ស្ត្រីម្នាក់នៅទីក្រុងសៀងហៃ ប្រទេសចិន បានកំពុងធ្វើឲ្យអ្នកលេងអ៊ីនធើរណែតជាច្រើន ភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីរូបភាពមួយរបស់នាង «ឈរឱបដើមឈើ» ពេលត្រឡប់មកផ្ទះវិញនៅកណ្តាលយប់អាធ្រាត្រ ដោយអះអាងថា វាជួយលើកកម្ពស់អត្ថប្រយោជន៍ផ្លូវកាយ និងផ្លូវចិត្តរបស់នាង។
Qishishiqi បាននិយាយថា នាងចាប់ផ្តើមឱបដើមឈើដំបូង នៅក្នុងខែមេសា ខណៈកំពុងធ្វើដំណើរជាមួយស្វាមី។ ដោយសារមានអារម្មណ៍ស្រវឹង ស្ត្រីរូបនេះក៏បានចុះពីម៉ូតូនៅតាមផ្លូវស្ងាត់មួយ ក្នុងទីក្រុងសៀងហៃ ទៅស្រវ៉ាឱបដើមឈើ ហើយទទួលបានផលវិជ្ជមានភ្លាមៗ។
នាង ក៏បានឲ្យដឹងថា ការឈឺត្រចៀកញឹកញាប់របស់នាង ដែលភាគច្រើនទំនងជាដោយសារតែភាពតានតឹង ទាក់ទងនឹងការងារ ហើយនៅពេលនាងឱបដើមឈើធំមួយ គឺវាហាក់ដូចជា “បាត់ទៅដោយវេទមន្ត” អ៊ីចឹង ។ បទពិសោធន៍ដ៏អស្ចារ្យនេះ បានជំរុញឱ្យនាងមិនត្រឹមតែស្វែងរកដើមឈើផ្សេងទៀតដើម្បីអោបប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចែករំលែករឿងរ៉ាវរបស់នាងជាមួយមនុស្សគ្រប់គ្នា ដើម្បីពួកគេក៏អាចទទួលបានអត្ថប្រយោជន៍ពីវាផងដែរ។
នៅក្នុងការបង្ហោះនៅលើកម្មវិធី Xiaoshomgshu ដែលជាកំណែជាភាសាចិនរបស់ Instagram នាង Qishishiqi បាននិយាយថា នាងមានអារម្មណ៍ធូរស្រាល និងបានជាសះស្បើយ បន្ទាប់ពីបានឱបដើមឈើអាយុមួយពាន់ឆ្នាំ នៅក្នុងព្រៃឧទ្យានជាតិ ក្បែរទីក្រុងសៀងហៃ។ នាងរៀបរាប់ពីអារម្មណ៍ថា “ដើមឈើកំពុងឱបខ្ញុំ” ជួយនាងឱ្យរួចផុតពីបន្ទុកទាំងអស់។
ស្រ្តីរូបនេះ ក៏បានបញ្ជាក់ថា នាងតែងមានអារម្មណ៍ភ័យព្រួយពេលឱបអ្នកដទៃ ព្រោះនាងខ្លាចគេទ្រាំមិនបាននូវថាមពលអវិជ្ជមានរបស់នាង។ ទោះយ៉ាងណាក៏ដោយ ដើមឈើមានភាពខុសប្លែកពីគេ ពីព្រោះ “ពួកវានឹងស្តាប់អ្នកដោយស្ងៀមស្ងាត់ និងអត់ធ្មត់”។
ទោះជាយ៉ាងណា Qishishiqi បាននិយាយថា នាងមិនណែនាំឱ្យជំនួសការព្យាបាលដោយវេជ្ជសាស្ត្រជាក់ស្តែង ជាមួយនឹងការឱបដើមឈើនោះទេ ប៉ុន្តែអ្នកគាំទ្រឱសថបុរាណចិនជឿថា ការឱបដើមឈើមានប្រយោជន៍សម្រាប់ទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្ត ជួយដល់ការគ្រប់គ្រងអារម្មណ៍របស់កុមារ។
ចំណែកវេជ្ជបណ្ឌិត Stone Kraushaar ដែលជាអ្នកចិត្តសាស្រ្តព្យាបាល ដែលដាក់ឈ្មោះថា “The Hug Doctor” ក៏បានអះអាងថា មនុស្សដែលឱបគ្នាយ៉ាងហោចណាស់ ២១ វិនាទី នឹងទទួលបានអត្ថប្រយោជន៍ពីការកើនឡើងនៃការបញ្ចេញអរម៉ូនអុកស៊ីតូស៊ីន។ ទោះជាយ៉ាងណា វាមិនច្បាស់ថាតើការឱបដើមឈើមានឥទ្ធិពលដូចគ្នា ឬយ៉ាងណាទេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង