ពិតណាស់ រូបថតរបស់លោក ស៊ិន ស៊ីសាមុត ត្រូវបានចែករំលែកល្បីល្បាញយ៉ាងខ្លាំងនៅលើបណ្តាញសង្គម បន្ទាប់ពីអតីតកីឡាករប្រដាល់ជើងខ្លាំងមួយរូប លោក បឺត សំរេច បានចេញមុខលាតត្រដាងការពិតថា រូបលោកគឺជាកូនប្រុសបង្កើតរបស់លោក ស៊ិន ស៊ីសាមុត។
ទោះជាយ៉ាងណា រូបភាពនៃសកម្មភាពរបស់លោក កាលនៅមានជីវិត គឺកម្របានឃើញណាស់ ដោយគេបានតែត្រឹមឃើញវីដេអូមួយគត់ ដែលត្រូវបានរំលែកដកស្រង់ពីក្នុងរឿង «អប្សរា» ដែលបង្ហាញលោក ស៊ិន ស៊ីសាមុត ច្រៀងជាមួយអ្នកម្នាង សៀងឌី កាលពីអំឡុងឆ្នាំ១៩៦៩។
តែទន្ទឹមនឹងរឿងរបស់លោក បឺត សំរេច នៅតែកំពុងទទួលការចាប់អារម្មណ៍ ពីមហាជននៅលើបណ្តាញសង្គម នៅពេលនេះ ស្រាប់តែមានការចែករំលែកវីដេអូដ៏កម្រមួយទៀត បង្ហាញលោក ស៊ិន ស៊ីសាមុត ដែលស្ថិតក្នុងវ័យជាយុវជន និងស្ថិតក្នុងសម្លៀកជាសិស្សសាលា កំពុងលួចសើចញញឹមយ៉ាងស្រស់ស្រាយ ទៅនឹងសកម្មភាពកំប្លុកកំប្លែងរបស់ក្រុមតារាសម្តែងក្នុងខ្សែភាពយន្តមួយ នៅឆ្នាំ១៩៦៣ រួមជាមួយមិត្តភក្តិជិតស្និទ្ធ៤នាក់ ក្នុងនោះគេក៏បានស្គាល់យ៉ាងច្បាស់ថា ម្នាក់ដែលឈរនៅខាងក្រោយគឺជាលោក សុះ ម៉ាត់ តែម្តង ខណៈលោក ស៊ិន ស៊ីសាមុត អង្គុយនៅចន្លោះកណ្តាល។
លើសពីនេះ អ្វីដែលធ្វើឲ្យមហាជនរំភើប និងគួរឲ្យស្រណោះខ្លាំងនោះ គឺនៅពេលបានស្តាប់បទចម្រៀងរបស់លោក «បុប្ផាកំពង់ហាវ» ដែលត្រូវបានភ្ជាប់អមជាមួយសកម្មភាពថតខ្សែភាពយន្តនេះ គឺពិតជាពិរោះរណ្តំចិត្តណាស់ រហូតដល់ថ្នាក់ម្នាក់ៗលើកសរសើរថា ពិតជាសំឡេងគ្មានគូប្រៀបមែន! សំឡេងគ្មានពីរនៅលើពិភពលោក!៕ រក្សាសិទ្ធិដោយ៖ លឹម ហុង











