ថ្មីៗនេះ បណ្តារូបភាពផ្ទះដ៏ចម្លែកមួយ ត្រូវបានចែករំលែកយ៉ាងផុសផុល នៅលើបណ្តាញសង្គម ដែលធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ពិតណាស់ ទន្ទឹមនឹងនោះ មហាជនជាច្រើនក៏បានរិះគន់ថា សំណង់ផ្ទះនេះអាចធ្វើរំលោភលើចំណីផ្លូវ ឬ ក៏ប្រឡាយអ្វីមួយ។ លើសពីនេះ អ្វីដែលគ្រប់គ្នាព្រួយបារម្ភខ្លាំងនោះ គឺហានិភ័យបង្កគ្រោះថ្នាក់នៃសំណង់នេះតែម្តង ព្រោះថា កម្ពស់ដ៏ខ្ពស់សន្លឹម មើលទៅហាក់មិនសមាមាត្រនឹងទំហំផ្ទះសោះ ដែលខាងចុងទទឹងប្រហែលជាង១ម៉ែត្រប៉ុណ្ណោះ។
ទោះជាយ៉ាងណា ក្រោយឃើញមហាជនជាច្រើន បានផ្ទុះការងឿងឆ្ងល់ និងក៏ដូចការរិះគន់នូវពាក្យមិនសមរម្យផ្សេងៗ ម្ចាស់ផ្ទះបានចេញមុខបកស្រាយបំភ្លឺហើយ។ លោក លី តិចណូ ដែលជាម្ចាស់ផ្ទះកំពុងសាងសង់នេះ បានប្រាប់ឲ្យដឹងថា តាមពិតទៅ ដីផ្ទះរបស់គាត់ មិនមែនទំហំប៉ុណ្ណឹងទេ ប៉ុន្តែ ដោយសារគាត់បានចូលរួមបរិច្ចាគជូនរដ្ឋ ដើម្បីធ្វើប្រឡាយទឹកស្ទឹងមានជ័យ អស់មួយចំណែកធំ ទើបនៅសល់ដីទំហំប៉ុននេះ។ លោកក៏បានអះអាងថា ក្រោយរដ្ឋអភិវឌ្ឍន៍រួច នៅសល់ដីប៉ុណ្ណឹង អាជ្ញាធរមូលដ្ឋានមានការយោគយល់ ក៏បានអនុញ្ញាតឲ្យគាត់មានសិទ្ធិសាងសង់លំនៅដ្ឋានរស់នៅសមរម្យ ដោយមិនបាច់សុំច្បាប់អ្វីនោះទេ។
ម្ចាស់ផ្ទះខាងលើ ក៏បានឲ្យដឹងថា ផ្ទះរបស់គាត់ដែលកំពុងសាងសង់ជិតរួចរាល់នេះ គឺមានកម្ពស់៤ ជាន់, ទំហំបណ្តោយ ១២ ម៉ែត្រ, ក្បាលទទឹងខាងមុខជាង ៤ ម៉ែត្រ និងទទឹងខាងក្រោយប្រហែល ១.៨ ម៉ែត្រ និងមានបន្ទប់ចំនួន ៥ ផងដែរ។
ដោយឡែក ទាក់ទងរឿងដែលគ្រប់គ្នាព្រួយបារម្ភហានិភ័យបាក់រលំ ម្ចាស់ផ្ទះដែលក៏ជាវិស្វករសំណង់មួយរូប បានពន្យល់សូមឲ្យបងប្អូនសាធារណជនកុំបារម្ភអី ព្រោះផ្ទះរបស់គាត់បុកគ្រឹះរឹងមាំណាស់ ហើយម្យ៉ាងវិញទៀត គឺបានធ្វើតភ្ជាប់ពីផ្ទះបងប្អូនសាច់ញាតិរបស់គាត់ ដែលមានកំពស់ស្មើគ្នាផងដែរ មិនមែននៅដាច់ស្រឡះតែឯងនោះទេ។
ទោះជាយ៉ាងណា គាត់បានបញ្ជាក់ថា នៅពេលនេះ ផ្ទះរបស់គាត់ត្រូវបានអាជ្ញាធរ ឲ្យផ្អាកការសាងសង់បណ្តោះអាសន្នសិន រង់ចាំខាងជំនាញថ្នាក់លើពិនិត្យ និងសិក្សាឡើងវិញថា តើការសាងសង់នេះត្រូវតាមក្បួនខ្នាត ដែលអាចបង្កការហានិភ័យ ឬយ៉ាងណា៕ រក្សាសិទ្ធិដោយ៖ លឹម ហុង