នេះជាហេតុការណ៍គ្រោះថ្នាក់ដ៏ស្លុតរន្ធត់ នៅពេលដែលខ្សែហ្ស៊ីបរ៉ូត បានដាច់ដ៏កម្រ បណ្តាលឲ្យក្មេងប្រុសអាយុ ៦ ឆ្នាំ ម្នាក់ បានធ្លាក់ទៅខាងក្រោម ពីកម្ពស់ជាង ១២ ម៉ែត្រ ស្ថិតនៅចំពោះភ្នែកសមាជិកគ្រួសារ ដែលបានស្រែកយ៉ាងរន្ធត់។
យោងតាមការចុះផ្សាយរបស់កាសែតអង់គ្លេស Daily Mail ឧបទ្ទវហេតុនេះបានកើតឡើងកាលពីថ្ងៃអាទិត្យ ទី២៥ ខែមិថុនា នៅសួនកម្សាន្ត Fundidora ក្នុងរដ្ឋ Nuevo León ភាគឦសានប្រទេសម៉ិកស៊ិកូ។
នៅពេលនោះ ក្មេងប្រុសរងគ្រោះឈ្មោះ César Moreno អាយុ ៦ ឆ្នាំ បានកំពុងជិះខ្សែរ៉កផ្សងព្រេងដ៏គ្រោះថ្នាក់នេះ ឆ្លងកាត់បឹងសិប្បនិម្មិតមួយ ដែលអមដំណើរដោយបុរសម្នាក់ (ទំនងជាឪពុក) ហើយយោងតាមឃ្លីបដែលថតបានដោយសាច់ញាតិរបស់ក្មេងប្រុសនោះ អ្វីៗពីដំបូងគឺធម្មតាទេ។
ទោះជាយ៉ាងណា ខណៈជិះដល់កណ្តាលបឹង ស្រាប់តែ ទំពក់សុវត្ថិភាពបានបាក់ បណ្តាលឱ្យក្មេងប្រុសនោះ ធ្លាក់ពីកម្ពស់១២ម៉ែត្រ ភ្លាមៗតែម្តង។ ហេតុការណ៍នេះបានធ្វើឱ្យមនុស្សគ្រប់គ្នាភ័យតក់ស្លុតយ៉ាងខ្លាំង ជាពិសេសសាច់ញាតិរបស់ César Moreno ដែលពួកគេត្រូវបានគេឮស្រែកនៅក្នុងឃ្លីបដ៏រន្ធត់។ ប៉ុន្តែ សំណាងល្អ ដែលបានមនុស្សចិត្តល្អម្នាក់ ប្រញាប់ប្រញាល់លោតចូលបឹង ដើម្បីសង្គ្រោះ César ភ្លាមៗ។
Nataly Moreno ដែលជាបងស្រីរបស់ក្មេងប្រុសនោះ បាននិយាយថា បុរសនោះស្ទើរតែលង់ទឹកស្លាប់ នៅពេលដែលគាត់ព្យាយាមហែលជួយសង្គ្រោះប្អូនប្រុសរបស់នាង ប៉ុន្តែមិត្តប្រុស និងបងប្រុសរបស់នាង បានលោតចូលទៅក្នុងបឹងយ៉ាងលឿនផងដែរ ហើយនាំពួកគេទៅច្រាំងដោយសុវត្ថិភាព។
យោងតាម Nataly, ឧទ្យានកម្សាន្ត Fundidora នេះ មិនមានបុគ្គលិកចាំបាច់ណាម្នាក់ ដើម្បីត្រៀមជួយសង្គ្រោះប្អូនប្រុសរបស់នាង និងបុរសចិត្តធម៌ដែលបានជួយប្អូនប្រុសរបស់នាងនោះទេ។ ប្រសិនបើគ្រួសាររបស់ពួកគេមិនបានទៅច្រើន និងផ្តល់ជំនួយទាន់ពេលវេលាទេនោះ គឺប្រហែលនឹងមានរឿងឈឺចាប់កើតឡើងហើយ។
Nataly ចែករំលែកបន្ថែមថា៖ “ឧទ្យាននេះមិនមានមនុស្សគ្រប់គ្រាន់ ដើម្បីគ្រប់គ្រងស្ថានភាពនេះទេ ហើយក៏មិនមាននរណាម្នាក់នៅទីនោះ ដើម្បីជួយប្អូនរបស់ខ្ញុំចេញពីទឹកដែរ។ ខ្ញុំសូមអរគុណដល់ព្រះជាម្ចាស់ និងជាពិសេសបុរសចិត្តល្អម្នាក់ ដែលបានជួយប្អូនប្រុសរបស់ខ្ញុំ Cesar ឲ្យមានសុវត្ថិភាព”។
ទន្ទឹមនឹងនេះ សាច់ញាតិម្នាក់ទៀតរបស់ César Moreno គឺ Mayra Hernández ក៏បាននិយាយថា “គ្មានបុគ្គលិករបស់ឧទ្យានណាម្នាក់មានការហ្វឹកហាត់ហែលទឹកណាមួយឡើយ។ សំណាងល្អ ពួកយើងនៅក្បែរ ដូច្នេះយើងអាចនាំក្មេងប្រុសនេះ ឡើងគោកដោយសុវត្ថិភាព”។
ទោះជាយ៉ាងណា ទីភ្នាក់ងារការពារជនស៊ីវិលរដ្ឋ Nuevo León បាននិយាយថា ក្មេងប្រុសនេះមិនមានរបួសអ្វីទេ ហើយអាចដើរបានធម្មតា ជាមួយឪពុកម្តាយ និងសាច់ញាតិដទៃទៀតរបស់គេផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង