ដូចដែលប្រិយមិត្តបានទទួលជ្រាបហើយ កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣ មានភ្លៀងធ្លាក់យ៉ាងខ្លាំង ដែលបណ្តាលឲ្យផ្លូវតូចធំ សឹងតែគ្រប់ទីកន្លែងក្នុងរាជធានីភ្នំពេញ ត្រូវទឹកជន់លិចប្រៀបដូចទន្លេអ៊ីចឹង ខណៈផ្ទះសំបែងប្រជាពលរដ្ឋវិញ ក៏ត្រូវលិចលង់ ហើយផ្ទះមួយចំនួនរកកន្លែងដេកពួនគ្មាននោះទេ។
ទោះជាយ៉ាងណា ដោយសារនេះជាគ្រោះធម្មជាតិ ដែលមិនអាចទប់ស្កាត់ ឬធ្វើអ្វីបាន សង្កេតឃើញថា ប្រជាពលរដ្ឋជាអ្នកដំណើរដែលត្រូវជាប់គាំងក្នុងជំនន់ទឹកភ្លៀង បានត្រឹមបានត្រឹមនាំគ្នាសើច និងជួយយកអាសារគ្នាប៉ុណ្ណោះ។ ក្នុងនោះ គេបានឃើញមានប៉ូលិសចរាចរ សន្តិសុខ និងបងប្អូនពូមីងជាច្រើន ជួយរុញម៉ូតូ ឡាន និងជួយបញ្ឆេះម៉ូតូឲ្យគ្នាពោរពេញដោយទឹកចិត្តរីករាយ ខណៈកំពុងជួបការលំបាកតាមដងផ្លូវដែលត្រូវលិចលង់។
ជុំវិញហេតុការណ៍ចេះជួយយកអាសារគ្នា ក្នុងគ្រាដ៏លំបាកលាយឡំនឹងសំណើចនេះផងដែរ នារីម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះ Sreyleak Pich បានបង្ហាញពីអារម្មណ៍ដ៏សែនរំភើប និងដឹងគុណជាខ្លាំង ទៅកាន់បងប្អូនប្រជាពលរដ្ឋល្អៗជាច្រើន ដែលបានជួយយកអាសារដល់នាង ដោយនាងបានបង្ហោះសំណេររៀបរាប់បែបនេះថា៖ «ខ្ញុំចេញពីធ្វើការម្ដុំបឹងកេងកងប្រហែលម៉ោង ៥និង៤៥នាទីល្ងាច ជិះម៉ូតូលើផ្លូវធំក៏ស្ទះ ផ្លូវតូចក៏លិចទឹក។ ជិះចុះជិះឡើងរលត់ម៉ូតូ ដេរក៏មិនឆេះ ធាក់ក៏មិនកើត ក៏ចុះបណ្ដើរម៉ូតូ ដែលមានរលកទឹកលិចត្រឹមភ្លៅ បណ្ដើរយូរៗកាន់តែយឺតទៅៗ ហើយហត់ខ្សោះជាតិទឹក។ ក្នុងចិត្តគិតថាបើបានទៅដល់ផ្ទះឥលូវ នឹងផឹកទឹកឲ្យអស់៥លីត្រ។ ពេលបណ្ដើរហួសបានដល់កន្លែងខ្ពស់ មានបងប្រុសម្នាក់ ដែលពាក់ឯកសណ្ឋានក្រុមហ៊ុនដឹកជញ្ជូនអីវ៉ាន់មួយកន្លែង ដែលខំមកជួយលើកជន្ទល់ម៉ូតូឲ្យ ដោយឃើញខ្ញុំបណ្ដើរម៉ូតូអស់ដៃអស់ជើងកណ្ដាលផ្លូវ ទោះបីជាម៉ូតូគាត់ក៏រលត់ដែរ អរគុណទឹកចិត្តបងខ្លាំងៗ។ ខ្ញុំព្យាយាមធាក់ម៉ូតូផង បង្ហូរទឹកផង នៅតែអត់ឆេះ ក៏មានអ៊ំប្រុសម្នាក់ ដែលកំពុងអង្គុយក្នងឡានពីរនាក់ប្រពន្ធ ខំបើកកញ្ចក់ឡានហើយស្រែកប្រាប់ «ឯងបណ្ដើរម៉ូតូទៅខាងមុខទៀតទៅ មានប្រុសៗមួយក្រុម ចាំជួយធាក់ហើយ» អរគុណអ៊ំ ដែលជួយយកអាសារ»។
ម្ចាស់គណនីខាងលើ បានរៀបរាប់បន្តថា៖ «ពេលបណ្ដើរទៅមុខបន្តិចទៀត ក៏ឃើញដូចអ៊ំអម្បាញ់មិញប្រាប់មែន។ ពេលនោះ មានបងប្រុសសន្តិសុខម្នាក់ពាក់អាវក្រុមហ៊ុនមួយកន្លែង ពណ៌ខៀវ (ផ្លូវជិតស្តុបមុន្នីវង្ស) ដែលខំជួយលើកម៉ូតូ ប្រើកម្លាំងធាក់រហូតដល់ម៉ូតូឆេះវិញ ហើយឆ្លៀតប្រាប់ «ឆាប់មួលម៉ូតូទៅឲ្យលឿនទៅ ប្រយ័ត្នរលត់ទៀត មិនបាច់ជូនលុយទេ» ខ្ញុំនិយាយមែន ជ្រួតជ្រាបអំពើល្អរបស់បង។ ហើយអរគុណដល់បងៗប៉ុន្មាននាក់ និងប៉ូលិស ដែលខំជួយសម្រួលចរាចរណ៍នៅម្ដុំនោះ ក្រោមទឹកភ្លៀងសើមជោគ នៅកណ្ដាលហ្វូងឡាន និងម៉ូតូដ៏អួលអាប់។ បានជិះហើយ តែផ្លូវនៅតែស្ទះ ទៅមុខប្រហែល ១០នាទី ឃើញមានលោកបងមួយអង្គ (មុខវត្តមហាមន្រ្តី) ខំឈរសម្រួលចរាចរណ៍នៅមុខវត្តទាំងសើម ហើយស្រែកប្រាប់ «ញោម! ផ្លូវទៅមុខអត់រួចទេ ជិះទៀតម៉ូតូដឹងតែរលត់ហើយ ជិះចូលក្លោងទ្វាវត្តទៅ ហើយបត់ទៅផ្សារអូឡាំពិក ផ្លូវនៅហ្នឹងខ្ពស់អត់លិចទេ»។ ពេលក្រលេកទៅខាងក្លោងទ្វារវត្ត ក៏ឃើញមានលោកសង្ឃជាច្រើនអង្គទទឹកភ្លៀង កំពុងជួយបញ្ឆេះម៉ូតូអ្នកដំណើរផ្សេងទៀត។ ខ្ញុំខ្លាចម៉ូតូរលត់ ក៏ខំមួលហ្គែរមួយទំហឹង ជិះចូលវត្ត ហើយក៏មានពូម្នាក់មកជួយទប់រួចស្រែក «ជិះបុកលោកឥឡូវហើយ» អ្នកផ្សេងទៀតក៏នាំគ្នាសើច។ ខ្ញុំបានតែស្រែកអរគុណ រួចបន្តជិះចូលក្នុងវត្ត។ ឃើញមានលោកនេនប៉ុន្មានអង្គទៀត ឈរបាំងឆ័ត្របង្ហាញផ្លូវ ឲ្យចេញទៅច្រកមួយទៀត។ រួចខ្ញុំក៏បន្តជិះរហូតបានមកដល់ផ្ទះ។ អំពើល្អពិតជាមាន ហើយអ្នកដែលប្រព្រឹត្តអំពើល្អទាំងនោះសាកសមនឹងទទួលបានការដឹងគុណ និងការសរសើរ ទោះជាតិចក្ដី ច្រើនក្ដី»។
យ៉ាងណាមិញ ការបង្ហោះសាររបស់នាង ឃើញថាបានទទួលការចាប់អារម្មណ៍ និងចែករំលែកឡើងព្រោងព្រាត ពីសំណាក់មហាជនអ្នកលេងបណ្តាញសង្គម៕ រក្សាសិទ្ធិដោយ៖ លឹម ហុង