ថ្មីៗនេះ រឿងរ៉ាវទាក់ទងរូបព្រះពុទ្ធបដិមាដ៏ធំ ដែលមើលទៅមានលក្ខណៈមិនល្អស្អាត ពោលគឺព្រះភក្រ្តបែរជាគួរឲ្យចង់ខ្លាច មិនសមជាព្រះពុទ្ធរូបសោះឡើយ ដែល «ផុស» ចេញពីបរិវេណវត្តវាល ក្រុងពោធិ៍សាត់ បានធ្វើឲ្យមហាជនជាច្រើននៅលើបណ្តាញសង្គម បានសម្តែងការមិនពេញចិត្ត និងរិះគន់ថា កសាងដូចធ្វើលេង គ្មានការយកចិត្តទុកដាក់ គ្មានគំរោងច្បាស់លាស់ កសាងឲ្យរួចតែពីដៃ អស់តែលុយប្រជាពុទ្ធបរិស័ទអត់ប្រយោជន៍ តើនេះជាកំហុសអ្នកណា?!។
ទោះជាយ៉ាងណា ក្រោយករណីនេះ បានបង្កឲ្យមានការវែកញែក និងរិះគន់ ពីសំណាក់មហាជន ខាងរដ្ឋបាលខេត្តពោធិ៍សាត់ ក៏បានទទួលស្គាល់ថា មើលទៅមិនល្អស្អាតពិតមែន ហើយនឹងបន្តធ្វើការត្រួតពិនិត្យ វាយតម្លៃបន្ថែម ដើម្បីកែលម្អនូវចំណុចខ្វះខាត។
នេះបើយោងតាមសេចក្តីបំភ្លឺរបស់រដ្ឋបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ បានជម្រាបជូនសាធារណជន និងបណ្តាញផ្សព្វផ្សាយព័ត៌មានទាំងអស់ឲ្យបានជ្រាបថា៖ តាមការចុះត្រួតពិនិត្យស្រាវជ្រាវ និងវាយតម្លៃរបស់មន្ទីរធម្មការ និសាសនាខេត្ត ព្រះពុទ្ធរូបផ្ចាញ់មា ១ ព្រះអង្គនេះ ត្រូវបានកសាងឡើងតាំងពីឆ្នាំ២០០៦ មកម្ល៉េះ ក្រោមការផ្តួចផ្តើមរបស់ព្រះចៅអធិការវត្តវាល ស្ថិតក្នុងភូមិផ្សារលើ សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
ព្រះពុទ្ធរូបអង្គនេះ កើតចេញរូបរាងឡើងដោយកម្លាំងមហាសាមគ្គីរបស់សប្បុរសជនខ្មែរនានាដែលមានសទ្ធាជ្រះថ្លាក្នុងវិស័យព្រះពុទ្ធសាសនា ហើយសង់ឡើងមានកម្ពស់ ២៩ ម៉ែត្រ ព្រះភ្នែន ២១ ម៉ែត្រ។ តាមព្រះចៅអធិការវត្តវាលព្រះនាម ជុំ សារឿន មានសង្ឃដីកាថា ការកសាងព្រះពុទ្ធរូបផ្ចាញ់មានេះ បានប្រើប្រាស់ជាងដែលមានចំណេះដឹងតិចតួច និងបច្ចេកទេសសូន្យរូបនៅមានកម្រិត ពុំមានរចនាបថបានត្រឹមត្រូវតាមក្បួនខ្នាតនោះទេ ដែលអាចមានការខុសឆ្គងខ្លះៗ។ តាមការពិនិត្យជាក់ស្តែង បើយើងមើលពីមុខ ព្រះភក្ត្រព្រះអង្គ ពិតជាមានទម្រង់សមរម្យជាងមើលពីចំហៀង។
រដ្ឋបាលខេត្តពោធិ៍សាត់ នឹងណែនាំដល់មន្ទីរជំនាញ សហការជាមួយអ្នកបច្ចេកទេស និងព្រះចៅអធិការវត្តដើម្បីបន្តពិនិត្យ និងវាយតម្លៃឲ្យបានល្អិតល្អន់ នូវចំណុចខ្វះខាត ឆ្គាំឆ្គងណាដែលគួរធ្វើការកែលម្អឲ្យបានសមរម្យ។
សូមបញ្ជាក់ថា រឿងនេះបានផ្ទុះឡើង គឺនៅពេលដែលមានផេកថៃមួយ បានយករូបព្រះពុទ្ធបដិមានៅខេត្តពោធិ៍សាត់នេះ ទៅប្រៀបនឹងរូបព្រះពុទ្ធបដិមានៅវត្តមឿង (មានទំហំអាចមើលឃើញពីចម្ងាយដូចគ្នា) ដែលនាំឲ្យមានការចំអកចំអន់ជាសាធារណៈ ខណៈមហាជនរិះគន់ថា ជាងអ្នកធ្វើពុទ្ធបដិមាខ្មែរមិនគោរពតាមក្បួនខ្នាតស្ថាបត្យកម្មបានត្រឹមត្រូវ ជាពិសេសព្រះភក្រ្តព្រះអង្គតែម្តង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង



