ទេ​

​ជាមួយនឹង​ព្រឹត្តិការណ៍​នេះ​ផង​ដែរ សភាពការណ៍​ទូទៅ​នៅ​រាជធានី​ភ្នំពេញ មាន​ភាព​ជា​ធម្មតា គ្មាន​អ្វី​ប្រែប្រួល​ទេ សិស្ស​ទៅ​សាលារៀន​ធម្មតា អាជីវករ​ទៅ​លក់ដូរ​ដូច​រាល់ថ្ងៃ គ្រូ​បង្រៀន​ទៅ​បង្រៀន​សិស្ស​ដូច​រាល់ថ្ងៃ កម្មករ​រោងចក្រ​ទៅ​ធ្វើការ​ធម្មតា គ្មាន​ការប្រមូលផ្ដុំ​នោះទេ​។​

​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ខ្លះ​ថា អ្នក​នយោបាយ​ធំៗ​នាំគ្នា​រត់​ទៅ​នៅ​បរទេស មាន សហរដ្ឋអាមេរិក កាណាដា អង់គ្លេស ជប៉ុន ថៃ អស់​សម្ងំសុខ​ខ្លួនឯង បែរ​ជា​អំពាវនាវ​ពលរដ្ឋ​ឱ្យ​គាំទ្រ​ខ្លួន ធ្វើបាតុកម្ម​ជំនួស​ខ្លួន​ទៅ​វិញ​។​

​គួរបញ្ជាក់​ថា​៖​ការបើក​សវនាការ​ជា​សាធារណៈ​លើ​បណ្តឹង​រំលាយ​បក្ស​សង្គ្រោះ​ជាតិ ដោយ​មាន​ចៅក្រម​៩​រូប និង​តំណាង​មហាអយ្យការ​មួយរូប ក្រឡាបញ្ជី​មួយរូប និង​មាន​មេធាវី​ដើមបណ្តឹង​មាន​៤​រូប​។ នៅក្នុង​អង្គ​សវនាការ គឺ​មិន​អនុញ្ញាត ឲ្យ​ថត​សំឡេង និង​ថត​រូបភាព​ទេ​។ អ្នកចូលរួម​តាមដាន​អាច​កត់ត្រា​បាន​។ មន្ត្រី​តុលាការ​បាន​ថ្លែងឲ្យដឹងថា ដំណើរការ​ជំនុំជម្រះ អាច​នឹង​ប្រើ​រយៈពេល​ច្រើន អាច​ពេញ​មួយថ្ងៃ ដើម្បី​ពិនិត្យ​ភស្តុតាង​ជា​ច្រើន​នៅ​ក្នុង​សំណុំរឿង​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

       

×