Saturday, November 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចេះតែ​ឆ្ងល់ រាល់​បន្ទប់​សណ្ឋាគារ​ក្នុង​ប្រទេស​ជប៉ុន បំពាក់​ពិល​ដ៏​ចម្លែក លុះ​ដឹងការ​ពិ​ត ស្ត្រី​អ្នកទេសចរ​ម្នាក់​ភ្ញាក់ផ្អើល ព្រោះ​មិន​នឹកស្មាន​ថា​ជា…

នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ ថ្មីៗនេះ ស្រ្តីអ្នកទេសចរឈ្មោះ Monica Humphries បានចែករំលែកបទពិសោធន៍ដ៏ស្លុតមួយ នៅលើ Insider ខណៈទៅលេងប្រទេសជប៉ុន រយៈពេល២សប្តាហ៍ ហើយនាងបានដឹងពីរឿងចម្លែកនេះដែលមនុស្សជាច្រើនមិនចាប់អារម្មណ៍ ដែលបន្ទប់សណ្ឋាគារភាគច្រើននៅទីនោះត្រូវបានបំពាក់ដោយពិល។

Monica និយាយ​ថា​៖ «​វា​ជា​អ្វី​ដែល​ខ្ញុំ​មិន​ធ្លាប់​ឃើញ​ក្នុង​បន្ទប់​សណ្ឋាគារ​ ក្នុង​ប្រទេស​ផ្សេងពីមុនមក»​។ ប៉ុន្តែ ក្រោយ​ពី​រក​ឃើញ​មូលហេតុ អ្នក​យក​ព័ត៌មាន​ស្រី​របស់​ក្រុមហ៊ុន Insider ពិតជាមានការ​ភ្ញាក់​ផ្អើលខ្លាំងតែម្តង។

នៅក្នុងការបង្ហោះរបស់នាង Monica បានឲ្យដឹងថា៖ «ខ្ញុំបានរកឃើញអ្វីៗគ្រប់យ៉ាង តាំងពីឧបករណ៍ដេរខ្នាតតូច រហូតដល់ឧបករណ៍ដើរលេងកាត់ព្រៃភ្នំ នៅក្នុងសណ្ឋាគារជុំវិញពិភពលោក។ ដូច្នេះ​ ខ្ញុំ​សប្បាយ​ចិត្ត ដែលបានរកឃើញ​អ្វី​ដែល​ថ្មី​ ក្នុង​កំឡុង​ពេល​ស្នាក់​នៅ​សណ្ឋាគារ​ក្នុង​ប្រទេស​ជប៉ុន​ជា​លើក​ដំបូង ​គឺ​ពិល»។

នៅសណ្ឋាគារ BnA Art ក្នុងទីក្រុងតូក្យូ ពិលតូចមួយត្រូវបានតំឡើងនៅលើជញ្ជាំងក្បែរកុងតាក់ពន្លឺ។ នាងក៏បានគិតថា វាប្រហែលត្រូវបានគេប្រើដើម្បីការពារភ្ញៀវពីការបុកជញ្ជាំង នៅពេលចូលបន្ទប់ទឹកនៅពេលយប់ ឬប្រហែលជាវាជាវិធីដ៏ងាយស្រួលមួយ ក្នុងការរំកិលវ៉ាលីដោយមិនចាំបាច់បើកភ្លើង និងដាស់អ្នកផ្សេងនៅក្នុងបន្ទប់។

ពីរបីថ្ងៃក្រោយមក នាងបានចាកចេញពីសណ្ឋាគារនោះ ហើយទៅសណ្ឋាគារមួយទៀត ហើយនាងក៏បានរកឃើញពិលដូចគ្នានេះ ត្រូវបានដាក់នៅជិតគ្រែផងដែរ។

ក្រោយមក ពេលស្នាក់នៅក្នុងទីក្រុងរីយ៉ូកាន ដែលជាផ្ទះសំណាក់បែបប្រពៃណីរបស់ជប៉ុន នាងបានរកឃើញពិលតូចមួយទៀត។ និយាយរួមទៅ គឺស្ទើរតែគ្រប់ទីកន្លែងដែលនាងស្នាក់នៅ មានពិលតូចមួយនៅលើជញ្ជាំងតែម្តង។

តែទីបំផុត Monica បានស្វែងយល់ និងដឹងច្បាស់ថា តាមពិតទៅភ្លើងពិលជាច្រើន ដែលនាងបានជួបប្រទះ គឺពួកវាមិនត្រឹមតែជាឧបករណ៍សម្រាប់បំភ្លឺពេលចូលបន្ទប់ទឹកនៅពេលយប់ប៉ុណ្ណោះទេ តែវាក៏ជា​ភ្លើង​ពិល​នៅ​ទីនោះ​ សម្រាប់ក្នុង​ករណី​មាន​គ្រោះ​អាសន្ន​ដូច​ជា​រញ្ជួយ​ដីផងដែរ។

យោងតាមការស្ទាបស្ទង់ភូគព្ភសាស្ត្រអាមេរិក ប្រទេសជប៉ុនគឺជាកន្លែងដែលបន្ទះប្លាកែតទ្វីប និងមហាសមុទ្រជួបគ្នា ដែលមានន័យថាការរញ្ជួយដីកើតឡើងញឹកញាប់។ ​ប្រភព​ដដែលក៏​បាន​បញ្ជាក់ឲ្យដឹងថា ជប៉ុន​ជា​ប្រទេស​ដែល​ងាយ​រងគ្រោះ​រញ្ជួយ​ដី​ខ្លាំង​បំផុត ​ក្នុង​ពិភពលោក។

លោក Andres Zuleta ស្ថាបនិកទីភ្នាក់ងារទេសចរណ៍ប្រណិត Boutique Japan បាននិយាយថា «ចាប់តាំងពីការរញ្ជួយដីកើតឡើងជាញឹកញាប់នៅក្នុងប្រទេសជប៉ុន ការត្រៀមខ្លួនសម្រាប់ការរញ្ជួយដី គឺជាអ្វីដែលបង្កប់យ៉ាងជ្រៅនៅក្នុងជីវិតប្រចាំថ្ងៃរបស់ប្រជាជនជប៉ុន»។ .

Zuleta និយាយ​ថា​៖ «​សណ្ឋាគារ​ជប៉ុន​មាន​ពិល​ក្នុង​បន្ទប់​របស់​ពួកគេ ​ជា​ផ្នែក​មួយ​នៃ​ការ​ត្រៀម​ខ្លួន​សម្រាប់​ការ​រញ្ជួយ​ដី​។ ប្រសិនបើការរញ្ជួយដីកើតឡើង វាអាចប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ ដែលមានន័យថា អគ្គិសនី និងពន្លឺអាចនឹងត្រូវបាត់បង់ភ្លាមៗ។ ភ្លើង​ពិល​ត្រូវ​បាន​ដាក់​នៅ​គ្រប់​បន្ទប់ ដូច្នេះ​មនុស្ស​នឹង​មាន​ប្រភព​ពន្លឺ​មួយ​ ដើម្បី​ជួយ​ពួកគេ​ចេញ​ពី​សណ្ឋាគារ​ក្នុង​ករណី​មាន​អាសន្ន»។

ចំណែក Monica វិញ នាងមានអារម្មណ៍រំភើបជាខ្លាំង បន្ទាប់ពីបានដឹងពីអត្ថន័យពិតនៃភ្លើងពិល នៅក្នុងបន្ទប់សណ្ឋាគារជប៉ុន។

នាង​បាន​ចែករំលែក​ថា​៖ «​បន្ទាប់ពី​ឆែកឆេរ​បន្ទប់​ជាច្រើន​ក្នុង​ប្រទេស​ជប៉ុន ខ្ញុំ​មិន​ត្រឹមតែ​ឃើញ​ភ្លើង​ពិល​ជា​ចង្កៀង​សម្រាប់​អាន​ពេល​យប់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ខ្ញុំ​ក៏​មាន​អារម្មណ៍​ធូរស្រាល​ក្នុង​គោលបំណង​ធំ​ជាង​នេះ​ផងដែរ​។​ សំណាង​ហើយ​ដែល​ខ្ញុំ​មិន​ត្រូវការ​វា​ក្នុងអំឡុងពេល​ពួកខ្ញុំ​ទាំងពីរសប្តាហ៍នៅទីនេះ»៕​ រក្សាសិទ្ធិដោយ៖ លឹម ហុង

×