នេះអាចចាត់ទុកថាជារឿងថ្មីចែស ដែលកំពុងធ្វើឲ្យមហាជននៅលើបណ្តាញសង្គម សម្តែងការហួសចិត្តយ៉ាងខ្លាំង ក្រោយពីបានឃើញជម្លោះឡើងតឹងសរសៃកដាក់គ្នា រវាងអ្នករត់ម៉ូតូកង់បី (ផាសអាប់) និងអ្នកជិះ ព្រោះតែរឿងលុយថ្លៃជិះកង់បី បង្កការភ្ញាក់ផ្អើលនៅក្រុងព្រះសីហនុ។
ជុំវិញរឿងនេះ បើតាមភាគីអ្នករត់កង់បី បានប្រាប់ក្នុងវីដេអូក្នុងពាក្យសម្តីសមរម្យឲ្យដឹងថា គ្រួសារមួយមានគ្នា៣នាក់ ដែលជាម្ចាស់ហាងលក់សម្លៀកបំពាក់ កាបូប និងស្បែកជើង មួយកន្លែង ស្ថិតនៅផ្លូវអូរសំអាត ក្នុងក្រុងព្រះសីហនុ បានជិះកង់បីរបស់គាត់ ពីផ្សារលើ មកផ្ទះវិញ ក្នុងតម្លៃចរចាគ្នាត្រឹម ៦ ពាន់ រៀល។ ប៉ុន្តែ គ្រួសារនោះ ពុំបានជិះតម្រង់មកផ្ទះទេ ដោយឲ្យគាត់ជិះទៅទិញឥវ៉ាន់កន្លែងផ្សេង ហើយត្រូវរង់ចាំយ៉ាងយូរទៀតផង ទម្រាំទិញរួចរាល់។
បុរសអ្នករត់កង់បីបន្តថា ដោយសារជិះទៅទិញឥវ៉ាន់កន្លែងផ្សេង ហើយត្រូវរង់ចាំយូរ ខាតពេលវេលាបន្តរកស៊ីទៀត ពេលមកដល់គោលដៅផ្ទះ គាត់ក៏សុំឲ្យថែមតែ ២០០០ រៀល ទៀត ប៉ុណ្ណោះ សរុបទាំងអស់ ៨០០០ រៀល ប៉ុន្តែ គ្រួសារនោះបដិសេធឲ្យថែមនោះទេ ក៏កើតការជជែកគ្នាឡើងបែកផ្សែងបែបនេះតែម្តងទៅ។
ចំណែកខាងភាគីអ្នកជិះវិញ ត្រូវបានស្តាប់ឮក្នុងវីដេអូ ស្រែកខ្លាំងៗបែបនេះថា «អើបើអ្ហែងមិនរង់ចាំ អ្ហែងរត់កង់បីធ្វើអី ហើយអ្ហែងមកអូសទាញហៅអញជិះតើ!…» ហើយស្រ្តីចំណាស់ជាម្តាយ ក៏បានបោះពាក្យសម្តីចេញពីមាត់ទ្វារផ្ទះថា «អាល្ងង់ មកពីអ្ហែងល្ងង់…»។ ទោះជាយ៉ាងណា អ្នករត់កង់បីនោះ បាននិយាយតបថា គ្រួសារនេះគ្មានចិត្ត គ្មានគិតពីពេលវេលាការរកស៊ីរបស់គេ ដែលខំចាំរហូតដល់កន្លះម៉ោង រាប់ម៉ោងអ៊ីចឹងទេ។
ទោះជាយ៉ាងណា ជុំវិញរឿងនេះ សូមឲ្យមហាជនពិចារណាមើលចុះថា តើខាងណាខុស ខាងណាត្រូវ! ខណៈភាគីអ្នកជិះជាកូនស្រី បានបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុក ពុំបកស្រាយអ្វីនោះទេ ដោយគ្រាន់តែនិយាយបែបនេះថា៖ «ជេម៉ែខ្ញុំពេញៗមាត់ ហើយកុំគិតថាខ្ញុំចប់ពូ ខ្ញុំមានវីដេអូ អ្នកខំមិនដឹងរឿងអី កុំតែស្កពេក កុំមកដៀលម៉ែខ្ញុំយាយកញ្ចាស់ ប្រយ័ត្នលោកយាយម៉ៅ កាច់បំបាក់កងាប់ទៅ អាអ្នកមិនដឹងខ្យល់»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង












