ជឿថា ប្រិយមិត្តខ្លះក៏បានស្គាល់ និងខ្លះទៀត ក៏ពុំធ្លាប់បានឃើញមុខមាត់ផងដែរ ពីម្ចាស់សំឡេង «ត្រូល ឆាវឆាវ» ហៅថាតាសាមកុក ដ៏ល្បីល្បាញ នៅលើបណ្តាញសង្គមហ្វេសប៊ុក ដែលបានកាត់វីដេអូខ្លីៗ ចេញពីតួសម្តែងរឿងចិន ក្នុងឈុតកាយវិការកំប្លុកកំប្លែង «ត្រូល» បាញ់ទៅកាន់អ្នកលក់ឡេ យាយស្រួយ បង្គួយចឹក និងពិសេសបាញ់តភាគទៅកាន់ អ៊ីអ៊ី យុវតីកូនកាត់ខ្មែរ-កូរ៉េដ៏ស្រស់ស្អាត និយាយប៉ៃឡាំៗ ដែលធ្វើឲ្យទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង ពីអ្នកលេងបណ្តាញសង្គម។
តែអ្វីគួរឲ្យភ្ញាក់ផ្អើលខ្លាំងនោះ គឺថ្មីៗនេះ លោក អ៊ុយ រិទ្ធី ដែលត្រូវបានស្គាល់ថាជាម្ចាស់សំឡេង «ត្រួល ឆាវឆាវ» ត្រូវបានតែងតាំងជាសមាជិកក្រុមលេខាសម្តេចតេជោ ហ៊ុន សែន និងមានឋានៈស្មើប្រធាននាយកដ្ឋាន។
នេះបើយោងតាមអនុក្រឹត្យ ស្តីពីការតែងតាំងមន្រ្តីរាជការ រាជរដ្ឋាភិបាល កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣ បានឲ្យដឹងថា តែងតាំង និងផ្តល់ឋានៈលោក អ៊ុយ រិទ្ធី ជាសមាជិកក្រុមលេខាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើប្រធាននាយកដ្ឋាន។
ក្នុងអនុក្រឹត្យ ក៏បានបញ្ជាក់បន្ថែមថា រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ រដ្ឋមន្រ្តីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាម៉ីខ្លួនដូចមានចែងក្នុងមាត្រា១ខាលើ ត្រូវអនុវត្តអនុក្រឹត្យនេះចាប់ពីថ្ងៃចុះហត្ថលេខាងតទៅ។
គួរបញ្ជាក់ថា លោក អ៊ុយ រិទ្ធី បានធ្វើឲ្យសម្តេចតេជោ ចាប់អារម្មណ៍ និងកោតសរសើរយ៉ាងខ្លាំង ចំពោះឃ្លីបរបស់លោក ដែលបានត្រួល សូមឲ្យបងប្អូនប្រជាជនកម្ពុជា កុំភ្លេចទៅបោះឆ្នោតទាំងអស់គ្នាជូនគណបក្សប្រជាជន កុំជឿតាមការបំផុសបំផុល របស់ក្រុមបក្សប្រឆាំង ដែលនៅតែឯបរទេស មិនដឹងថា នៅស្រុកខ្មែរអភិវឌ្ឍន៍ រីកចម្រើនដល់ណាទៅហើយនោះ… ហើយជាមួយគ្នានោះ សម្តេចតេជោ ក៏បានណែនាំឲ្យក្រុមការងារគណបក្សប្រជាជនកម្ពុជា នៅតាមមូលដ្ឋានចាក់ឃ្លីបត្រូលឆាវឆាវនេះ ឲ្យបានទូលំទូលាយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង







