ភ្លៀងធ្លាក់ខ្លាំងដ៏គំហុក កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣ ថ្មីៗនេះ គឺពុំត្រឹមបណ្តាលឲ្យផ្លូវសឹងគ្រប់ទីកន្លែង ក្នុងទីក្រុងភ្នំពេញ ត្រូវជន់លិចប្រៀបដូចទន្លេប៉ុណ្ណោះទេ តែក៏បណ្តាលឲ្យផ្ទះប្រជាពលរដ្ឋប្រកបរបស់រកស៊ីមួយចំនួន ក៏រងផលប៉ះពាល់ធ្ងន់ធ្ងរផងដែរ ក្នុងនោះជាពិសេសគឺរបស់របរឥវ៉ាន់ ទំនិញ ត្រូវទឹកលិចខូចខាតអស់មិនស្ទើរនោះទេ។
ជាក់ស្តែង តារា TikTok ដ៏ល្បីឈ្មោះ កាកា កាតឿ ដែលបងប្អូនប្រិយមិត្តបានស្គាល់តាមរយៈការសម្តែងវីដេអូខ្លីៗ បង្កសំណើចសប្បាយៗ ក៏យំមិនចេញនោះដែរ ព្រោះតែជំនន់ទឹកភ្លៀង បានចូលក្នុងឃ្លាំងលិចលង់របស់ទ្រព្យ ជាពិសេសទំនិញផលិតផលទើបនាំចូលរាប់ម៉ឺនដុល្លារ ត្រូវលិចក្នុងទឹកយ៉ាងដំណំតែម្តង។
តាមរយៈវីដេអូថតបង្ហាញឲ្យបងប្អូនគ្រប់គ្នាបានឃើញ តារាស្រីរូបនេះ បាននិយាយទាំងអារម្មណ៍បែបនេះថា «បងប្អូនអើយ ឥវ៉ាន់ទើបនាំចូលក្តៅៗ ឥឡូវ ភ្លៀងលិចខ្ទេចខ្ទីអស់ហើយ អស់មិនតិចម៉ឺនដុល្លារទេ អ្នកទាំងអស់គ្នា sad ក៏ sad សើចក៏សើច សប្បាយក៏សប្បាយ មិនដឹងគិតម៉េចទេឥឡូវ!…»។ តែទោះជាយ៉ាងណា កាកា កាតឿ បាននិយាយថា ស្ថានភាពបែបនេះ គឺមែនតែទៅតាមហ្នឹងសិនទៅ ព្រោះធ្វើម៉េចវាជាគ្រោះធម្មជាតិ…។
គួរបញ្ជាក់ថា ក្រៅពីផ្ទះរបស់ កាកា កាតឿ ក៏មានកន្លែងលក់ដូររបស់ប្រជាពលរដ្ឋដទៃទៀត រងផលប៉ះពាល់ធ្ងន់ធ្ងរផងដែរ ដែលក្នុងនោះជាក់ស្តែង ហាងលក់ឥវ៉ាន់ដ៏ធំមួយកន្លែង ដែលមានទីតាំងក្រោយពេទ្យរបេង ផ្លូវ១០៥ ក៏ត្រូវទឹកលិចលង់ អណ្តាតត្រៀបតារពេញក្នុងហាង ដែលឃើញហើយបានត្រឹមសោកស្តាយជំនួសប៉ុណ្ណោះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង















