ដូចដែលប្រិយមិត្តជាច្រើន បានទទួលជ្រាប និងក៏ដូចផ្ទុះការខឹងសម្បាររួចហើយ ក្រោយពីបានឃើញបុរសវ័យក្មេងម្នាក់ បានផលិតវីដេអូសម្តែងខ្លីព្រោះចង់ល្បី «ហូបធុរេន» ដៀលមើលងាយអ្នកស្រែដោយនិយាយបែបនេះថា «នៅស្រុកស្រែមានលុយទិញទុរេនណាស៊ីអា មានតែអ្នកភ្នំពេញទេ បានមានលុយទិញស៊ី ស៊ីហើយបោះចោលទៀតអា ស៊ីសល់ បោះឲ្យឆ្កែស៊ី ស្រុកស្រែមានលុយណាទិញស៊ី ក្រៗសឹងងាប់ហ្នឹង….»។
តែក្រោយវីដេអូស៊ីធុរេន ដៀលអ្នកស្រែពេញៗមាត់នេះរីករាលដាល ក៏បានធ្វើឲ្យអ្នកលេងបណ្តាញសង្គម ចាប់ថ្នាក់បាន គឺតាមពិតទៅ បុរសរូបនេះចេញមកនិយាយបែបនេះ ព្រោះតែចង់ល្បី ជាពិសេសដើម្បីប្រូម៉ូតផលិតឡេរបស់ខ្លួនតែម្តង។ ពិតណាស់ ទន្ទឹមនឹងនេះផងដែរ មហាជនជាច្រើន ក៏បានប្រកាសផ្តាំតៗគ្នាឲ្យឈប់គាំទ្រ និងកុំទិញផលិតរបស់បុគ្គលរូបនេះតទៅទៀត។ ដោយក្នុងនោះ អ្នកលេងបណ្តាញសង្គម និយាយបែបនេះថា៖ «អញខ្ពើមទិញ ព្រោះអញអ្នកស្រែ គ្មានលុយទិញផលិតផលអាសំគិសឯងទេ អញមិនភ្លើ ទិញផលិតផលឯងហើយឲ្យឯងមកដៀលអ្នកស្រែចឹងទេ អាសំគិស អាថោក,…»។
លើសពីនេះ មហាជនមួយចំនួន ក៏បានចោទប្រកាន់ថា ម្ចាស់ក្រុមហ៊ុន គឺច្បាស់ណាស់ ជាអ្នកផ្តួតផ្តើមគំនិតឲ្យបុគ្គលរូបនេះ សម្តែងធ្វើឆ្កួតលីលាបែបនេះតែម្តង ព្រោះតែចង់ឲ្យផលិតផលរបស់ខ្លួនល្បី។
ទោះជាយ៉ាងណា បន្ទាប់ពីបានឃើញមហាជនផ្ទុះប្រតិកម្ម រិះគន់យ៉ាងខ្លាំងៗ ដែលធ្វើឲ្យប៉ះពាល់ដល់ផលិតផលរបស់ខ្លួន នៅទីបំផុត ម្ចាស់ក្រុមហ៊ុន MADAM DA បានចេញមុខច្រានចោលការចោទប្រកាន់នេះ និងបានអះអាងថា ខ្លួនមិនបានចូលរួមគំនិត និងគាំទ្រឲ្យបុគ្គលរូបនេះ តិះដៀលអ្នកស្រែបែបនេះនោះឡើយ។
ម្ចាស់ក្រុមហ៊ុនខាងលើ ក៏បានប្រកាសបញ្ឈប់ការងារបុគ្គលរូបនេះ និងប្រពន្ធរបស់ខ្លួន ដែលជាបុគ្គលិក ចាប់ពីពេលនេះតទៅផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង














